ខណ្ឌចំការមន គឺជា​ខណ្ឌ​មួយ​ដែល​មាន​ភាព​ទាក់ទាញ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ នៅ​ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ​។

ជា​កា​ពិត ការ​រីក​ចម្រើន​នៃ​ទីក្រុង​មួយ​វា​បង្ហាញ​តាម​រយៈ​សម្ទុះ​នៃ​ការ​អភិ​វ​ឌ្ប​លើ​គ្រប់​វិស័យ​ព្រម​ៗ​គ្នា​ពិតមែន ជា​ពិសេស​វិស័យ​សាងសង់ សំណង់​អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ វា​គឺជា​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ដំណើរ​អភិវឌ្ឍន៍​។

ខណ្ឌចំការមន មាន​ផ្ទៃក្រឡា​ប្រមាណ​១១​គីឡូ​ម៉ែត្រការ៉េ បាន​បង្ហាញ​ពី​សក្តានុពល​យ៉ាង​ខ្លាំង​ពី​ការ​កើនឡើង​នៃ​សំណង់​អគារ​ស្នាក់​នៅ​ចម្រុះ អគារ​សហកម្មសិទ្ធិ​(​ខុន​ដូ​) ផ្សារ​ទំនើប ដែល​បន្ត​រីក​ដុះ​ឡើង​ដូច​ផ្សិត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក ប៊ុ​ន សុ​ភ័ក្ត្រ អភិបាលរង​ខណ្ឌចំការមន មាន​ប្រសាសន៍​ថា ៖ «​ការ​អភិវឌ្ឍ​មាន​គ្រប់​វិស័យ​ទាំង​ការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​កា​រប​ញ្ច្រា​ប​ចំណេះដឹង​ជំនាញ​។ ទាក់ទង​ទៅ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​មិន​សំដៅ​ទៅ​លើ​តែ​សំណង់​ខ្ពស់​ៗ​ធំ​ៗ​នោះ​ទេ ប៉ុន្តែ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ គឺ​សំដៅ​ទៅ​លើ​គ្រប់​វិស័យ​ទាំង​ការ​អភិវឌ្ឍ​ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធ​លូ សំណង់​នានា សណ្តាប់ធ្នាប់​សាធារណៈ អនាម័យ និង​ការ​ចូលរួម​សម្អាត​បរិស្ថាន​(​ទីក្រុង​ស្អាត​)»​។

លោក​បាន​បង្ហាញ​ថា តម្រូវការ​សម្រាប់​ទីក្រុង និង​ជនបទ​មាន​ភាព​ខុស​គ្នា ពីព្រោះ​ការ​រស់នៅ​មាន​ភាព​ខុស​គ្នា​ទៅ​តាម​តំបន់​។ ឧទាហរណ៍​ដូច​ជា​នៅ​តាម​តំបន់​ជនបទ​ខ្លះ​ត្រូវការ​ប្រព័ន្ធ​ធារាសាស្ត្រ ប្រឡាយ​ទឹក​សម្រាប់​កសិកម្ម​។ ចំណែក​ទីក្រុង​វិញ ប្រជាជន​ចង់​មាន​ផ្លូវ​ស្អាត ភ្លើង​បំភ្លឺ​ផ្លូវ គ្មាន​ភាព​កកស្ទះ គ្មាន​សំរាម​នៅ​មុខ​ផ្ទះ និង​គ្មាន ចោរលួច​ប្លន់​នៅ​កន្លែង​រស់នៅ​ជាដើម​។

យោង​តាម​ការ​ជំរឿន​ថ្នាក់​ជាតិ ប្រជាជន​នៅ​ខណ្ឌចំការមន​មាន​ប្រមាណ​ជាង​ពីរ​សែន​នាក់​រស់នៅ​ប្រកប​អាជីវកម្ម​នៅ​ទីនោះ​។

