អ្នកជំនាញ​ខាង​សេដ្ឋកិច្ច និង​សហជីព​លើក​ឡើង​ថា ការ​នាំ​ចេញ​វិស័យ​សំលៀក​បំពាក់ និង​ស្បែកជើង​មាន​ចំនួន​កើនឡើង ឬ​ធ្លាក់​ចុះ​នោះ អាស្រ័យ​លើ​ស្ថានភាព​នយោបាយ​ល្អ ឬ​អាក្រក់​នៅ​កម្ពុជា​។ ក្រុម​សហជីព​លើក​ឡើង​ថា នៅ​រៀង​រាល់​ស្ថានភាព​នយោបាយ​ជាប់​គាំង ឬ​មិនល្អ​នោះ ទំហំ​នៃ​ការ​នាំ​ចេញ​ក៏​ធ្លាក់​ចុះ​ដែរ​។

អ្នកជំនាញ​ខាង​សេដ្ឋកិច្ច និង​តំណាង​សហជីព​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ការ​នាំ​ចេញ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង​នេះ ស្រប​ពេល​ការ​នាំ​ចេញ​នៅ​ដើមឆ្នាំ​២០១៧ មាន​ចំនួន​កើនឡើង​តិច​តូច​នៅឡើយ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា បាន​ចេញ​របាយការណ៍​នាំ​ចេញ​សំលៀក​បំពាក់ និង​ស្បែកជើង​ក្នុង​រយៈពេល ៦​ខែ ដើមឆ្នាំ​២០១៧ គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៣.៧០០​លាន​ដុល្លារ (៣.៧៣០,៣)​។ របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បង្ហាញ​ថា ការ​នាំ​ចេញ​កាលពី​ឆ្នាំ​២០១៥ មាន​ចំនួន ៦.៨០០​លាន​ដុល្លារ ឆ្នាំ​២០១៦ មាន ៧.៣០០​លាន និង​សម្រាប់​ឆ្នាំ​២០១៧ ការ​ព្យាករ​ចន្លោះ​ពី ៧.៨០០​លាន ទៅ ៨.០០០​លាន​ដុល្លារ​អា​មេ​រិ​ក​។

សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា រយៈពេល ៦​ខែ​ដើមឆ្នាំ​នេះ ទំហំ​នាំ​ចេញ​នៅ​មាន​កំណើន​តិចតួច​នេះ ដោយសារ​តែ​ស្ថានភាព​នយោបាយ​នៅ​ដើមឆ្នាំ​២០១៧ មិន​ទាន់​មាន​ភាព​តានតឹង​ខ្លាំង​នៅឡើយ​។ បញ្ហា​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​រយៈពេល ៦​ខែ​ចុងឆ្នាំ​២០១៧ ការ​នាំ​ចេញ​នៅ​តែ​បន្ត​កើនឡើង ឬ​ថយ​ចុះ​នោះ​ឡើយ​៖ «​បើសិនជា​នយោបាយ​មាន​ស្ថិរភាព អ្នក​វិនិយោគ​អាច​មាន​ឧបសគ្គ​ដែរ ប៉ុន្តែ​ដល់​ឥឡូវនេះ​មាន​បញ្ហា​នយោបាយ​ហ្នឹង​ក៏​វា​ប៉ះពាល់​ដែរ​។ និយោជក​ដាក់​ទុក​ទៅ​ប្រទេស​ណា​ក៏​ដោយ អោយ​តែ​ជិត​បោះ​ឆ្នោត គេ​តែងតែ​ពិចារណា ឬ​ក៏​ស្ថានភាព​នយោបាយ​មិន​ស្រួល​គេ​តែង​ពិចារណា​បញ្ជា​ទិញ​បន្ថែម​អី​អ៊ីចឹង​»​។

ប្រតិភូ​សហភាព​អឺរ៉ុប កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ព្រមាន​ថា កម្ពុជា​នឹង​អាច​ប្រឈម​ពី​ការ​កាត់​ជំនួយ និង​ការ​ពិនិត្យ​ឡើង​វិញ​ចំពោះ​វិស័យ​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង និង​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយសារ​តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​។

