ភ្នំពេញ ៖ ព្រឹត្តិការណ៍​​ជា​ប្រវត្តិសាស្ត្រ​មួយ គឺជា​ប្រកួតប្រជែង Miss Global International (​បវរកញ្ញា​អន្តរជាតិ​) ដែល​ទើប​បញ្ចប់​នៅ​ក្នុង​ប្រទេស​កម្ពុជា នាថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៧ ដោយ​បន្សល់​ទុក​ចំណុច​អាម៉ាស់​មួយ​ចំនួន ព្រោះថា មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា នៅ​ក្នុង​ថ្ងៃ​ប្រកួតប្រជែង​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រោម​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍ ហង្ស​មាស ក៏​ដូច​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់ហង្ស​មាស ផង​ដែរ​ ។

បើ​ទោះជា​ព្រឹត្តិការណ៍​នេះ បាន​រួមចំណែក​ ឲ្យ​បវរកញ្ញា​ពិភពលោក​តំណាង​ឲ្យ​ប្រទេស​ទាំង​៦០ ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា ស្តី​ពី​វប្បធម៌ ប្រពៃណី និង​អរិយធម៌​របស់​កម្ពុជា និង​មានការ​ទិញ​សិទ្ធិ​ដោយ​វិស័យ​ឯកជន ក៏​ដោយ ប៉ុន្តែ​វា​ច្បាស់​ថា កម្មវិធី​ពិភពលោក​មួយ​នេះ ស្ថិត​ក្នុង​ក្រសែភ្នែក​អន្តរជាតិ មិន​គួរ​ណា​គិតតែ​ផល​ចំណេញ​ដោយ​មិន​ខ្វល់​ពី​ការ​បាក់មុខ​របស់​កម្ពុជា​បែប​ហ្នឹង​ទេ ។

អ្នក​ទស្សនា​ជាច្រើន បាន​រិះគន់​លើ​ការ​ឃោសនា​ពី​ផលិតផល​គ្រឿង​ស្រវឹង​ហួស​កម្រិត ហេតុ​អីមិន​បន្ថែម​វី​ដេ​អូ​ឃ្លី​ប​អោយ​ច្រើន​ស្ដី​ពី​វិស័យ​ទេសចរណ៍​ខ្មែរ? ដើម្បី​បង្អួត​ភ្នែក​អន្តរជាតិ ក្នុង​ម៉ោង​សម្រាក​នោះ ដោយសារ​តែ​កម្មវិធី​នោះ​គឺជា​កម្មវិធី​ពិភពលោក ច្បាស់​ជា​មាន​អ្នក​ទស្សនា​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក ធ្វើ​អោយ​ជះ​ឥទ្ធិពល​អាក្រក់លឿន​បំផុត​តាម​រយ​:​ការ​ផ្សាយ​ផ្ទាល់​នោះ ។

ភ្លាម​ៗ​តំណាង​ក្រុមហ៊ុន​ហង្ស​មាស ចេញ​មក​អះអាង​យ៉ាង​ខ្លី​ថា កម្មវិធី​នេះ គឺ​ក្រុមហ៊ុនស្រា​បៀរ​ហ្គេ​ន​បឺត ជា​អ្នក​ចំណាយ​ទាំងស្រុង ទើប​ក្នុង​ពេល​ផ្សាយ​ផ្ទាល់​មានការ​ឃោសនា​ពី​ស្រា​បៀរ​ផ្ដាច់មុខ ។

ជាក់ស្តែង​ព្រឹត្តិការណ៍ Miss Global ​មួយ​នេះ ក្រោយ​បញ្ចប់​គឺ​មានរឿង​ដ៏​អាម៉ាស់​ចំនួន​៣ ត្រូវ​បាន​អ្នកទស្សនាលើកយកមក​រិះគន់​យ៉ាង​ផុលផុស​​ តាមបណ្តាញ​សង្គម​ហ្វេស​ប៊ុក ​រួម​មាន ៖

ទី​១ ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​យ៉ាង​គ​គ្រឺ​ក​គគ្រេង ក្នុង​ម៉ោង​ផ្សាយ​ផ្ទាល់

