ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ទំនងខកចិត្ត និង​អស់សង្ឃឹមនឹងរឿងស្នេហាបាន​ទាញ​​កាំភ្លើង AK47 បាញ់​សម្លាប់​ខ្លួន ចំ​ក្បាល​១​គ្រាប់ ធ្លា​យមក​ក្រោយ ស្លាប់​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម ដោយសារ​តែ​មាន​វិបត្តិ​ដោះស្រាយ​មិន​ចេញ ព្រោះ​គូសង្សា​ទៅ​នៅ​អូរ​ស្ត្រា​លី បាន​ទាមទារ​ថ្លៃទឹកដោះ​ឡើងរហូត​ដល់​ទៅ​៧​ម៉ឺន​ដុល្លារ ឯណោះ ។

ហេតុការណ៍​នេះ បាន​ភ្ញាក់ផ្អើល​ដល់​កម្មករ​ក្នុង​ចំការ​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្នុង​បន្ទប់ទឹក ផ្ទះ​ចាំចំការ​មួយ​កន្លែង នៅ​ភូមិ​ជ្រៃ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ខាងលើ មានឈ្មោះ ទី ភេទ ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​រស់នៅ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

មន្ត្រី​សមត្ថកិច្ច​បាន​បន្ត​ថា បុរស​ដែល​ស្លាប់​ខាងលើ​នេះ បាន​មក​ស្នាក់​នៅ​ចាំចំការ​កៅស៊ូ ឱ្យ​លោក​ឧត្តមសេនីយ៍​យោធា​ម្នាក់ ក្នុងស្រុក​មេមត់ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ សព្វ​ថ្ងៃនេះ ជា​អ្នក​មើល​ការ​ខុស​ត្រូវ លើ​កម្មករ​នៅ​ទីនោះ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ពេល​កន្លង​មក បុរស​ឈ្មោះ​ទី នេះ​បានឱ្យ​ចាស់ទុំ​ចូល​ស្តីដណ្តឹង នារី​ខ្មែរ​ម្នាក់ ជា​អាណិកជន នៅ​ប្រទេស​អូស្ត្រាលី ពេល​ដែល​ចូល​ស្តី​ដំបូង​គេ​ផ្គាប់​ថ្លៃទឹកដោះ​១​ម៉ឺន​ដុល្លារ ហើយ​ក្រោយមក​ក៏​បាន​ប្រឹងប្រែង ខិតខំ​ធ្វើ​ការងារ សន្សំ​លុយ​បាន​សម​ល្មម ។ លុះ​ពេល​ដែល​សួរនាំ​ចូល​ដណ្តឹង​នាង បែរជា​ភាគី​ខាង​កូណក្រមុំ​តម្លើង​ថ្លៃទឹកដោះ​រហូត​ដល់​ទៅ​៧​ម៉ឺន​ដុល្លារ កាន់តែ​គ្មាន​លទ្ធភាព​រក​លុយ​បន្ថែម​ឱ្យទៅ​គេ​នោះ​ទេ ។

សមត្ថកិច្ច បញ្ជាក់​ថា ក្រោយមក​បុរស​ឈ្មោះ​ទី ខូចចិត្ត​អស់សង្ឃឹម​នឹង​រឿង​ស្នេហា​ឧស្សាហ៍​ដើរ​ផឹកស្រា ស្រវឹង​ស្ទើរ​រាល់ថ្ងៃ ហើយ​មាន​ពេល​មួយ​នោះ រត់​ទៅ​យក​ចង​.​ក​ធ្វើ​អត្តឃាត ប៉ុន្តែ​ត្រូវ​បាន​សាច់ញាតិ​ជួយ​សង្គ្រោះ​ទាន់ ។ នៅ​ពេល​មុន​បាញ់​សម្លាប់​ខ្លួន​១​ថ្ងៃ បុរស​ខូចចិត្ត បាន​ឆាត​តាម​ហ្វេ​ស​បុក ទៅ​ស្ត្រី​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី និយាយ​ទៅ​វិញ​ទៅ​មក ស្រាប់តែ នៅ​ម៉ោង​ប្រមាណ​ជា​៥​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៩ ធ្នូ នេះ បុរស​ឈ្មោះ​ទី បាន​យក​កាំភ្លើង​អាកា​៤៧ មក​បាញ់​ក្បាល​ខ្លួនឯង​១​គ្រាប់ ធ្វើ​អត្តឃាត​ក្នុង​បន្ទប់ទឹក នៅផ្ទះ​ចាំចំការ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម គួរឲ្យរន្ធត់ក្រៃលែង ៕