និយាយ​ទាំងអស់​សំណើច លោក​បន្ត​ថា ៖ «​កាលពី​ឆ្នាំ​១៩៩០ ប្លាយ​មក ផ្លូវ​មាន​សភាព​ស្ងាត់ឈឹង ប៉ុន្តែ​សព្វថ្ងៃ​មាន​សភាព​អ៊ូអរ​។ ក្នុង​ការ​អភិវឌ្ឍ​តាម​គោលនយោបាយ​ថ្នាក់​ជាតិ គឺ​អនុវត្ត​តាម​គោលនយោបាយ​វិ​ម​ជ្ឃ​ការ និង​វិ​សហ​មជ្ឈការ​ដែល​មានការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​បឹ​ក្សា​ក្នុង​អាណត្តិ​៥​ឆ្នាំ​ម្តង​»​។

លោក​បាន​ឲ្យ​ដឹង​ថា សាលា​ខណ្ឌចំការមន​បាន​អនុវត្ត​ផែនការ​ច្បាស់លាស់​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​៣​ឆ្នាំ​ម្តង ដើម្បី​ស្វែងរក​នីតិវិធី បញ្ហា និង​តម្រូវការ​ដោយ​ប្រើប្រាស់​ថវិកា​ពីសា​លា​រាជធានី​ភ្នំពេញ​ចំនួន​៥​ពាន់​លាន​រៀល​(​ប្រហែល​ជាង​១​លាន​ដុល្លារ​)​ក្នុង​មួយ​ឆ្នាំ​។ ចំនួន​ថវិកា​នេះ​ត្រូវ​បាន​ធ្វើការ​បែងចែក​ទៅ​ដល់​ប្រាក់បៀវត្សរ៍ និង​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ សមាជិក​ក្រុមប្រឹក្សា និង​កម្មវិធី​វិនិយោគ​ដូច​ជា​ធ្វើ​ផ្លូវ ស្តារ​ជួសជុល​លូ ឬ​ធ្វើ​ថ្មី​ជាដើម​។

លោក​បាន​លើក​ឡើង ៖ «​លើស​ពី​នេះ​សាលា​ខណ្ឌ​របស់​យើង​បាន​ព្យាយាម​ទាក់ទាញ​អង្គការ ដើម្បី​អភិវឌ្ឍ​ដូច​ជា​អង្គការ World Vision និង​សា្ថ​ប័ន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ជីវភាព​ប្រជាជន​»​។

ការ​សិក្សា​បាន​ផ្អែក​ទៅ​លើ​អ្វី​ដែល​ជា​តម្រូវការ​របស់​ប្រជាជន និង​ភា្ជ​ប់​ការងារ​លំបាក​ខ្លះ​ៗ​រវាង​សង្កាត់ និង​ថ្នាក់​រាជធានី ដើម្បី​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ទាន់​ពេលវេលា ហើយ​ប្រសិនបើ​វា​ជា​បញ្ហា​ធំ​ៗ​ដែល​មិន​អាច​ដោះស្រាយ​បាន យើង​នឹង​បញ្ជូន​ទៅ​សាលា​រាជធានី​។ កន្លង​មក​សាលា​ខណ្ឌ​ខំប្រឹង​ធ្វើ​ផ្លូវ​ដើម្បី​ឲ្យ​ប្រជាជន​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​នៅ​ឆ្នាំ ២០១៧ នេះ បាន​សាងសង់​ប្រព័ន្ធ​លូ (​ស្តារ​លូ និង​ជួសជុល​ប្រព័ន្ធ​លូ​) កុំ​ឲ្យ​មាន​បញ្ហា​លិច​ទឹក​នៅ​តាម​ផ្លូវ ដោយសារ​ទឹកភ្លៀង​ធ្លាក់​ច្រើន​។

