ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​៤៧០ ខ្ទេច​មួយ​ចំហៀង ហើយ​អ្នកបើកបរ​រង​របួសស្រាល ខណៈ​បើក​ទៅ​បុក​ពីក្រោយ​គូថ​រថយន្ត​ស្ទូច​ដែល​ចត​នៅ​ស្ងៀម កាលពី​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ ២០១៧ នៅ​ចំណុច​ផ្លូវ​១០១៩ ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ភ្លាម​ៗ អ្នក​បើករថយន្ត​ឡិច​ស៊ី​ស​៤៧០ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​អ្នក​បើករថយន្ត​ស្ទូច​វិញ បាន​គេចខ្លួន​បាត់ ក្រោយ​កើតហេតុ​ការណ៍ ។

ប្រភព​ពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ប្រាប់​ថា ដំបូង​គេ​ឃើញ​មាន​រថយន្ត​ស្ទូច​មួយ​គ្រឿង ម៉ាក HINO ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-0046 ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ តាំងពី​យប់​មក​ម្លេះ លុះដល់​ម៉ោង​ខាងលើ​ស្រាប់តែ​មាន​រថយន្ត LEXUS 470 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-8172 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង ស្ថិត​ក្នុង​ល្បឿន​លឿន គាប់​ជួន​ចំណុច​ខាងលើ​ជា​ផ្លូវ​កោង​ផង សង្ស័យ​បួង​ចង្កូត​មិន​ទាន់​ក៏ ជ្រុល​ទៅ​បុក​គូថ​រថយន្ត ដែល​ចត​ស្ងៀម​តែ​ម្តង បណ្តាល​អោយ​រថយន្ត LEXUS ខ្ទេច​មួយ​ចំហៀង​ខាងស្តាំ តែ​សំណាងល្អ អ្នក​បើករថយន្ត​រង​របួសស្រាល ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង​ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ នៅ​ពេល​ក្រោយ ៕