ប្រទេស​អ៊ី​តា​លី នៅ​តែ​បន្ត​ទាមទារ​ឲ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប (EU) កម្រិត​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា ក្នុង​ហេតុផល​ដើម្បី​ការពារ​ឧស្សាហកម្ម​អង្ករ​របស់​ខ្លួន និង​សហភាព​អឺរ៉ុប​ទាំងមូល​។

ការ​ទាមទារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២៤ ខែវិច្ឆិកា ប៉ុន្តែ​ពេល​នេះ​អ៊ី​តា​លី​បាន​ចូលរួម​ជាមួយ​ប្រទេស ៦ ផ្សេង​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ EURACTIV.com​។

បើ​ទោះបី​យ៉ាងនេះ​ក្តី អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​អង្ករ​កម្ពុជា មិន​បាន​ដាក់​ក្តី​បារម្ភ​ចំពោះ​សំណើ​របស់​ប្រទេស​អ៊ី​តា​លី​នោះ​ទេ ដោយ​ចាត់​ទុក​ថា​នេះ​មិនមែន​ជា​រឿង​ថ្មី និង​មិន​ប៉ះពាល់​ដល់​អង្ករ​កម្ពុជា​ឡើយ​។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លង​មកនេះ ការ​នាំ​ចូល​អង្ករ​របស់​អឺរ៉ុប​ពី​ប្រទេស​កម្ពុជា​បាន​កើនឡើង​ជាង ២ ដង ដែល​ប៉ះពាល់​អវិជ្ជមាន​ដល់​តុល្យភាព​ពាណិជ្ជកម្ម​របស់ EU ជាមួយ​ប្រទេស​នេះ​។

ស្ថិត​ក្រោម «​លក្ខខណ្ឌ​ការពារ​» ដែល​បាន​សរសេរ​នៅ​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​នៃ​សហគមន៍​អឺរ៉ុប នៅ​ពេល​នាំ​ចូល​ពី​ប្រទេស​ទី ៣ ប៉ះពាល់​ដល់​តុល្យភាព​ពាណិជ្ជកម្ម​របស់​ប្រទេស​អឺរ៉ុប​ណាមួយ បណ្ដា​ប្រទេស​ជា​សមាជិក​អាច​ស្នើ​សុំ​គណៈកម្មការ​ត្រូវ​ដាក់​របាំង​ពាណិជ្ជកម្ម «​ដើម្បី​ការពារ​ស្ថានការណ៍​»​។

អ្នកនាំពាក្យ​ក្រសួងកសិកម្ម​ប្រទេស​អ៊ី​តា​លី​បាន​ប្រាប់​គេហទំព័រ EURACTIV.com ថា ប្រទេស​អ៊ី​តា​លី បាន​ចូលរួម​ជាមួយ​ប្រទេស​បារាំង អេ​ស្ប៉ា​ញ ព័រ​ទុ​យ​ហ្គា​ល់ ហុង​គ្រី ក្រិ​ក និង​រូ​ម៉ា​នី ក្នុង​ការ​ទាមទារ​ថា ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា ដែល​បច្ចុប្បន្ន​ចូល​ទីផ្សារ​ដោយ​រួច​ពន្ធ​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​។

ក្រសួងកសិកម្ម​អ៊ី​តា​លី​បញ្ជាក់​ថា កំណើន​នៃ​ការ​នាំ​ចូល​អង្ករ​គ្រាប់​វែង​ពី​កម្ពុជា​មាន​ប្រហែល​១​ភាគ​៣​នៃ​តម្លៃ​ទីផ្សារ​អឺរ៉ុប បាន​ធ្វើ​ឲ្យ​កសិករ​អឺរ៉ុប​ផ្លាស់​ប្តូរ​ទៅ​ផលិត​អង្ករ​គ្រាប់​ខ្លី​វិញ ដែល​នាំ​ឲ្យ​មានការ​ផលិត​លើស​តម្រូវការ ហើយ​ធ្លាក់​តម្លៃ​រហូត​ដល់ ៦០ ភាគរយ​។

ទោះបី​យ៉ាងនេះ​ក្តី លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​អះអាង​ថា នេះ​មិនមែន​ជា​រឿង​ក្តៅ​សម្រាប់​ឧស្សាហកម្ម​អង្ករ​របស់​កម្ពុជា ហើយ​វា​ក៏​មិនមែន​ជា​លើក​ទី​១​ដែរ​ដែល​សមាជិក​សហគមន៍​អឺរ៉ុប​លើក​ឡើង​ពី​ការ​កម្រិត​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​នោះ​។

លោក​ថ្លែង​ថា​៖ «​សមាជិក EU តែងតែ​លើក​ឡើង​នូវ​បញ្ហា​នេះ​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​វា​មិន​ប៉ះពាល់​យើង​ទេ ព្រោះ​ប្រភេទ​អង្ករ​យើង​ខុស​ពី​គេ ទាំង​ទីផ្សារ​»​។

លោក​បន្ត​ថា​៖ «​កម្ពុជា​នាំ​ចេញ​តែ​អង្ករ​ក្រអូប​គ្រាប់​វែង​ប៉ុណ្ណោះ​ដែល​ខុស​ពី​ទីផ្សារ​អ៊ី​តា​លី​ជា​ប្រភេទ​អង្ករ​គ្រាប់​ខ្លី​»​។ លោក បន្ថែម​ថា អង្ករ​កម្ពុជា​ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់​ជនជាតិ​អាស៊ី​ដែល​រស់នៅ​ទីនោះ​។