លោក សុ​ភ័ក្ត្រ បន្ត​ថា បញ្ហា​ធំ​ៗ​នៅ​រាជធានី​ភ្នំពេញ​មាន​បី ស្ទះចរាចរណ៍​(​ផ្លូវ​) ស្ទះលូ និង​ស្ទះ​សំរាម​។ សាលា​ខណ្ឌ​មាន​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិ​ន​ទ្រី ហើយ​បាន​កំណត់​ពេលវេលា​ចរាចរណ៍​សំរាម និង​ការ​ប្រមូល​សំរាម​សម្រាប់​ប​ញ្ច្រៀ​ប​ការ​យល់​ដឹង​ដល់​ប្រជាជន​ដែល​ជា​ផ្នែក​មួយ​នៃ​មុខមាត់​ដល់​ប្រទេស​។

ប៉ុន្តែ​លោក​បន្ត ៖ «​តាំងពី​ឆ្នាំ​២០១៥ មក ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រាជធានី មាន​ភាព​ប្រសើរ​ឡើង​ដែល​ស្រប​តាម​គោលនយោបាយ​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​»​។

លោក​បន្ត​ថា ៖ «​ខ្ញុំ​គិត​ថា​អ្វី​ដែល​ប្រសើរ​គឺ ផ្លូវត្រូវ​បាន​ធ្វើ​ស្អាត ហើយ​មានការ​ជួសជុល​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ប្រព័ន្ធ​លូ​មិន​ទាន់​បាន​មួយ​រយ​ភាគរយ​នៅឡើយ ពីព្រោះ​ប្រព័ន្ធ​លូ​ខ្លះ​នៅ​សល់​តាំងពី​សម័យ​សម្តេចព្រះ​សីហ​នុ ដែល​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​»​។

ខណ្ឌចំការមន គឺជា​ខណ្ឌ​មួយ​ដែល​សិ្ថ​ត​នៅ​ចំ​កណ្តាល​រាជធានី ដែល​មាន​ជនជាតិ​បរទេស​ចូល​ចិត្ត​មក​រស់នៅ សូ​ម្បី​មក​ដល់​ពេល​នេះ សង្កាត់​បឹង​កេងកង​ទី ១ មានការ​លូតលាស់​ច្រើន​ដូច​ជា អគារ​ស្នាក់​នៅ​រួម​រហូត​ដល់​កម្ពស់​ជាង​៣០​ជាន់​។ លោក​ប្រាប់​ថា «​ឥឡូវនេះ ខ្ញុំ​សង្កេត​ឃើញ​ថា [​កំពុង​មាន​និន្នាការ​ចាប់ផ្តើម​]​ការ​ព​ង្រើ​ក​អគារ​ខ្ពស់​ៗ​ជា​ច្រើន​នៅ​សង្កាត់​ទួល​ទំពូង​ទី ១»​។

លោក​បាន​បន្ត ៖ «​សម្រាប់​ខណ្ឌចំការមន កន្លែង​ស្នាក់​នៅ​មាន​ច្រើន អគារ​របស់​រដ្ឋ​មាន​ច្រើន​ដូច​ជា​អគារ​រដ្ឋសភា ព្រឹទ្ធសភា ក្រសួង ស្ថានទូត ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​ជួយ​រក្សា​សណ្តាប់​ធ្លាប់​សាធារណៈ​ដែល​គោរព​ទៅ​តាម​រដ្ឋបាល​សាលា​ខណ្ឌ និង​បញ្ហា​សំរាម​ក្នុង​ទីក្រុង ពីព្រោះ​ទីណា​ក៏​គេ​រក្សា​ពី​បរិស្ថាន​ស្អាត​ដែរ​»​។

លោក​បន្ថែម​ថា ការ​វិនិយោគ​មិនសូវ​ជា​មាន​ជនជាតិ​ខ្មែរ​ទេ ប៉ុន្តែ​ការ​វិនិយោគ​ពី​ចិន និង​កូរ៉េ ហើយ​ការ​វិនិយោគ​ទៅ​លើ​អគារ​ស្នាក់​នៅ ហើយ​តម្លៃ​អចលនទ្រព្យ​បាន​ចាប់ផ្តើម​ឡើងថ្លៃ​ជា​បន្តបន្ទាប់​មក​តាំងពី​ជាង​១០​ឆ្នាំ​មុន ហើយ​«​តាម​ខ្ញុំ​ស្មាន​តម្លៃ​អាច​កើន​ដល់​៤ ទៅ​៥​ពាន់​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​»​។

