សារព័ត៌មាន CNN ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ អោយ​ដឹង​ថា ខ្មាន់កាំភ្លើង​បាន​ធ្វើ​សកម្មភាព​បាញ់​រះ​នៅ​ក្នុង​ព្រះ​វិហារ​មួយ​កន្លែង​ក្នុង​រដ្ឋ Texas សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​២៦​នាក់ និង​២០​នាក់​ទៀត​បាន​រង​របួស ។

អភិបាល​រដ្ឋ Texas លោក Greg Abbott បាន​ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​បាញ់​រះ​នៅឡើយ​ទេ​ថា តើ​ជា​អំពើ​ភេរវកម្ម​ឬ​យ៉ាងណា​នោះ ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុង​ស៊ើបអង្កេត ។

លោក Greg Abbott បាន​បញ្ជាក់​ថា ព្រះ​វិហារ​ជា​កន្លែង​ដែល​ទម្លាក់អាវុធ​ចុះ ចាប់​យក​ព្រះធម៌ ប៉ុន្តែ​មិន​គួរ​ណា កើត​មាន​អំពើ​បាញ់ប្រហារ​យ៉ាង​រន្ធត់​នេះ​កើតឡើង​នោះ​ឡើយ ។ ជន​រង​គ្រោះ​បាត់បង់​ជីវិត មាន​ទាំង​ក្មេង ទាំង​ចាស់ មាន​ទាំង​អាចារ្យ និង​សាសនិក​បរិស័ទ ។

សាក្សី​ឃើញ​ហេតុការណ៍​ឲ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​បាន​ចូល​ទៅ​កាន់​ព្រះ​វិហារ​មុន​ពេល​ព្រះអាទិត្យ​រះ ហើយ ខណៈ​ដែល​មនុស្ស​ម្នា​ប្រមាណ​ជាង​៥០​នាក់​ចូលរួម​កម្មវិធី​ដូច​សព្វមួយដង​នោះ ខ្មាន់កាំភ្លើង​ចាប់ផ្តើម​បាញ់​រះ​តែ​ម្តង​បណ្តាល​ឲ្យ​ស្លាប់​ជាង​២៦​នាក់ និង​ជាង​២០​នាក់​ទៀត​រង​របួស​។ កុមារ​អាយុ​២​ឆ្នាំ​ក៏​រង​នូវ​ការ​បាញ់ប្រហារ​នេះ​ដែរ ។

ខ្មាន់កាំភ្លើង ត្រូវ​ប៉ូលិស​បាញ់​សម្លាប់ ខណៈ​ព្យាយាម​បើករថយន្ត​រត់គេច​ខ្លួន ។

ព័ត៌មាន​ទាក់ទង​ជាមួយ​ជន​ដៃដល់​ខាងលើ​ត្រូវ​គេ​រាយការណ៍​ថា មានឈ្មោះ Devin Patrick Kelley វ័យ ២៦​ឆ្នាំ ហើយ​ក្រោយ​ពេល​កើតហេតុ ជន​រូប​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ស្លាប់​បន្ទាប់​ពី​មានការ​បើករថយន្ត​ប្រដេញ​ពី​សំណាក់ កងកម្លាំង​ប៉ូលិស​អស់​មួយ​រយៈពេល​ខ្លី​។ យោង​តាម​អ្នកនាំពាក្យ​កងទ័ពអាកាស​អា​មេ​រិ​ក កាលពី​ឆ្នាំ​២០១២ លោក Kelly ត្រូវ​បាន​តុលាការយោធា កាត់ទោស​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ និង​កូន​របស់​លោក​។

ក្រោយមក​នៅ​ឆ្នាំ​២០១៤ អតីតមន្ត្រី​យោធា​រូប​នេះ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ និង​ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈពេល ១២​ខែ ហើយ​ត្រូវ​បាន​ទម្លាក់​តំណែង​ថែម​ទៀត​ផង ។

ម្យ៉ាងវិញទៀត បើ​តាម​អាជ្ញាធរ​អា​មេ​រិ​ក អាវុធ​ដែល​ជន​ដៃដល់​រូប​នេះ បាន​ប្រើប្រាស់​ដើម្បី​ធ្វើ​សកម្មភាព គឺ​ប្រភេទ​កាំភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ធុន AR-15 ជា​ប្រភេទ​កាំភ្លើង​រះ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ទឹកដី​អា​មេ​រិ​ក​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ មាន​អំពើ​វាយប្រហារ​ភេរវកម្ម​កើតឡើង​បន្តបន្ទាប់​បណ្តាល​ឲ្យ​ស្លាប់ និង​រង​របួស​មនុស្ស​ច្រើន​នាក់ រួម​មាន​ករណី​នៅ​ទីក្រុង Las Vegas, នៅ​សាលា​បឋម​សិក្សា Sandy Hook និង​នៅ​ក្លឹ​ប​កម្សាន្ត​រាត្រី​នៃ​ទីក្រុង Orlando ជាដើម ៕

Comments

comments