អ៊ី​តា​លី​បាន​ស្នើ​ដូចនេះ​ម្តង​ហើយ កាលពី​ឆ្នាំ ២០១៦ ប៉ុន្តែ​មិន​ដែល​ទទួល​បានការ​ឆ្លើយ​តប​ពី​គណៈកម្មការ​អឺរ៉ុប​ទេ ហើយ​ពេល​នេះ​ក្រសួងកសិកម្ម​អ៊ី​តា​លី​ឲ្យ​ដឹង​ថា​៖ «​ជាមួយនឹង​ឯកសារ​ថ្មី​ដែល​បាន​បញ្ជូន យើង​រំពឹង​ថា គណៈកម្មការ​អឺរ៉ុប​នឹង​ធ្វើការ​សម្រេចចិត្ត​»​។

លោក​ថ្លែង​ថា​៖ «​ប្រតិភូ​អឺរ៉ុប​មិន​ប្រតិកម្ម​នឹង​បញ្ហា​ដែល​លើក​ឡើង​ដោយ​ប្រទេស​ពីរ​បី​នៅ​ក្នុង​សហគមន៍​អឺរ៉ុប​ទេ ឥឡូវនេះ​យើង​ស្ថិត​ក្នុង​ទីផ្សារសេរី​»​។

លោក​បន្ត​ថា ភាគី​ពាក់ព័ន្ធ​របស់​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ជួប​ជាមួយ​គណៈប្រតិភូ​អឺរ៉ុប​ហើយ​ក៏​បាន​លើកយក​បញ្ហា​នេះ​មក​ពិភាក្សា​ដែរ ប៉ុន្តែ​នេះ​មិនមែន​ជា​បញ្ហា​ធំ​ទេ​។

លោក​សុង សា​រ៉​ន បាន​ចាត់​ទុក​ថា នេះ​មិន​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ និង​សិទ្ធិ​មនុស្ស​ទេ​។ លោក​ថ្លែង​ថា​៖«​ស្ថានការណ៍​នយោបាយ និង​សិទ្ធិ​មនុស្ស ខុស​ពី​ច្បាប់ពាណិជ្ជកម្ម បញ្ហា​នេះ​មិន​ទាក់ទង​គ្នា​ទេ ហើយ​វា​នឹង​មិន​ប៉ះពាល់​ដល់​ឧស្សាហកម្ម​អង្ករ​កម្ពុជា​ដែរ​»​។

ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​សហភាព​អឺរ៉ុប​បាន​ផ្ដល់​ឲ្យ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច​នូវ​ការ​នាំ​ចូល​ទៅ​ផ្សារ​អឺរ៉ុប​ដោយ​រួច​ពន្ធ​។

លោក ចាន់ សុខ​ហៀ​ង នាយក​ប្រតិបត្តិ​ក្រុមហ៊ុននាំចេញ​អង្ករ HCC group Co.,Ltd មាន​សុ​ទិ​ដិ្ឋ​និយម​ថា បញ្ហា​នេះ​មិន​បាន​ជាប់​ទាក់ទង​នឹង​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ដោយសារ​តែ​វា​តែងតែ​កើត​ឡើងជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​វា​ជា​សិទ្ធិ​របស់​គណៈកម្មការ​អឺរ៉ុប ថា​តើ​ពួក​គេ​ចង់​ដាក់​សម្ពាធ​លើ​កម្ពុជា​តាម​រយៈ​មូលហេតុ​នៃ​បញ្ហា​នេះ​ឬ​យ៉ាងណា​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា វា​នឹង​មិន​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ស្រូវ​អង្ករ​របស់​យើង​ទេ ដោយសារ​យើង​មាន​កិច្ចព្រមព្រៀង​ជា​ច្រើន​ជាមួយ​ទីផ្សារ​ចិន និង​បង់​ក្លា​ដែ​ស​»​។

លោក ឡុ​ង កែម​វិចិត្រ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែង​ថា ក្រសួងពាណិជ្ជកម្ម​បានដឹង​បញ្ហា​នេះ​ពី​ប្រទេស​អ៊ី​តា​លី​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ គណៈកម្មការ​អឺរ៉ុប​នៅ​តែ​មិន​ទាន់​មាន​ប្រតិកម្ម​តប​ណាមួយ​លើ​បញ្ហា​នេះ​នៅឡើយ​ទេ​។

លោក​ថ្លែង​ថា​៖ «​យើង​ដឹង​អំពី​បញ្ហា​នេះ​ច្រើន​ដង​រួច​មក​ហើយ​ផង​ដែរ ប៉ុន្តែ​មិន​មាន​ប្រតិកម្ម​ពី​គណៈកម្មការ​អឺរ៉ុប​នោះ​ទេ​។

លោក​បាន​បន្ត​ថា​៖ «​ប៉ុន្តែ​យើង​មាន​ទីផ្សារ​ផ្សេង​ៗ ហើយ​យើង​មិនមែន​ជា​ដៃគូ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​នេះ​ទេ វា​គ្រាន់តែ​ជា​បញ្ហា​ទីផ្សារ​របស់​ពួក​គេ​ប៉ុណ្ណោះ​»​។

កម្ពុជា មិនមែន​ជា​ប្រទេស​តែ​មួយ ដែល​ប្រទេស​អ៊ី​តា​លី ស្នើ​សុំ​ទៅ​គណៈកម្មការ​អឺរ៉ុប​ទេ ប៉ុន្តែ​មី​យ៉ា​ន់​ម៉ា ក៏​ស្ថិត​ក្នុង​សំណើ​នេះ​ដែរ ដោយ​អ៊ី​តា​លី​បាន​លើក​ឡើង​ថា ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ទៅ​អ៊ី​តា​លី​កើនឡើង​ជាង ៧០០ ភាគរយ​ក្នុង​រយៈពេល ៨ ខែ​ដំបូង​ឆ្នាំ​២០១៧៕

ប្រភព P POST

Comments

comments