ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ថ្កោលទោស​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​បង្ខំ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា គ្មាន​ឯកភាព​ជាតិ និង​កំពុង​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​។ អង្គការ​ដដែល​បាន​បង្ហាញ​ទៀត​ថា សកម្មភាព​បែប​នេះ ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ​។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចាត់​ទុក​សកម្មភាព​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បង្ខំ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ថា បាន​អនុវត្ត​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ និង​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ឆ្នាំ​១៩៩១​។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែ​ន ណាត បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា បាន​ចាត់​ទុក​ការ​ប្ដេជ្ញា​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀ​ន ស៊ុ​ង​ហ្វ៊ុ​ក (Nguyen Xuan Phuc) ថា​នឹង​បញ្ចប់​ការ​បោះបង្គោល​ព្រំដែន​ឲ្យ​រួចរាល់​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នោះ គឺជា​ការ​នាំ​ឲ្យ​កម្ពុជា ខាតបង់​យ៉ាងធ្ងន់ធ្ងរ​។

ការ​ប្ដេជ្ញា​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​មេដឹកនាំ​ទាំង​ពីរ​ក្នុងអំឡុងពេល​ប្រជុំ​កំពូល អេ​ប៉ិច (APEC) កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ខេត្ត​ដា​ណា​ង ប្រទេស​វៀតណាម​។

លោក ម៉ែ​ន ណាត ថ្លែង​ថា លោក​មិន​ឯកភាព​ចំពោះ​ការ​បង្ខំ​បោះបង្គោល​ព្រំដែន រវាង​មេដឹកនាំ​កម្ពុជា និង​វៀតណាម ក្នុង​ពេល​ប្រទេស​កម្ពុជា មិន​ទាន់​មាន​ឯកភាព​ជាតិ​នេះ​ទេ​៖ «​បើ​យើង​បង្ខំ​បោះបង្គោល​ព្រំដែន​ទាំង​តក់ក្រហល់​បែប​នេះ មាន​ន័យ​ថា យើង​កំពុង​បម្រើ​តាម​ការ​ចង់បាន​របស់​វៀតណាម​។ បញ្ហា​នេះ យើង​ត្រូវ​តែ​រង់ចាំ​ឲ្យ​កម្ពុជា មាន​ឯកភាព​ផ្ទៃក្នុង​ជាតិ​ជា​មុន​សិន គឺ​គ្រប់​ភាគី​នយោបាយ មិន​ថា​អ្នក​ជំនាញការ​ព្រំដែន និង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ទេ ត្រូវ​តែ​មានឱកាស​ជួប​ជជែក​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ត្រឹមត្រូវ​រវាង​បញ្ហា​ព្រំដែន​នេះ ពីព្រោះ​រឿង​នេះ​ធ្ងន់ធ្ងរ​ណាស់ និង​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ជាតិ​យើង​។ ឥឡូវនេះ​យើង​ឃើញ​ស្រាប់​ហើយ ប្រទេស​ទាំង​ពីរ​បាន​បង្ខំ​បោះបង្គោល​ព្រំដែន​ថ្មី​ៗ ហ្នឹង​នៅ​ខេត្តព្រៃវែង បង្គោល​ធំ និង​នៅ​ខេត្តក្រចេះ បង្គោល​ធំ​ហ្នឹង​គឺ​បាន​បោះ​រួច​ហើយ​ៗ នៅ​បោះបង្គោល​រណប​មួយ​ចំនួន​ទៀត​ហ្នឹង គឺ​វា​មិនជា​ល្អ​ទេ​»​។

អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង​លោក វ៉ា គឹ​ម​ហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​លោក​បណ្ឌិត សុខ ទូច ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា តាម​ទូរស័ព្ទ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​១៣ ខែវិច្ឆិកា​។

អនុប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា អ្នកស្រី កុយ ពិសី បាន​បញ្ជាក់​ប្រាប់​កាសែត​ក្នុងស្រុក​កាលពី​ស​ប្ដា​ហ៍​មុន​ថា កម្ពុជា​-​វៀតណាម បាន​បោះបង្គោល​ព្រំដែន​ធំ នៅ​ខេត្តព្រៃវែង ជាមួយ​ខេត្ត​ដុ​ង​ថាប់ និង​ខេត្តក្រចេះ ជាមួយ​ខេត្ត​ប៉ិ​ញ​ភឿ​ក រួចរាល់ ១០០​ភាគរយ​ហើយ ហើយ​ភាគី​ទាំង​ពីរ​ត្រូវ​បន្ត​បោះបង្គោល​ព្រំដែន​បន្ថែម​មួយ​ចំនួន​ទៀត​ឲ្យ​ចប់​នៅ​ដំណាច់ឆ្នាំ​២០១៧​។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល លោក ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម ជា​បន្ទាប់​ដោយ​រង់ចាំ​រហូត​ដល់​កម្ពុជា មាន​ឯកភាព​ជាតិ និង​មាន​ប្រក្រតី​ភាព​នយោបាយ​ជា​មុន​សិន​។

