កំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី ធ្វើការ​នៅ​រោងចក្រ​មួយ​គ្រឿង ប៉ះ​រថយន្ដ ដឹក​ដី​របស់​កង​វិស្វកម្ម​ខេមរភូមិន្ទ បណ្តាល​អោយ​កម្មការិនី​ម្នាក់​ស្លាប់ និង​កម្មការិនី​១៦​នាក់​ផ្សេង​ទៀត​របួសធ្ងន់​ស្រាល ហើយ​១៤​នាក់ត្រូវ​បញ្ជូន​មក​សង្គ្រោះ​នៅ​ភ្នំពេញ​ផង​ដែរ ។

បើ​តាម​លោក សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បានអោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​ម៉ោង​០៦ និង​២០​នាទី ព្រឹក​ថ្ងៃ​ទី​៨ ធ្នូ ២០១៧ លើ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៧ ត្រង់​ចំណុច​ភូមិ​អណ្ដូង​ច្រុះ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

បើ​តាម​របាយការណ៍​នគរបាល​ការិយាល័យ​ចរាចរណ៍​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា រថយន្ដ​ដឹក​កម្មករ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-5411 បើកបរ​ដោយ​ឈ្មោះ រិ​ន អាយុ​ប្រហែល​៣៥​ឆ្នាំ ដោយ​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង លុះ​បើកបរ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​ទៅ​ប៉ះ​រថយន្ដ​១​គ្រឿង​ម៉ាក KIA ពណ៌​ត្រី​អ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 1.3-5637 បើកបរ​ដោយ​ឈ្មោះ កឺ រិ​ទ្ធី អាយុ​២៦​ឆ្នាំ ជា​យោធា​វិស្វកម្ម ដែល​កំពុង​តែ​បើកបរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​កម្មការិនី​ម្នាក់នៅហ្នឹងកន្លែងភ្លាមៗ និង១៦នាក់ទៀតរបួសធ្ងន់ស្រាល និង​ខូចខាត​សម្ភារ​ដូច​ជា ខូច​រថយន្ដ​០២​គ្រឿង ធ្ងន់​០១​គ្រឿង ករណី​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ថែម ។

បើ​តាម​សេចក្ដីរាយការណ៍​បន្ថែម​ទៀត​ថា ក្រោយ​កើតហេតុ​ភ្លាម​ៗ រថយន្ដ​សង្គ្រោះ​៦​គ្រឿង បាន​ចេញ​អន្ដរាគមន៍​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ ហើយ​ខ្លះ​បាន​បញ្ជូន​មក​សង្គ្រោះ នៅ​រាជធានី​ភ្នំពេញ ៕