សៀមរាប ៖ សង្ឃ​ចំនួន​២​អង្គ ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្តសម្រេច​ចាប់​ផ្សឹក​ភ្លាម​ៗ រួច​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​សង្ឃ​ទាំង​២​អង្គ​នេះ បាន​និមន្ត​ដើរ​បិណ្ឌ​បាត្រ​ រួច​យក​ប្រាក់​ទាំងនោះ​ ទៅ​ជួល​បន្ទប់​ស្នាក់​នៅ ដើម្បីទិញ​ថ្នាំ​ញៀន​យក​មក​ប្រើប្រាស់ ​។

ប្រតិបត្តិការ​ឃាត់ខ្លួន​សង្ឃ​២​អង្គ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ថ្ងៃ​ទី​១១ ធ្នូ ២០១៧ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុង​សៀមរាប ​។

សង្ឃ​ទាំង​២​អង្គដែល​ត្រូវ​ចាប់​ផ្សឹក​នោះ រួម​មាន ទី​១​ឈ្មោះ ​វិ​ន សំណាង អាយុ​២៧​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​អញ្ចាញ ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ និង​ទី​២​ឈ្មោះ​អឿ​ន អ៊​ត់ អាយុ​១៧​ឆ្នាំ ទី​នៅ​ក្នុងភូមិ​សឿ ឃុំ​ល្វា ស្រុក​សិរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ ​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ទទួលបាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ល្អថា ​បាន​ប្រទះ​ឃើញ​មាន​សង្ឃ២​អង្គ​ប្លែក​មុខ បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ ហើយ​ពេល​ថ្ងៃ​ឃើញ​នាំ​គ្នា​ចេញ​ទៅ​និមន្ត​បិណ្ឌ​បាត្រ រួច​ក៏​ត្រឡប់​មក​សម្ងំ​ក្នុង​បន្ទប់ សង្ស័យសំងំ​ប្រើប្រាស់​គ្រឿងញៀន ​ទៀត​ផង ​។

សមត្ថកិច្ច បន្ត​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើសមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យ​ដល់​បន្ទប់​ជួល​​សួរនាំ​សង្ឃ​ទាំង​២​អង្គ ទើប​ដឹង​ថា លោកបាននិមន្ត​បិណ្ឌ​បាត្រ​ដោយ​មិន​មានច្បាប់​ទម្លាប់​អ្វី​ទាំងអស់ និង​ថែម​ទាំង​បាន​យក​បច្ច័យ​ទាំងនោះ ទៅ​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់​ទៀត​ផង ​។

សមត្ថកិច្ច បានបញ្ជាក់​ថា បន្ទាប់​ពី​ធ្វើតេស្ត​ទឹកនោម​សង្ឃ​ទាំង​២​អង្គ​ខាងលើរួច​ ​លទ្ធផលបញ្ជាក់ថា មាន​សារធាតុ​ញៀន​ ​រួច​ហើយ​សមត្ថកិច្ច​ក៏​ប្រគល់​សង្ឃ​ទាំង​២​អង្គ​ទៅ​ឱ្យ​ព្រះ​អនុ​គុណ​ក្រុង​សៀមរាប ដើម្បីផ្សឹក រួច​ប្រគល់​មក​ឱ្យ​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ​៕