ការ​នាំ​ចេញ​វិស័យ​វាយ​ន​ភណ្ឌ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នោះ គឺ​មាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ជប៉ុន និង​កា​ណា​ដា​។ ទីផ្សារ​ដែល​ធំ​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ទាំងនេះ គឺ​ទីផ្សារ​សហភាព​អឺរ៉ុប និង​បន្ទាប់​មក​សហរដ្ឋអាមេរិក ដែល​ប្រភេទ​ទំនិញ​ខ្លះ អា​មេ​រិ​ក​អនុគ្រោះ​ពន្ធ និង​យកពន្ធ​តិច​តូច​ជាទី​ផុត​។

អ្នកជំនាញ​ខាង​កសិកម្ម និង​សេដ្ឋកិច្ច និង​ជា​អតីត​ប្រធាន​អង្គការ​សេ​ដាក លោក យ៉ង សាំង​កុមារ ធ្លាប់​ឲ្យ​ដឹង​ថា កម្ពុជា​មិន​អាច​ពឹងផ្អែក​លើ​វិស័យ​វាយ​ន​ភណ្ឌ​ក្នុង​ការ​ជំរុញ​ឲ្យ​សេដ្ឋកិច្ចជាតិ​មានការ​រីក​ចម្រើន​ខ្លាំង​បាន​ទេ លុះត្រាតែ​រដ្ឋាភិបាល​ត្រូវ​មាន​គោលនយោបាយ​កសិកម្ម​ដែល​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​នយោបាយ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​វិស័យ​វាយ​ន​ភណ្ឌ និង​វិស័យ​កសិកម្ម ដែល​កសិផល​គ្មាន​ទីផ្សារ និង​តម្លៃ​ថោក​ជាដើម​។

នៅ​រយៈពេល​ពីរ​បី​ខែ​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន ហាក់បីដូចជា​សម្ដែង​ការ​យកចិត្តទុកដាក់​ដល់​កម្មករ ដោយ​លោក​រៀបចំ​ជួបជុំ​កម្មករ​រាប់​ម៉ឺន​នាក់​ជា​រៀង​រាល់​ស​ប្ដា​ហ៍​។ ទន្ទឹម​នឹង​នេះ និយោជក និង​រដ្ឋាភិបាល​សន្យា​ផ្ដល់​ជូន​ប្រាក់ខែ​ជូន​កម្មករ​ឲ្យ​បាន ១៧០​ដុល្លារ​ក្នុង​១​ខែ ចាប់ពី​ឆ្នាំ​២០១៨ ទៅ​។

តំណាង​សហជីព​លើក​ឡើង​ថា ថ្វីបើ​វិស័យ​វាយ​ន​ភណ្ឌ​មាន​ឥទ្ធិពល និង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្ដី ប៉ុន្តែ​វិស័យ​នេះ​នៅ​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ រួម​មាន​កម្ពុជា មិនមែន​ជា​ប្រទេស​ផលិត​វត្ថុធាតុដើម គឺ​នាំ​ចូល​ពី​ក្រៅប្រទេស ហើយ​គ្រាន់តែ​ជា​កន្លែង​កាត់ និង​ដេរ ដែល​ប្រាក់​ចំណូល​ពី​វិស័យ​វាយ​ន​ភណ្ឌ​ត្រូវ​ចំណាយ​លើ​វត្ថុធាតុដើម​ជាង ៦០%​។ បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ទឹក​ភ្លើង​ថ្លៃ សេវាកម្ម ការ​គោរព​លក្ខខណ្ឌ​ការងារ និង​ការ​គោរព​សិទ្ធិ​មនុស្ស និង​ស្ថានភាព​នយោបាយ​កំពុង​ជាប់​គាំង និង​បង្ក​ហានិភ័យ​ដល់​អ្នក​វិនិយោគ និង​សង្គម​កម្ពុជា ទាំងមូល​៕

Comments

comments