សៀមរាប ៖ អណ្ដូង​ទឹកផុស ឬរូង​នាគ​ភ្នំ​គូលែន​នេះ ត្រូវ​បាន​ល្បី​ត​ៗ​គ្នា​ថា ពេល​លុបលាង​ខ្លួន និង​ផឹកទឹក​នោះ​ទៅ អាច​ព្យាបាល​ជំងឺ​ច្រើន​មុខ អណ្ដូង​នេះ ស្ថិត​នៅ​ផ្នែក​ខាងលើ​នៃ​ជ្រលង​លិង្គ ១,០០០ លើ​ភ្នំ​គូលែន ស្ថិត​នៅ​ក្នុងស្រុក​ស្វាយ​លើ និង​ស្រុក​វ៉ា​រិ​ន ចម្ងាយ​៦០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប និង​ប្រហែល​២៥​គីឡូម៉ែត្រ​ពី​ប្រាសាទបន្ទាយស្រី ។

ដើម​ឡើយ ភ្នំ​នេះ​មានឈ្មោះ​ដើម​ថា ម​ហិ​ន្ទ្រ​ប​ព៌​ត ជា​កន្លែង​ដែល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ប្រារព្ធ​ធ្វើ​ពិធី​ទេវរាជ និង​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​ជ្វា​ក្នុង​ឆ្នាំ​៨០២ ដែល​ជា​ពេល​សម័យ​អង្គរ​កើតឡើង ។ មាន​ជំនឿ​តែ​លើ​ប្រជាជន​ខ្មែរ​ប៉ុណ្ណោះ ជា​ពិសេស​អ្នកស្រុក​ជិតខាង ប៉ុន្ដែ​ដោយ​មានការ​ផ្សព្វផ្សាយ​ដូច​ជា អ្នក​ណែនាំ​ភ្ញៀវ​ទេសចរ និង កាសែត​បរទេស ចុះ​មក​យក​ព័ត៌មាន ទើប​ធ្វើ​ឲ្យ​បរទេស មាន​ជំនឿ​លើ​រឿង​ហ្នឹង​ដែរ ប៉ុន្តែ​ភ្ញៀវ​បរទេស​ដែល​ជឿ​ខ្លាំង គឺ​ភ្ញៀវ​នៅ​អាស៊ី ក្រោយមក​ទើប​មាន​អឺរ៉ុប​ជឿ​ដែរ ។

លោក ហោ ជា ឆ្មាំ​ការពារ​នៅ​ភ្នំ​គូលែន បាន​រៀបរាប់​ថា មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នក​ណែនាំ​ភ្ញៀវ និងអ្នក​ធ្លាប់​បន់​បាន​ជោគជ័យ ចេះ​តែ​ផ្សព្វផ្សាយ​ត​ៗ​គ្នា​ទៅ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​បរទេស កាន់តែ​មាន​ជំនឿ​លើ​អណ្ដូង​ទឹកផុស ឬ​រូង​នាគ​ភ្នំ​គូលែន​នេះ គឺ​ពួក​គេ​ផឹកទឹក ឬ ដងទឹក​លាប​ខ្លួន​ទៅ អាច​ព្យាបាល​ជំងឺ​ច្រើន​មុខ ។

លោក ហោ ជា និយាយ​ថា «​ពួក​ខ្ញុំ​ចាត់​ទុក ទឹក​ប្រាំពីរ​ពណ៌ ឬ​ទឹកផុស ជាទី​កន្លែង​សក្ការៈ​របស់​ពួក​ខ្ញុំ ។ យើង​តែងតែ មក​អុជ​ធូប​ជា​រឿយ​ៗ នៅ​ពេល​ដែល​យើង​ជួប​បញ្ហា ឬ​បួងសួង​សុំ​អ្វីមួយ​» ។ ទឹក​ប្រាំពីរ​ពណ៌ មិន​មាន​បរិ​មាត្រ​ធំ​នោះ​ទេ វា​មាន​ជម្រៅ​ត្រឹមតែ ២​ម៉ែត្រ​ទៅ​២,៥០ ម៉ែត្រ និង​មាន​ទំហំ​ប្រមាណ​ជា​២​ម៉ែត្រ​បួន​ជ្រុង​ប៉ុណ្ណោះ​។

