ប្រទេស​ចំនួន ៥ ទទួលយក​តួនាទី​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ​បន្ទាប់ NOCC បាន​ធ្វើ​សមាជ​មួយ កាលពី​ថ្ងៃអាទិត្យ ដើម្បី​បូក​សរុប​លទ្ធផល​ការ​ប្រកួត​គុន​ខ្មែរ​អន្តរជាតិ ជា​លើក​ដំបូង​ចំនួន ៣ ថ្ងៃ ដោយ​មាន ១០ ប្រទេស​ចូលរួម នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ និង​បាន​បញ្ចប់​ដោយ​ជោគជ័យ កាលពី​យប់​ថ្ងៃអាទិត្យ​។

នៅ​ក្នុង​សមាជ របស់​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ (Congress KunKhmer International Federation) កាលពី​ថ្ងៃអាទិត្យ​នោះ ប្រទេស​អូស្ត្រាលី នេ​ប៉ា​ល់ បារាំង អ៊ី​រ៉​ង់ និង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​យល់​ព្រមយក​ឋានៈ​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ និង​យល់ព្រម​កសាង​ក្លិប សមាគម និង​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ​នៅ​តាម​ប្រទេស​រៀង​ៗ​ខ្លួន​។

លោក​បណ្ឌិត ម៉ា​ម រ៉ា ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែ​អន្តរជាតិ បាន​ថ្លែង​ថា លទ្ធផល​ការ​ប្រកួត​៣​ថ្ងៃ ដែល​មាន​ប្រតិភូ និង​កីឡាករ​កីឡាការិនី​មក​ពី​១០​ប្រទេស មាន​អូស្ត្រាលី ប្រេ​ស៊ី​ល បារាំង អ៊ុយ​ក្រែ​ន រុ​ស្ស៊ី នេ​ប៉ា​ល់ ឡាវ ថៃ នី​ហ្សេ​រី​យ៉ា និង​កម្ពុជា ជា​ម្ចាស់ផ្ទះ​នោះ យើង​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កត់សម្គាល់​។

លោក​បន្ត​ថា​៖«​ចំពោះ​ប្រទេស ដែល​សម្រេច​ទទួលយក​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ មាន​អូស្ត្រាលី នេ​ប៉ា​ល់ បារាំង អ៊ី​រ៉​ង់ និង​អ៊ុយ​ក្រែ​ន ខណៈ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ម្ចាស់​ដើម​នៃ​ក្បាច់គុន​ជា​ប្រធាន ដើម្បី​ធ្វើ​ចលនា​ផ្សព្វផ្សាយ ស្វែងរក​ការ​គាំទ្រ​ជំរុញ​កីឡា​គុន​ខ្មែរ​អន្តរជាតិ​នេះ ឲ្យ​មាន​ភាព​រីក​ចម្រើន​នៅ​លើ​ពិភពលោក​»​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ខ្មែរ អន្តរជាតិ ដែល​ជានា​យក​គ្រប់គ្រង​ការ​ប្រកួត​និង​ជា​អគ្គលេខាធិការ NOCC ថ្លែង​ថា​៖«​លទ្ធផល​ប្រកួត​ចំនួន​៣​ថ្ងៃនេះ យើង​ទទួល​បាន​ផល​ជា​វិជ្ជមាន និង​មានការ​គាំទ្រ​។ យើង​មាន​អត្ថន័យ​គាំទ្រ​នៃ​ការ​ចាប់ផ្តើម​លើក​ទី​១ ក្នុង​ការ​ជំរុញ​វប្បធម៌​សិល្បៈ ក្បាច់គុន​របស់​ខ្មែរ ទៅ​លើ​ឆាក​អន្តរជាតិ​។ ហេតុនេះ​បានជា​យើង​ចែក​ការ​ប្រកួត​ជា​ផ្នែក​មាន​ស្ម័គ្រចិត្ត ពាក់កណ្តាល​អាជីព និង​អាជីព ឬ​ដណ្តើម​ខ្សែក្រវាត់​»​។

