កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​ជប៉ុន មាន​តម្លៃ​ជា​ទឹកប្រាក់ ៩៥៤ លាន​ដុល្លារ​ក្នុង​រយៈពេល ៩ ខែ​ដំបូង​ឆ្នាំ ២០១៧ នេះ​កើនឡើង ២ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ជា​កំណើន​ទាប​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់ពី​ឆ្នាំ ២០០៨ មក​។ នេះ​បើ​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO)​។

នេះ​ជា​លើក​ដំបូង​ដែល​កម្ពុជា​ទទួល​បាន​កំណើន​នៃ​ការ​នាំ​ចេញ​ទៅ​ជប៉ុន​តែ​មួយ​ខ្ទង់ ខណៈ​ទិន្នន័យ JETRO បង្ហាញ​ថា កន្លង​មក​ទឹកប្រាក់​នៃ​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន​តែង​មាន​កំណើន​ប្រចាំឆមាស និង ប្រចាំឆ្នាំ​ដល់​ទៅ ២ ខ្ទង់​លើកលែងតែ​ឆ្នាំ ២០០៨ ដែល​មានការ​ប៉ះពាល់​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​។

បើ​គិត​ពី​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​ទៅ​ជប៉ុន​រយៈពេល ៩ ខែ​ដំបូង​ឆ្នាំ ២០១៦ កម្ពុជា​សម្រេច​បាន ៩៣៤ លាន​ដុល្លារ កើនឡើង​ដល់​ទៅ ២៨ ភាគរយ​ពី​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​ក្នុង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០១៥​។

ការ​នាំ​ចេញ មួយ​ឆ្នាំ​ពេញ​កាលពី​ឆ្នាំ ២០១៦ សម្រេច​បាន ១,២ ពាន់​លាន​ដុល្លារ កើន ២៤,៥ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៥​។

ទឹកប្រាក់​នៃ​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន បាន​ចាប់ផ្តើម​កើនឡើង​ខ្លាំង​ចាប់ពី​ឆ្នាំ ២០១៣ បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​កំណើន​វិនិយោគ​ផ្ទាល់​ពី​ជប៉ុន​ដែល​បាន​បោះទុន​វិនិយោគ​ជា​បន្តបន្ទាប់​លើ​រោងចក្រ​ឧស្សាហកម្ម​ផលិត​ទំនិញ ហើយ​នាំ​ចេញ​ទៅ​ជប៉ុន​វិញ​។

កាលពី​ឆ្នាំ ២០១៦ វិនិយោគ​ផ្ទាល់​ជប៉ុន​នៅ​កម្ពុជា​ដែល​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន​ទឹកប្រាក់​រហូត​ដល់ ៨២២ លាន​ដុល្លារ​។

ខណៈ​ដែល​វិនិយោគ​ផ្ទាល់​ពី​ជប៉ុន​មក​កម្ពុជា​នៅ​បន្ត​កើនឡើង ទិន្នន័យ​វិនិយោគ​បង្ហាញ​ថា ការ​វិនិយោគ​របស់​ជប៉ុន​ក្នុង​គម្រោង​បង្កើត​រោងចក្រ​បាន​ថមថយ ហើយ​មានការ​កើនឡើង​ខ្លាំង​ផ្នែក​អាជីវកម្ម​លក់រាយ​ដូច​ជា ផ្សារ​ទំនើប ភោជនីយដ្ឋាន និង​សេវាកម្ម​ផ្សេង​ៗ​ជាដើម​ដែល​សំដៅ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​។

អ្នកវិភាគ​ធ្លាប់​លើក​ឡើង​ថា ការ​ប្រែប្រួល​គម្រោង​វិនិយោគ​ជប៉ុន​ទៅ​លើ​វិស័យ​លក់រាយ​នេះ​អាច​ធ្វើ​ឲ្យ​ការ​នាំ​ចេញពី​កម្ពុជា ទៅ​ជប៉ុន មានការ​ថមថយ​៕

ប្រភព P POST

Comments

comments