ក្រុមហ៊ុន​សន្តិសុខ​ព័ត៌មានវិទ្យា វ៉ូ​ឡិច​ស៊ី​ធី (Volexity) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក រាយការណ៍​ថា ក្រុម​ចោរ​ព័ត៌មានវិទ្យា​ឈ្មោះ ផ្កាឈូក​សមុទ្រ អូ​ស៊ី​ន​ឡូ​ថិ​ស (OceanLotus) ដែល​គេ​ជឿជាក់​ថា មាន​ប្រភព​មក​ពី​ប្រទេស​វៀតណាម កំពុង​បើក​យុទ្ធនាការ​តាមដាន​ឈ្លប​មើល និង​វាយប្រហារ​លុកលុយ​តាម​បណ្ដាញ​ព័ត៌មានវិទ្យា សំដៅ​ជា​ពិសេស​លើ​ប្រទេស ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រុម​អង្គការសិទ្ធិមនុស្ស និង​សង្គម​ស៊ី​វិល ក្នុង​សហគមន៍​អាស៊ាន​។

ក្រុមហ៊ុន​អា​មេ​រិ​កាំ​ង​ដដែល​នេះ លាតត្រដាង​ថា ការ​បើក​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ពី​សំណាក់​ក្រុម​ចោរ​ព័ត៌មានវិទ្យា OceanLotus ឬ​ហៅ​ថា APT៣២ នេះ ធ្វើ​ឡើង​តាម​រយៈ​គេហទំព័រ (Website) យុទ្ធសាស្ត្រ​មួយ​ចំនួន ដែល​ក្រុម​នេះ​លួច​ចូល​ទៅ​គ្រប់គ្រង​បាន ដោយ​ប្រើ​នូវ​វិធីសាស្ត្រ បច្ចេកទេស និង​ទម្រង់​វាយប្រហារ ប្រកបដោយ​ភាព​ស្មុគស្មាញ​។

ក្រុមហ៊ុន​សន្តិសុខ​ព័ត៌មានវិទ្យា​ដដែល​នេះ ជឿ​ថា ទំហំ និង​កម្រិត​នៃ​យុទ្ធនាការ​វាយប្រហារ​នេះ មាន​ប្រសិទ្ធភាព​ស្ទើរ​ប្រៀប​បាន​នឹង​ក្រុម​ចោរ​ព័ត៌មានវិទ្យា​រុ​ស្ស៊ី ឈ្មោះ​ថា ក្រុម ថឺ​រ​ឡា (Turla) ។ ក្រុម​ចោរ​ព័ត៌មានវិទ្យា OceanLotus ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​វៀតណាម​នេះ បាន​បើក​ប្រតិបត្តិការ​ដោយ​ជោគជ័យ ដោយ​ពុំ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​រដ្ឋាភិបាល ទៅ​លើ​គេហទំព័រ​ល្បីឈ្មោះ​ជា​ច្រើន ក្នុង​តំបន់​អាស៊ាន​នេះ ចាប់តាំងពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ​។

សម្រាប់​ប្រទេស​កម្ពុជា គេហទំព័រ​សំខាន់​ៗ​មួយ​ចំនួន ដែល​ក្រុម​ចោរ​ព័ត៌មានវិទ្យា​នេះ លួច​ចូល​ទៅ​គ្រប់គ្រង​បាន រួម​មាន គេហទំព័រ​របស់​ក្រសួងការបរទេស ក្រសួងបរិស្ថាន ក្រសួង​មុខងារសាធារណៈ អគ្គស្នងការ​នគរបាល​ជាតិ ក្រសួង​ទំនាក់ទំនង និង​អធិការកិច្ច​រដ្ឋសភា និង​ព្រឹទ្ធសភា ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​។ អាស៊ី​សេរី នៅ​មិន​ទាន់​អាច​សុំ​ការ​ពន្យល់​បំភ្លឺ​ពី​មន្ត្រី​ព័ត៌មានវិទ្យា​ដែល​គ្រប់គ្រង​គេហទំព័រ​របស់​ស្ថាប័នរដ្ឋ​ទាំងនេះ បាន​នៅឡើយ​ទេ ជុំវិញ​ករណី​នេះ គិត​ត្រឹម​ម៉ោង​ផ្សាយ យប់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា​៕