អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ឯ​ក្រៅប្រទេស បាន​អះអាង​ជា​ថ្មី​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​វិល​ត្រឡប់​មក​ចូលរួម​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​ក្រោយ​នេះ ប៉ុន្ដែ មន្ដ្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច វាយបក​ថា មិន​អាច​ទៅ​រួច​ទេ​។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ប្រហែល ៣​លាន​នាក់ នៅ​ក្នុង​បោះ​ឆ្នោត​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ហើយ​ថ្នាក់ដឹកនាំ​អតីត​បក្ស​ប្រឆាំង​ចំនួន ១១៨​រូប ត្រូវ​គេ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ ខណៈ​លោក កឹ​ម សុខា ក៏​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ក្បត់ជាតិ​»​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​មួយ​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​២ ខែធ្នូ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី បាន​បង្ហាញ​ក្ដី​សង្ឃឹមថា អតីត​គណបក្សប្រឆាំង​មួយ​នេះ នឹង​អាច​វិល​មក​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ​។

លោក សម រ​ង្ស៊ី បាន​អះអាង​ដូច្នេះ ដោយ​សម្អាង​ថា សំពាធ​ពី​អន្ដរជាតិ នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ទម្លាក់​ចោល​ចេតនា​កម្ចាត់​អតីត​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ចេញពី​ឆាកនយោបាយ​។ នេះ​ដោយ​យោង​តាម​វី​ដេ​អូ ដែល​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​។

យ៉ាងណា​ក៏​ដោយ លោក សម រ​ង្ស៊ី ហាក់​មិន​បាន​បង្ហាញ​យន្ដការ និង​គោលនយោបាយ​ក្នុងស្រុក ដែល​ជំរុញ​ឲ្យ​អតីត​គណបក្សប្រឆាំង​មួយ​នេះ អាច​ដំណើរការ​ឡើង​វិញ​នោះ​ទេ​។

ក្នុង​កិច្ចប្រជុំ លោក សម រ​ង្ស៊ី ថ្លែង​ថា​៖ «​ពេល​ដល់​ឆ្នាំ​២០១៨​នេះ គឺ​វា​មិន​អាច​លួច​យើង​បាន​ដូច​មុន​ទេ​។ ពេល​ហ្នឹង​សម្ពាធ​អន្តរជាតិ​នឹង​ជំរុញ​ឲ្យ គ​.​ជ​.​ប​. នឹង​ដំណើរការ​ឡើង​វិញ គួ​យ ប៊ុ​ន​រឿ​ន អីហ្នឹង គឺ​ត្រឡប់​ទៅ​វិញ ធ្វើការ​ខ្លាំង​ជា​មុន​ទៅ​ទៀត អ​ញ្ចឹ​ង​សុំ​ឲ្យ​បងប្អូន​ទាំងអស់​យល់​ថា នេះ​គឺជា​ព្យុះ ព្យុះ​មួយ​រយៈពេល​ទេ យើង​នឹង​រក​ទីជម្រក​ទៅ​»​។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក សុខ ឥ​សាន មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី គឺ​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ និង​ថា សហគមន៍​អន្ដរជាតិ ក៏​មិន​អាច​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​បាន​ឡើយ​។

លោក​ថា​៖ «​សុំ​ជំរាប សម រ​ង្ស៊ី ថា ខ្មោច​ងាប់​ហើយ មិន​អាច​រស់​ឡើង​វិញ​ទេ​។ អាហ្នឹង ជា​ក្រិត​ក្រម​ធម្មជាតិ ការ​លើក​ឡើង​របស់​គាត់ គ្រាន់តែ​ជា​ការ​ស្រមើ​ស្រ​ម៉ៃ មិន​អាច​ក្លាយទៅជា​ការ​ពិត​ទេ​។ ប្រវត្តិសាស្ដ្រ​កម្ពុជា វិល​ទៅ​មុខ មិនមែន​វិល​ថយក្រោយ​ទេ​»​។

អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត ឡៅ ម៉ុង​ហៃ យល់​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​រស់​ឡើង​ញ​ទេ ប្រសិនបើ​សម្ពាធ​ពី​អន្ដរជាតិ​នៅ​មាន​កម្រិត​តិចតួច​ដូច​សព្វ​ថ្ងៃនេះ​។ មួយវិញទៀត លោក​វិភាគ​ថា វា​ក៏​អាស្រ័យ លើ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ថា​តើ​ពួក​គេ​ពេញចិត្ត ឬ​មិន​ពេញចិត្ត ចំពោះ​របត់​នយោបាយ​បែប​នេះ​។

លោក​ថា​៖ «​ប្រ​សិន​ត្រឹម​កម្រិត​ប៉ុណ្ណឹង ខ្ញុំ​មិន​ជឿ​ថា មាន​ប្រសិទ្ធិ​ភាព​ទេ ប្រហែលជា​ក្នុង​កា​លះ​ទេសៈ​នេះ ត្រូវ​ឲ្យ​ខ្លាំង​មែនទែន ដល់​កម្រិត​បិទ​ផ្សារ​ផលិតផល​ខ្មែរ [​ផលិតផល​សម្លៀក​បំពាក់​នាំ​ទៅ​លក់​នៅ​អា​មេ​រិ​ក និង​អឺ​រុ​ប​]​។ ប៉ុន្តែ ខ្ញុំ​មិន​ជឿ​ថា គេ​ឈាន​ដល់​ហ្នឹង​ទេ​។ តាម​ពិត​ខាងក្នុង​ហ្នឹង ខ្លាំង​ជាង​ខាងក្រៅ អាហ្នឹង​ហើយ​ជា​សម្ពាធ​ទៅ​ដល់​ថ្នាក់ដឹកនាំ​។ ឧ​ទារ​ណ៍​ជាក់ស្តែង វា​មាន​ទៅ​ហើយ ដូច​ជា​នៅ​ប្រទេស​ថៃ រដ្ឋប្រហា​យោធា​មាន​នរណា​ធ្វើ​អី​»​។

ក្រោយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​ចោល សហគមន៍​អន្ដរជាតិ​នាំមុខ​ដោយ​សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​អង្គការសិទ្ធិមនុស្ស​អន្ដរជាតិ​មួយ​ចំនួន បាន​ចេញ​សេចក្ដីថ្លែងការណ៍ ថ្កោលទោស​ជា​បន្ដបន្ទាប់ ដោយ​ថា បាន​រំលោភសិទ្ធិ​ពលរដ្ឋ និង​ឆ្ពោះទៅ​រក​ការ​ដឹកនាំ​បែប​ផ្ដាច់​ការ​៕

Comments

comments