ក្នុង​នាម​ជា សុ​ភ័ក្ត្រ ជា​អភិបាលរង​ខណ្ឌចំការមន លោក​មាន​សុ​ទិ​ដ្ឋ​និយម​ថា ៖ «​ខ្ញុំ​គិត​ថា វា​ជា​រឿង​ល្អ​នៅ​ពេល​ដែល​មាន​អ្នក​វិនិយោគ​ច្រើន​នៅ​ក្នុង​ខណ្ឌចំការមន​នេះ ពីព្រោះ​អាច​ធ្វើ​ឲ្យ​ប្រជាជន​មួយ​ចំនួន​ដែល​រស់នៅ​ក្នុង​តំបន់​ហ្នឹង​មានឱកាស​លក់​អចលនទ្រព្យ​ក្នុង​តម្លៃ​ខ្ពស់ និង​អាច​យក​ថវិកា​រកស៊ី​បន្ត​»​។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ អចលនទ្រព្យ ថា ៖ «​តាម​គំនិត​របស់ខ្ញុំ គ្រប់​ទីតាំង​ទាំងអស់​សុទ្ធតែ​ជាទី​តាំង​មាន​តម្រូវការ​របស់​ប្រជាជន និង​អ្នក​វិនិយោគ​គ្រប់​ជាន់ថ្នាក់​ដើម្បី​ការ​រស់នៅ ប៉ុន្តែ​យើង​ក៏​ឃើញ​ថា ខណ្ឌ​ចំនួន​៤ ដូច​ជា​ខណ្ឌចំការមន ដូនពេញ ៧​មក​រា និង ទួល​គោក មាន​សក្កា​នុ​ពល​ផ្នែក​អគារ​ស្នាក់ នៅ​រួម​ខ្ពស់​ៗ និង​អគារ​ពាណិជ្ជកម្ម​»​។

លោក​បន្ត​ថា ការងារ​អភិវឌ្ឍន៍​មិន​សំដៅ​ទៅ​លើ​ការ​សាងសង់​អគារ​ខ្ពស់​ៗ​ទេ ប៉ុន្តែ​ការ​សាងសង់​លំនៅ​ឋាន​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ទាំង​នៅ​តំបន់​ក្នុង​ក្រុង និង​តំបន់​ជាយក្រុង​។

លោក គឹ​ម ហ៊ា​ង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្មែរ​រៀល​អ៊ី​សេ្ទ​ត បាន​មាន​ប្រសាសន៍​ថា ខណ្ឌចំការមន មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បេះដូង​នៃ​រាជធានី​ភ្នំពេញ និង​ជា​តំបន់​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​។ អគារ​ផ្ទះ​ស្នាក់​នៅ និង​ខុន​ដូ​ភាគច្រើន​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ សង្កាត់​បឹង​កេងកង​១, ២ និង​៣ ក្នុង​ខណ្ឌចំការមន​។

លោក​បន្ត​ថា អគារ​ផ្ទះ​ស្នាក់​នៅ​រួម​មាន​តាំងពី​ឆ្នាំ​២០១០ និង​អគារ​ខុន​ដូ​មាន​តាំងពី​ឆ្នាំ​២០១៣ រហូត​ដល់​ឥឡូវនេះ​ឆ្នាំ​២០១៧ និង​សណ្ឋាគារ​នៅ​មាន​ស្ថិរភាព​ជា​និច្ច​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ហាង​ផ្សេង​ៗ និង​ទីផ្សារ​ពិតជា​មាន​ភាព​ទាក់ទាញ​នា​ពេល​ខាង​មុខ​នេះ​។