មានការ​រិះគន់​តាម​រយ​:​ការ​រៀបចំ​ព្រឹត្តិការណ៍​នៅ​កម្ពុជា​នេះ បើ​ធៀប​នឹង​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ ព្រឹត្តិការណ៍ Miss Global កម្រ​ទទួលយក​ក្រុមហ៊ុន​គ្រឿង​ស្រវឹង​ឲ្យ​ក្លាយជា​អ្នក​ឧបត្ថម្ភ​ផ្ដាច់មុខ​ណាស់ ហើយ​អ្វី​ដែល​ម្នាក់​ៗ ធ្វើការ​រិះគន់ គឺ​កម្មវិធី​ក្នុង​ពេល​ផ្សាយ​បន្ត​ផ្ទាល់​នោះ​អត់​មាន​វី​ដេ​អូ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍ ដែល​ជា​សក្តានុពល​ដ៏​ធំ​មួយ​របស់​កម្ពុជា បែរជា​ផ្សាយ​គ្រឿង​ស្រវឹង​ទៅ​កាន់​ពិភពលោក វា​ជា​រឿង​អាម៉ាស់​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ ។ ជាក់ស្តែង​នៅ​ក្នុង​ម៉ោង​ផ្សាយ​ផ្ទាល់ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក ហង្ស​មាស គេ​ឃើញ​មាន​ជនបរទេស Comment ចំអក​ថា Kingdom of Beer មាន​ន័យ​ថា (​អាណាចក្រ​ស្រា​បៀរ​) ។

ទី​២ បវរ​កញ្ញាឯក​កម្ពុជា ត្រូវ​បាន​តែងតាំង​ជា​កញ្ញាឯក​តំណាង​ឲ្យ​គ្រឿង​ស្រវឹង

ករណី​នេះ នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ស្ទើរ​មិន​មាន​ជនជាតិ​ខ្មែរ និង​បរទេស​ណា​ម្នាក់​គាំទ្រ​តំណែង​នេះ​ទេ មាន​តែ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ផង​ដែរ ជា​ពិសេស​ពី​សំណាក់​បរទេស ដែល​បាន​ទស្សនាការ​ផ្សាយ​ផ្ទាល់​លើ​ផេ​ក និង​លើ​កញ្ចក់​ទូរទស្សន៍ ដោយ​ម្នាក់​ៗ Comment ពាក្យ​ថា Miss of Beer ក្នុង​ន័យ​ថា បវរកញ្ញា​តំណាង​ឲ្យ​ស្រា​បៀរ ។ ចំណុច​នេះ ត្រូវ​បាន​គណៈកម្មការ Miss Global បាន​ចេញ​មក​បញ្ជាក់​ក្នុង​វេទិកា​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ថា តំណែង​របស់​បវរ​កញ្ញាឯក​កម្ពុជា គណៈកម្មការ Miss Global មិនមែន​ជា​អ្នក​ចាត់ចែង​នោះ​ទេ គឺជា​ការ​ចាត់ចែង​របស់​ក្រុមហ៊ុនស្រា​បៀរ​ដែល​ជា​អ្នក​ឧបត្ថម្ភ​កម្មវិធី​តែ​ប៉ុណ្ណោះ ។