អ្នក​ឃ្លាំមើល​ព្រំដែន លោក ម៉ែ​ន ណាត សង្កត់ធ្ងន់​ថា ការ​បោះបង្គោល​ព្រំដែន​ដែល​នាំ​ឲ្យ​មាន​មន្ទិល​សង្ស័យ និង​មិន​ប្រក្រតី​កន្លង​មក រដ្ឋាភិបាល រដ្ឋសភា ត្រូវ​តែ​ពិនិត្យ និង​សើរើ​ឡើង​វិញ ដើម្បី​ធានា​នូវ​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ឆ្នាំ​១៩៩១ ដែល​ជា​ឆ្អឹងខ្នង​ដ៏​រឹង​មាំ​ក្នុង​ការ​បញ្ចៀស​ការ​រំលោភ​ឈ្លានពាន​ពី​វៀតណាម​។

លោក ម៉ែ​ន ណាត​៖ «​បើសិនជា​រដ្ឋាភិបាល​នៅ​តែ​ធ្វើ​អ៊ីចឹង នៅ​ថ្ងៃ​អនាគត​ពេល​យើង​មាន​រដ្ឋាភិបាល​ថ្មី គឺ​យើង​នឹង​ត្រូវ​តែ​ទាមទារ​សើរើ​ឡើង​វិញ​នូវ​ឯកសារ​ព្រំដែន​ទាំងអស់​។ ក្នុង​នោះ​រឿង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ហ្នឹង ក៏​វា​មិន​ត្រឹមត្រូវ​តាម​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស និង​មិន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​មាត្រា​២ និង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ​ដែរ​។ ដូច្នេះ​រដ្ឋាភិបាល ត្រូវ​តែ​ពិចារណា​ឡើង​វិញ​ទៅ​លើ​រឿង​បោះបង្គោល​ព្រំដែន​នេះ ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ជាតិ​យើង គឺ​មិន​ត្រឹមតែ​សម្រាប់​កូនចៅ លោក ហ៊ុន សែន ឬ​កូនចៅ លោក ស ខេ​ង នោះ​ទេ គឺ​រង​គ្រោះ​ទាំង​កូនចៅ​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច និង​បក្ស​ផ្សេង គឺ​នឹង​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដូច​គ្នា​នៅ​ថ្ងៃ​អនាគត​។ ដូច្នេះ​យើង​ត្រូវ​ខិតខំ​នាំ​គ្នា​ថែរក្សា​បញ្ហា​ជាតិ​»​។

ទាក់ទិន​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀ​ន ស៊ុ​ង​ហ្វ៊ុ​ក នៅ​ក្នុង​ជំនួប​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល អេ​ប៉ិច កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា នា​ខេត្ត​ដា​ណា​ង ប្រទេស​វៀតណាម បាន​សន្យា​រួម​គ្នា​ថា នឹង​បញ្ចប់​ការ​បោះបង្គោល​ព្រំដែន​ឲ្យ​រួចរាល់​នៅ​ឆ្នាំ​២០១៨ និង​កសាង​ព្រំដែន​រួម​គ្នា​មួយ​ប្រកបដោយ​សន្តិភាព និង​ស្ថិរភាព​។

ក្នុង​ជំនួប​ដដែល​នោះ នាយក​រដ្ឋមន្ត្រី​វៀតណាម សន្យា​ថា នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​ខ្លាំង​ឡើង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ទេសចរណ៍​។ ទំនាក់ទំនង​ការទូត និង​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ដំណើរ​ទស្សនកិច្ច​ពី​គ្រប់​វិស័យ ព្រមទាំង​រឹតចំណង​មិត្តភាព​រវាង​ប្រជាពលរដ្ឋ​កម្ពុជា និង​វៀតណាម ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ទ្វេ​ថែម​ទៀត​៕

ប្រភព RFA

 

Comments

comments