ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ស្នើ​ឲ្យ​គណៈកម្មការ​ចម្រុះ​ខេត្តកំពង់ចាម​ទប់ស្កាត់​ចលនា​បក្សី និង​ផលិតផល​មាន​ដើម​កំណើត​បក្សី​ចេញពី​ភូមិ​កោះ​ស្វាយ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ក្នុង​រង្វង់​កាំ​០៣​គីឡូម៉ែត្រ ។

សំណើ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​បាន​រក​ឃើញ​សត្វ​មាន់​ចំនួន ២​ក្បាល ពី​ភូមិ​កោះ​ស្វាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មាន​ផ្ទុក​ជំងឺផ្តាសាយបក្សី ប្រភេទ H5N1​។ ការ​រក​ឃើញ​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ធ្វើ​វិភាគ​មេរោគ​ផ្តាសាយ​បក្សី បន្ទាប់​ពី​មាន សត្វ​មាន់​ឈឺ និង​ងាប់ ប្រមាណ ២០០​ក្បាល នៅ​ក្នុងភូមិ​ឃុំ​ស្រុក​ខាងលើ​នេះ​។

ក្រសួងសុខាភិបាល ក៍បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ការ​ជំងឺ​នេះ ជា​ពិសេស ក្នុង​ពិធីបុណ្យ​ផ្សេង ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ សំខាន់​សូមកុំ​យក​មាន់ ទា ឬ​សត្វ​បក្សី​ឈឺ​ឬ​ងាប់ មក​រៀបចំ​ជា​អាហារ ឫ​លក់​បន្ត ត្រូវ​អនុវត្តន៍​អនាម័យ​ក្នុង​ការ បោចរោម និង​ចម្អិន​ជាប់​ជា​និច្ច​។

គួរ​រំ​ឮ​កថា កាលពី​ឆ្នាំ ២០១៣ ជំងឺផ្តាសាយបក្សី​បាន​ឆ្លង​លើ​មនុស្ស​ចំនួន ២៦​ករណី ដែល​ក្នុង​នោះ​មាន ១៤​ករណី​បាន​ស្លាប់ និង ក្នុង​ឆ្នាំ​២០១៤ មាន ៩​ករណី និង ៤​ករណី​បាន​ស្លាប់ ហើយ​ចាប់តាំងពី​ឆ្នាំ ២០០៥ ដល់ ២០១៤ នៅ​ក្នុង​ប្រទេស​ខ្មែរ​ជំងឺផ្តាសាយបក្សី ដែល​បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន​៥៦​ករណី ដែល​ក្នុង​នោះ​៣៧ ករណី​បាន​ស្លាប់ ។

ជំងឺផ្តាសាយបក្សី មាន​រោគ​សញ្ញា គ្រុនក្តៅ លើស​ពី ៣៨.៥ អង្សារ​សេ និង​មាន​រោគ​សញ្ញា ក្អក ឬ ឈឺ​ក ឬ ដកដង្ហើម ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុង​កំឡុង​ពេល ៧ ថ្ងៃមុន​ចេញ​រោគ​សញ្ញា ចាត់​ទុក​ថា​ជា​ករណី​សង្ស័យ ត្រូវ​ប​ញ្ចូ​ន​អ្នកជំងឺ ទៅ​មណ្ឌល់​សុខភាព ឬ​មន្ទីរពេទ្យ​ជិត​បំផុត​ដើម្បី​ធ្វើការ​ព្យាបាល ៕

 

Comments

comments