ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប EU នៅ​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃនេះ EU បាន​សម្រេច «​ផ្អាក​ជំនួយ​» សម្រាប់​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដោយសារ​មានការ​រំលាយ​គណបក្សប្រឆាំង ជា​អ្វី​ដែល​មន្ត្រី​យល់​ថា​ជា​សិទ្ធិ​របស់​គេ និង​ថា​ប្រទេស​មួយ​ចំនួន​ត្រៀម​ជួយ​រួច​ហើយ​។

លោក George Edgar បាន​សរសេរ​លិខិត​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី ១២ ខែធ្នូ​នេះ ផ្ញើ​ទៅ​កាន់​លោក ស៊ិ​ក ប៊ុ​ន​ហុ​ក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) ទាក់ទង​នឹង​បញ្ហា​នេះ​។

កាលពី​ថ្ងៃ​សុក្រ លោក Edgar ក៏​បាន​ធ្វើ​សន្និសីទកាសែត​ពាក់ព័ន្ធ​នឹង​ការ​សម្រេចចិត្ត​មួយ​នេះ​ផង​ដែរ​។

ទោះ​យ៉ាងណា​លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង​នៃ គ​.​ជ​.​ប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​សម្រេចចិត្ត​របស់​EU មិន​ប៉ះពាល់​ដល់​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​របស់ គ​.​ជ​.​ប និង​ថា នេះ​ជា​អ្វី​ដែល «​មិន​អាច​ទទួលយក​បាន​»​។

លោក​និយាយ​ថា ៖ «​ការ​ព្យួរ​ជំនួយ គឺ​មិន​ប៉ះពាល់​លើ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​របស់​គ​.​ជ​.​ប​ទេ​»​។

លោក​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា នា​ខែកុម្ភៈ ឆ្នាំ ២០១៨ ខាង​មុខ​នេះ កម្ពុជា ត្រូវការ​ថវិកា ២ លាន និង សម្រាប់​ការ​បោះ​ឆ្នោតជាតិ នា​ខែកក្កដា ឆ្នាំ ២០១៨ គឺ ត្រូវការ ៥២ លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង គ​.​ជ​.​ប នៅ​ល្ងាច ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧​នេះ បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News ឱ្យ​ដឹង​ថា ការ​ផ្តាច់ជំនួយ​របស់​សហគមន៍​អឺរ៉ុប នា​ពេល​នេះ​មិន​ប៉ះពាល់​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ទេ​។ គ​.​ជ​.​ប មាន​កញ្ចប់​ថវិកាជាតិ​គ្រប់គ្រាន់ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ហើយ​ពេល​នេះ ប្រទេស​ចិន​គឺជា​បង្អែក​ដ៏​រឹង​មាំ ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ក្រៅពី​នោះ មាន​ជប៉ុន និង​កូរ៉េ​ថែម​ទៀត​៕