លោក ហ៊ា​ង បន្ត​ថា ៖ «​វិនិយោគិន​មក​ពី​ប្រទេស​ចិន សម្រាប់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ការ​សាងសង់ ហើយ​អ្នក​អភិវឌ្ឍ​ខុន​ដូ​មក​ពី​តៃវ៉ាន់ សិង្ហ​បុរី និង​កូរ៉េ​។ អ្នក​វិនិយោគ​មក​ពី​ប្រទេស​ជប៉ុន និង​ថៃ ក៏​មក​ផ្គត់ផ្គង់​សំណង់​ផ្សារ​ទំនើប​ពីព្រោះ​ពួក​គេ​ជ្រើសរើស​តំបន់​ដែល​ពួក​គេ​អាច​រក​ប្រាក់​បាន ប៉ុន្តែ​អ្នក​វិនិយោគ​ក្នុងស្រុក​កំពុង​នាំមុខ​គេ​ក្នុង​វិស័យ​សំណង់​បុរី និង​វិស័យ​ផ្សេង​ៗ​ទៀត​ផង​ដែរ​»​។

លោក​បន្ត​ថា អ្វី​គ្រប់យ៉ាង​នៅ​តែ​ល្អ​រហូត​មក​ដល់​ពេល​នេះ លើស​ពី​នោះ​តម្លៃ​របស់​ដី​នៅ​តំបន់​នោះ ពីព្រោះ​វា​ថ្លៃ​ណាស់​នៅ​ពេល​ដែល​អ្នកលក់​តែងតែ​បន្ថែម​តម្លៃ​ពី​២០​ភាគរយ ទៅ​៥០​ភាគរយ ច្រើន​ជាង​តម្លៃ​ទីផ្សារ​។ តម្លៃ​ដី​ជា​មធ្យម​នៅ​ខណ្ឌចំការមន គឺ​ពី​២០០០​ដុល្លារ​ដល់​៦០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

ចំណែក​អ្នកស្រី សេង ម៉ុម ជា​ប្រជាជន​រស់នៅ​ខណ្ឌចំការមន​បាន​ប្រាប់​ថា ៖ «​ខ្ញុំ​រស់នៅ​ទី​នេះ​តាំងពី​ឆ្នាំ​១៩៨០ ហើយ​មិន​មាន​អគារ​ខ្ពស់​នៅឡើយ​ទេ ប៉ុន្តែ​សព្វ​ថ្ងៃនេះ​មាន​អគារ​ជា​ច្រើន​ដែល​ត្រូវ​បាន​សាងសង់ និង​អភិវឌ្ឍ​នៅ​តំបន់​ចំការមន​នេះ​»​។

ទោះបីជា​តម្លៃ​អចលនទ្រព្យ​មាន​តម្លៃ​ខ្ពស់ អ្នកស្រី​បន្ថែម​ថា ផ្ទះ​របស់​អ្នកស្រី​មិន​ទាន់​មាន​បំណង​លក់​ទេ ពីព្រោះ​ជា​កន្លែង​ដែល​អ្នកស្រី និង​គ្រួសារ​របស់​អ្នកស្រី​ប្រកប​មុខរបរ​ចិញ្ចឹម​គ្រួសារ​បានជា​ធម្មតា​។

បើ​យោង​តាម​ប្រសាសន៍​របស់​ស្ថាបនិក និង​ជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Key Real Estate លោក សន សៀ​ប បាន​ឲ្យ​ដឹង​ថា តំបន់​បឹង​កេងកង គឺជា​«​ស្នូល​របស់​ខណ្ឌចំការមន​» ដែល​ជា​តំបន់​អភិវឌ្ឍន៍​រួច​ហើយ និង​ទាក់ទាញ​ការ​វិនិយោគ​សាងសង់​ច្រើន​។

