មន្ត្រី​នាំពាក្យ​នៃ​ក្រសួងការបរទេស កូរ៉េ​ខាងជើង​ថ្លែង​ថា សមយុទ្ធ​យោធា​ដ៏​ធំ​រវាង​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​កបាន​គំរាម​ពី​ការ​វាយប្រហារ​ជា​មុន​ប្រឆាំង និង​ក្រុង​ព្យុ​ង​យ៉ាង​គឺ​មូលហេតុ​ដែល​អាច​ធ្វើ​ឲ្យ​ផ្ទុះ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​។

មន្ត្រី​នាំពាក្យ​នៃ​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​នោះ ក៏​បាន​ស្ដីបន្ទោស​ការ​ប្រឈម​នៃ​ការ​ធ្វើសង្គ្រាម​នោះ គឺ ស្ដែង​ឲ្យ​ឃើញច្បាស់​តាម​រយៈ​មន្ត្រី​អា​មេ​រិ​ក ដែល​បាន​រុញច្រាន​ឧបទ្វីប​នេះ​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ អ្នកនាំពាក្យ​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ «​ឥឡូវនេះ នៅ​មាន​សំណួរ​ចោទសួរ​ថា តើ​នៅ​ពេល​ណា​សង្គ្រាម​នឹង​ផ្ទុះ​ឡើង​»​?

លោក​បាន​ថ្លែង​ទៀត​ថា​៖ «​យើង​មិន​ចង់​មាន​សង្គ្រាម​នោះ​ទេ ប៉ុន្តែ​យើង​ក៏​មិន​គេច​ពី​សង្គ្រាម​ដែរ​» ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​នេះ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​កូរ៉េ​ខាងជើង បាន​ធ្វើការ​បាញ់ និង​បំផ្ទុះ​សាកល្បង​នៃ​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប និង​គ្រាប់បែកនុយក្លេអ៊ែរ ហើយ​ការ​ធ្វើតេស្ត​សាកល្បង​ទាំងនោះ ត្រូវ​បាន​ធ្វើ​ឡើង ដោយ​ផ្ទុយ​នឹង​សម្ពាធ​អន្តរជាតិ និង​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​។

កូរ៉េ​ខាងជើង បាន​ថ្លែង​ថា​កាលពី​ស​ប្ដា​ហ៍​មុន ខ្លួន​បាន​ធ្វើតេស្ត​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​ដ៏​ទំនើប​ជាងគេ​របស់​ខ្លួន ដែល​វា​អាច​បាញ់​ដល់​អា​មេ​រិ​ក​។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​សេត​វិមាន​លោក H.R McMaster បាន​ថ្លែង​កាលពី​ចុង​ស​ប្ដា​ហ៍​ថា​លទ្ធភាព​នៃ​សង្គ្រាម​ជាមួយនឹង​ប្រទេស​កូរ៉េ​ខាងជើង​បាន «​កំពុង​តែ​កើន​ឡើងជា​រៀងរាល់ថ្ងៃ​»​។

សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ Lindsey Graham ក៏​បាន​ជំរុញ​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ អាទិត្យ ឲ្យ​ចាប់ផ្ដើម​ជម្លៀស​គ្រួសារ​កងទ័ព​អា​មេ​រិ​ក​ដែល​រួម​មាន​ប្រពន្ធ និង​កូន​ចេញពី​កូរ៉េ​ខាងត្បូង ដោយ​លោក​បាន​និយាយ​ថា សង្គ្រាម​ជាមួយនឹង​កូរ៉េ​ខាងជើង​បាន​កំពុង​តែ​ខិតចូល​មក​កាន់​ជិត​ហើយ​។

កាលពី​ថ្ងៃ​ពុធ យន្តហោះ​ទម្លាក់​គ្រាប់បែក​អា​មេ​រិ​ក B-1B ក៏​បាន​ចូលរួម​សមយុទ្ធ​ផ្លូវអាកាស​របស់​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​ដែរ​៕