និង​ទី​៣ មាន​ជម្លោះផ្ទៃក្នុង​គណៈកម្មការ Miss Global

ផ្ទុយ​ពី​ការ​រៀបចំ​កន្លង​មក ដែល​គណៈកម្មការ​រមែង​បង្ហាញ​ពី​មោទនា​ភាព​នៅ​ក្រោយ​បញ្ចប់ ការ​ប្រកួត Miss Global នៅ​ក្នុង​ប្រទេស​នានា សម្រាប់​នៅ​កម្ពុជា បែរជា​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ចម្រូងចម្រាស់​លើក​ដំបូង​ដែល​ធ្វើ​ឲ្យ​ស្អុយឈ្មោះ​ក្នុង​រង្វង់​ថ្នាក់ដឹកនាំ រហូត​សម្រេច​ផ្លាស់​ប្ដូរ CEO ឬ​នាយក​ប្រតិបត្តិ​ចាស់ លោក Ratanak Roth Oeurn ជា​ជនជាតិ​ខ្មែរ ទម្លាក់​តំណែង​កណ្ដាល​ទី ពាក់ព័ន្ធ​នឹង​រឿង​បាត់​លុយ ខ្ទង់សែន​ដុល្លារ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ វិច្ឆិកា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ អ្នក​នាង​ម៉ាក សុ​គ​ន្ទា នាយក​ប្រតិបត្តិ​និង​ជា​ប្រធាន​ថ្មី នៃ​សមាគម​បវរកញ្ញា​ពិភពលោក បាន​ថ្លែង​សុំ​ទោស​ចំពោះ​បញ្ហា និង​កំហុសឆ្គង​ទាំងឡាយ​ដែល​បាន​កើត​មាន​ឡើង​ក្នុងអំឡុងពេល​ប្រកួត​សម្រស់​កញ្ញាឯក​លំដាប់​ពិភពលោក «Miss Global Internatoinal 2017» និង​បាន​សន្យា​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​វិញ​នៅ​ក្នុង​ការ​ប្រកួត​លើក​ក្រោយ​ៗ ។

អ្នក​នាង​ម៉ាក សុ​គ​ន្ទា ដើម​កំណើត​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​កាំ​ង ដែល​ទើប​តែងតាំង​ថ្មី ជា​ប្រធាន​សមាគម​បវរកញ្ញា​ពិភពលោក បាន​ថ្លែង​សុំ​ទោស​ចំពោះ​ជនរួមជាតិ​កម្ពុជា ក្រោយ​មាន​បញ្ហា​ជម្លោះ​រឿង​លុយកាក់ រវាង​អ្នកគ្រប់គ្រង​ចាស់ ទាក់ទង​នឹង​ការ​រៀបចំ​ប្រកួត ។

អ្នក​នាង​ម៉ាក សុ​គ​ន្ទា បាន​លើក​ឡើង​ថា បានជា​គាត់​ជ្រើសរើស​កម្ពុជា​ជា​ម្ចាស់ផ្ទះ​រៀបចំ​ប្រកួត​បវរកញ្ញា​ពិភពលោក​គឺ​ចង់​ផ្សព្វផ្សាយ​កម្ពុជា និង​វប្បធម៌​ខ្មែរ​ទៅ​កាន់​ពិភពលោក ម្យ៉ាងទៀត​កម្ពុជា​ជា​ស្រុក​កំណើត​របស់​គាត់ និង​ឪពុក​ម្តាយ​របស់​គាត់ ។

អ្នក​នាង សុ​គ​ន្ទា បានឱ្យ​ដឹង​ទៀត​ថា កញ្ញាឯក​ទាំងអស់​ទោះបីជា​ទទួល​បាន​ជ័យ​លា​ភី ឬ​មិន​ទទួល​បាន​ជ័យ​លា​ភី តំណាង​ទាំង​៦០​ប្រទេស​នេះ នឹង​បាន​ពាំនាំ ជួយ​ផ្សព្វផ្សាយ វប្បធម៌​និង​តំបន់​ទេសចរណ៍​ដ៏​សម្បូរ​បែប​របស់​កម្ពុជា ទៅ​កាន់​ពិភពលោក​ឲ្យ​បានដឹង​ពី​សក្តានុពល​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​មួយ ពោរពេញ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ​ដ៏​ស្រស់បំព្រង​។

អ្នក​នាង​ម៉ាក សុ​គ​ន្ទា បាន​បញ្ជាក់​ថា សមាគម​បវរកញ្ញា​ពិភពលោក នៅ​តែ​បន្ត​រៀបចំ​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​បាន​ល្អ​នៅ​តាម​ប្រទេស​នានា និង​អាច​ធ្វើ​នៅ​កម្ពុជា​ទៀត នៅ​ពេល​ខួប​១០​ឆ្នាំ ឬ​១៥​ឆ្នាំ របស់​សមាគម​បវរកញ្ញា​ពិភពលោក ៕

Comments

comments