លោក​បាន​ថ្លែង​ទាំង​ញញឹម​ពព្រាយ​ថា «​តាម​ពិត​ទៅ ទឹក​ប្រាំពីរ​ពណ៌ ឬ​អណ្ដូង​ទឹកផុស នេះ​នឹង​មាន​ក្នុង​ខែសីហា ព្រោះ​ទឹក​នេះ​ពិតជា​មាន​ប្រាំពីរ​ពណ៌​មែន ពេល​ខ្លះ​យើង​ឃើញ​ពណ៌​ខៀវ បៃតង លឿង មាស ពណ៌​ទឹកសមុទ្រ​ជាដើម ។ ទឹក​នេះ​មាន​ស្លែ​ដុះ​ជុំវិញ ថ្លា​ឆ្លុះ​ដល់​បាត ដោយ​យើង​អាច​ឃើញ​ខ្សាច់​ពណ៌​សក្បុស នៅ​ក្នុង​បាត​ទឹក​យ៉ាង​ច្បាស់ ហើយ​វា​រឹតតែ​ស្អាត នៅ​ពេល​ដែល​ទឹក​នេះ​ត្រូវ​ពន្លឺព្រះអាទិត្យ​ម្តង​ៗ ពណ៌​របស់​វា​ប្រដេញ​គ្នា​ដូច​គ្រាប់ពេជ្រ​អ៊ីចឹង វា​ពិតជា​ស្អាត​ណាស់​» ។

ប៉ុន្តែ​ថ្វីបើ​ស្ថិត​នៅ​ក្នុង​កណ្តាល​ព្រៃ​យ៉ាង​កណ្តោចកណ្តែង លើ​ភ្នំ​កម្ពស់​៤៩២​ម៉ែត្រ ជាមួយ​ធម្មជាតិ​ខៀវស្រងាត់ ទឹក​ប្រាំពីរ​ពណ៌​អណ្ដូង​ទឹកផុស ឬ​រូង​នាគ​ភ្នំ​គូលែន​នេះ ដែល​អ្នកស្រុក​គ្រប់​គ្នា​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ជាទី​កន្លែង​សក្ការៈ តែងតែ​បង្ហាញខ្លួន ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ និង​ក្រៅ​ស្រុក យ៉ាង​ទៀងទាត់​ក្នុង​ខែសីហា ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​បរិបូណ៌​លើ​ភ្នំ ។ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ទឹកផុស លោក​អ្នក​នឹង​បាន​គយគន់​ទេសភាព​ពណ៌​បៃតង​នៃ​ព្រៃ​ព្រឹក្សា សំឡេង​ទឹក​ហូរ សំឡេង​សត្វ​យំ​ដែល​ជា​តន្ត្រី​ដ៏​លន្លង់លន្លោច​កំដរ​បរិយាកាស​តាម​ដងផ្លូវ ។

អាថ៌​កំបាំង និង​អបិយ​ជំនឿ​ជា​ច្រើន​បន្ត​បង្កប់ខ្លួន​នៅ​លើ​ដងភ្នំ​គូលែន ដែល​ជា​កន្លែង​ស័ក្ដិសិទ្ធិ​ជាងគេ ក្នុង​ខេត្ត សៀមរាប ​មាន​ដូច​ជា ៖ ព្រះ​អង្គ​ធំ លិង្គ​មួយ​ពាន់ តំបន់​ទឹកធ្លាក់ វាល​ស្ដេច​គម្លង់ វាល​ព្រះ​សព ព្រះ​ក្រាល សំពៅ​ធា្ល​យ ប្រាសាទតូច​ៗ ស្រះ​ដំរី អណ្តូង​ពាន់​ឆ្នាំ ល្អាង​ថ្ម​លម្អ​ព្រៃ ផ្ទាំង​ថ្ម​ធំ​ជា​ច្រើន ហាក់ដូចជា​ជញ្ជាំង​នៃ​នាវា​ដ៏​ធំ​មួយ ដែល​អ្នកទេសចរ​បែប​ផ្សងព្រេង​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​គួរសម ទើប​អាច​ទទួល​បទ​ពិសោធ ពេញលេញ​នៃ​ដំណើរ​កម្សាន្ត បែប​ធម្មជាតិទឹកដី​អង្គរ​បវរ​នៃ​យើង ៕

Comments

comments