លោក​បន្ត​ថា យើង​មិន​អាច​យក​ការ​ប្រកួត​នេះ ទៅ​ប្រៀបធៀប​ជាមួយ​ការ​ប្រកួត​លក្ខណៈ​អាជីព ដែល​ក្រុមហ៊ុន​ឯកជន​រៀបចំ​នោះ​ឡើយ ព្រោះ​ខាង​ឯកជន គេ​រៀបចំ​កន្លង​មក គឺ​សំដៅ​ទៅ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ទាក់ទាញ​មហាជន ដោយ​មិន​បាន​គិត​ពី​បទដ្ឋាន​លក្ខណៈ​ស្តង់ដារ​ផ្លូវការ​នោះ​ទេ ក្នុង​នោះ​តម្លៃ​ខ្លួន​ប្រកួត និង​ជ័យជម្នះ​របស់​កីឡាករ ជា​រឿង​សំខាន់ ដែល​ត្រូវ​ប្រកួតប្រជែង​គ្នា​។

លោក​សង្កត់ធ្ងន់​ថា​៖«​ចំណែក​ការ​ប្រកួត​របស់​យើង គឺ​ដើម្បី​កម្សាន្ត និង​អបអរសាទរ Congress KunKhmer International Federation លើក​ទី​១ ដែល​យើង​បាន​ប្រឹងប្រែង​កសាង​ឲ្យ​មាន​ព្រឹត្តិការណ៍​គុន​ខ្មែរ​អន្តរជាតិ​នេះ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ពិភពលោក​ទទួលស្គាល់​គុន​ខ្មែរ​របស់​យើង មុន​នឹង​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​ខាង​មុខ​»​។

ចំណែក លោក តែម ម៉ឺន អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ និង​ជា​ប្រធាន​គ្រប់គ្រង​បច្ចេកទេស ថ្លែង​ថា​៖«​ព្រឹត្តិការណ៍​លើក​ទី​១​នេះ មិន​ទាន់​បាន​ល្អ​ប្រសើរ​ទេ ដោយសារ​តែ​ការ​រៀបចំ​លើក​ទី​១ ហើយ​រយៈពេល​ខ្លី​។ យើង​មាន​បញ្ហា​ផ្លាស់​ប្តូ​គូប្រកួត​ជា​ច្រើន ហើយ​បញ្ហា​កីឡាករ​កីឡាការិនី​មក​ពី​បរទេស​មួយ​ចំនួន គឺ​មិនមែន​អាជីព ដាក់​ប៉ះ​ជាមួយ​កីឡាករ​កម្ពុជា​ភាគច្រើន​អាជីព គឺ​មាន​សមត្ថភាព​មិនសូវ​ស័ក្តិសម​គ្នា​ដែរ​»​។

លោក​បន្ថែម​ថា ទោះជា​យ៉ាងណា​គណៈកម្មការ​បច្ចេកទេស បាន​អនុវត្ត​ការ​កាត់ក្តី​បាន​ល្អ​យុត្តិធម៌​តាម​អ្វី ដែល​ប្រតិភូ​មក​ពី​ប្រទេស​នានា ទទួលយក​បាន​ទាំងអស់​គ្នា គឺ​មាន​ឈ្នះ​មាន​ចាញ់​តាម​សមត្ថភាព​។ សម្រាប់​លទ្ធផល​សំខាន់​នៃ​ការ​ប្រកួត ឌុ​ម កែវ​ដា ឈ្នះ​ខ្សែក្រវាត់​ពី​កីឡាករ​អូស្ត្រាលី ឯ ឡុ​ង សុ​ភី ឈ្នះ​កីឡាករ​ឡាវ និង ឃី​ម ឌី​ម៉ា ឈ្នះ​ជើង​ខ្លាំង​ថៃ​ទាំង​លំបាក​៕

ប្រភព P POST

Comments

comments