លោក​បាន​ប្រាប់​ថា ៖ «​ខ្ញុំ​គិត​ថា ខណ្ឌចំការមន​នៅ​តែ​ជា​តំបន់​ល្អ​លើ​វិស័យ​អចលនទ្រព្យ ក្នុង​ចំណោម​ខណ្ឌ​ទាំងអស់ សម្រាប់​ស្នាក់​នៅ អគារ​ការិយាល័យ ភោជនីយដ្ឋាន និង​ធ្វើ​អាជីវកម្ម ការ​ជួល ហើយ​អ្នក​វិនិយោគ គឺ​ជនជាតិ​ខ្មែរ ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និង​សិង្ហ​បុរី​»​។

ដោយ​សម្ទុះ​នៃ​ខណ្ឌចំការមន និង​ខណ្ឌដូនពេញ មាន​ប្រជាប្រិយភាព​តាំងពី​ឆ្នាំ​១៩៩០​មក វា​មាន​តម្រូវការ​ទិញ និង​ជួល​ច្រើន ហើយ​ជា​មធ្យម​តម្លៃ​ដី​ក្នុង​មួយ​ម៉ែត្រការ៉េ​ចាប់ពី ២៥០០ ទៅ ៣០០០ ដុល្លារ​។ ប៉ុន្តែ​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយ​មកនេះ​ខណ្ឌ​មួយ​ចំនួន​ទៀត​ដូច​ជា​ខណ្ឌ​៧​មក​រា ខណ្ឌទួលគោក ក៏​ចាប់ផ្តើម​មាន​ទីផ្សារ​សម្រាប់​ផ្ទះ​វីឡា ផ្សារ និង​មន្ទីរពេទ្យ ផង​ដែរ​។

បន្ទាប់​ពី​តម្លៃ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ឡើង​ខ្លាំង ការ​អភិវឌ្ឍ​ផ្សារ​ទំនើប និង​ផ្ទះ​បុរី បាន​រីក​រាលដាល​ដល់​តំបន់​ទួល​គោក សែន​សុខ ច្បារ​អំពៅ បឹង​ទំពុន ផ្លូវជាតិ​លេខ ៣ និង​៤ និង​ប្រជាជន​បាន​ផ្លាស់​ប្តូរ​ទីតាំង​មក​រស់នៅ​តំបន់​ទាំងនោះ​។

លោក​បាន​បន្ត​ថា ៖ «​ស្រប​ពេល​ដែល​ប្រជាជន​បាន​មក​រស់នៅ​ទីក្រុង វា​ប្រាកដជា​បង្ក​ជា​ផល​លំបាក​ខ្លះ​ៗ​ហើយ​ដូច​ជា​ការ​កកស្ទះ​ចរាចរណ៍​ប្រព័ន្ធ​លូ កំលាំង​ផ្គត់ផ្គង់​អ​គិ្គ​ស​នី ចំណត ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​នៅ​ពេល​ដែល​មាន​មនុស្ស​មក​រស់នៅ​កាន់តែ​ច្រើន​»​។

គួរ​បញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា​មួយ​ចំនួន​ទៅ​ទៅ​ថ្នាក់​ឃុំ​សង្កាត់​ដោយ​ថវិកា​ទាំង​អស់នោះ​បាន​ចែក​ជា​ពីរ គឺ​ថវិកា​មួយ​ចំណែក​សម្រាប់​ចំណាយ​ផ្នែក​ដ្ឋ​បាល និង​ថវិកា​មួយ​ផ្នែក​សម្រាប់​ការ​អភិវឌ្ឍ​។

ជា​ទូទៅ​សង្កាត់​នីមួយ​ៗ​អាច​ទទួល​បាន​ថវិកា​យ៉ាងតិច​បំផុត ១ ម៉ឺន​ដុល្លារ ដោយ​ក្នុង​នោះ​ប្រមាណ​៥​ពាន់​ដុល្លារ​សម្រាប់​ដំណើរការ​ផ្នែក​រដ្ឋបាល និង​ក្រៅពី​នោះ​គឺ​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​នៃ​សង្កាត់​នីមួយ​ៗ៕

ប្រភព  P POST

Comments

comments