ភ្នំពេញ ៖ បុរស​ម្នាក់​ទើប​ចេញ​មក​ពី​ពិធី​មង្គលការ​មួយ​នៅ​កោះ​ពេជ្រ ទំនង​ផឹកស្រា​ជ្រុល ​ស្រវឹង​ខ្លាំង បាន​បើករថយន្ត​មក​ឈប់​ដេក​នៅ​កណ្តាលផ្លូវ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ រួច​បាន​រាយការណ៍​ទៅ​សមត្ថកិច្ចចុះ​មក​អន្តរាគមន៍ ។

ហេតុការណ៍​ខាងលើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១១ ធ្នូ ២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បើ​តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់ បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-8448 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​កាំកុងត្រូល (​មាន​អាវ​មន្ត្រី​ក្នុង​រថយន្ត​) ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ បុរស​នោះ​បើករថយន្ត​ទៅ​មុខ​លែង​រួច បាន​ឈប់​រថយន្ត​ដេក​នៅ​កណ្តាលផ្លូវ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ក្រោយ​ពេល​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​ឲ្យ​ដាស់​អោយ​ភ្ញាក់​ដឹងខ្លួន​វិញ បុរស​ដែល​ជា​មន្ត្រី​កាំកុងត្រូល គិតតែ​ពី​អង្គុយ​ក្អួតចង្អោរ ក្អួត​រួច​ទើប​ប្រាប់សមត្ថកិច្ច​ថា រូប​គាត់​ទើប​ចេញ​មក​ពី​ញ៉ាំ​ការ​មិត្តភក្តិ នៅ​កោះ​ពេជ្រ ហើយ​បំណង​បើករថយន្ត​ត្រឡប់​ទៅ​ផ្ទះ នៅ​ម្តុំ​បាក់​ទូក ប៉ុន្តែ​ដោយសារ​រូប​គាត់​ស្រវឹងស្រា​ខ្លាំង​ពេក ក៏​បើក​ហួស​ វង្វេង​រក​ផ្លូវ​ទៅ​ផ្ទះ​មិនឃើញ ក៏​ឈប់​រថយន្ត​ដេក​តែ​ម្តង ។

បន្ទាប់​ពី​សមត្ថកិច្ច​សួរនាំ ក៏បាន​ទាក់ទង​ទៅ​សាច់ញាតិ​មក​ដឹក​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​មក​កូនប្រុស​បាន​មក​ដឹក​យក​ត្រឡប់​ទៅ​ផ្ទះ​បាត់​ទៅ ៕