ភ្នំពេញ ៖ មាន​ករណី​គ្រោះ​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើករថយន្ត​សេរី​ទំនើប​មួយ​គ្រឿង ម៉ាក Mercedes ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AV-3838 បុក​រះ​តូប​លក់​អាហារ​ពេល​យប់ និង​ម៉ូតូ​៥​គ្រឿង ព្រមទាំង​រថយន្ត​មួយ​គ្រឿង​ផង​ដែរ ដែល​បង្ក​ឲ្យ​ខូចខាត សំណាងល្អ​ពុំ​មាន​អ្នក​រង​គ្រោះ​ដល់​អាយុ​ជិ​វីត​ទេ ។

ហេតុការណ៍បុក​រះ​​នេះបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១១ ធ្នូ ២០១៧ តាម​បណ្តាល​ឱ្យ​ផ្លូវ​២៧១ ជិត​ដល់​វត្ត​សន្សំ​កុសល ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំកា​មន ។

បន្ទាប់​ពី​បើក​បុក​រួច​បុរស​ដែល​បើករថយន្ត​បង្ក​មានឈ្មោះ ស៊ី​ម ពុទ្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជា​សិស្ស ត្រូវ​បាន​សមត្ថកិច្ច យក​ចេញពី​កន្លែង​កើតហេតុ ជៀសវាង​ការ​ប្រើ​អំពើ​ហឹ​ង្សា​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង កើតហេតុ​នោះ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​រង​គ្រោះ​ម្នាក់​បើកបរ​រថយន្ត​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២V-៩៧១១ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ​រថយន្ត​បង្ក បើកបរ​មក​ពីក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ហើយ​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​របស់​គាត់ ចំ​ពី​ចំហៀង​ក្រោយ ផ្នែក​ខាងស្តាំ ពេញទំហឹង​បណ្តាល​ឱ្យ​រថយន្ត​បា​ឡែ​ន រេ​ចង្កូត​ទៅ​ខាងឆ្វេង ទៅ​បុក​នឹង​រនាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការ​ខូចខាត​យ៉ាងដំណំ ។

ប្រភព​ដដែល បាន​បន្ត​ថា រថយន្ត​របស់​លោក​រង​ការ​ខូចខាត​ដាច់​កង់ និង​ក្រពឹត​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងស្តាំ និង​ធ្លាក់​កាង​ខាង​មុខ​វិល​ក្បាល​ត្រលប់​ក្រោយ​វិញ ។

ចំណែកឯ​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​រេ​ចង្កូត​ទៅ​ខាងស្តាំ​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំនួន​០៤​គ្រឿង​ទៀត ដែល​ឈប់​ចត​នៅ​មុខ​តូប​លក់​មីឆា និង​បណ្តាល​ឱ្យ​បុរស​ចំនួន​៣​នាក់ ដែល​ចូល​ហូប​បាយ​ឆា​រង​របួសស្រាល ហើយ​រថយន្ត​បង្ក​ក៏​បន្ត​ទៅ​បុក​គូទ​កង់​អា​គុយ​មួយ​គ្រឿង ពណ៌​ស ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ចំ​ពីក្រោយ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ រីឯ​អ្នកបើកបរ​រង​របួសស្រាល ចំណែកឯ​រថយន្ត​បង្ក​រេ​ចង្កូត​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ឱ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​បុរស​បង្ក និង​រថយន្ត​រង​គ្រោះ​រួម​ទាំង​ម៉ូតូ​រង​គ្រោះ​បួន​គ្រឿង និង​កង់​អា​គុយ​មួយ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់ ៕