ក្រុម​ហ៊ុ ន​អង្គរ ដា​វ័​ណ្ណ (​ខេ​ម​បូ​ឌា​) ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ប្រមូល​ម្សៅ​ទឹកដោះគោ​ទារក​ចំនួន​ពីរ​ប្រភេទ ពី​ទីផ្សារ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មក​វិញ ដែល​អាច​សង្ស័យ​ថា មាន​ប្រឡាក់​មេរោគ​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដែល​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ថ្ងៃនេះ​។

ការ​ប្រមូល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន Lactalis ដែល​ជា​ក្រុមហ៊ុន​ផលិត​ម្សៅ​ទឹកដោះគោ​ធំ​មួយ​នៅ​ក្នុង​ពិភពលោក និង​អាជ្ញាធរ​បារាំង បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​ទឹកដោះគោ Lactalis ទូ​ទាំង​ពិភពលោក​ប្រមូល​ផលិត​ទាំងនោះ​ពី​ទីផ្សារ​មក​វិញ បន្ទាប់​ពី​រក​ឃើញ​ថា ផលិតផល​ខ្លះ​របស់​ក្រុមហ៊ុន​នេះ មាន​មេរោគ​និង​ខ្លះ​ទៀត​សង្ស័យ​ថា មាន​ប្រឡាក់​មេរោគ​។

ក្រុមហ៊ុន​អង្គរ ដា​វ័​ណ្ណ (​ខេ​ម​បូ​ឌា​) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​នាំ​ចូល​ម្សៅ​ទឹកដោះគោ Celia បួន​ប្រភេទ​របស់​ក្រុមហ៊ុន Lactalis ដែល​ក្នុង​នោះ​មាន​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ សង្ស័យ​ថា​មាន​ប្រឡាក់​មេរោគ គឺ​ម្សៅ​ទឹកដោះគោ​ព្យាបាល​អាកា​រៈ​រាក​របស់​ទារក​ម៉ាក Celia AD និង​ម្សៅ​ទឹកដោះគោ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ Celia Mama​។

លោក មាស ច័ន្ទ​អេ​រី​វ័​ណ្ណ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អង្គរ ដា​វ័​ណ្ណ បាន​ឲ្យ​ដឹង​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ​នូវ​ម្សៅ​ទឹកដោះគោ​ទារក​Celia របស់​ក្រុមហ៊ុន Lactalis ចំនួន​បួន​ប្រភេទ រួម​មាន​ទឹកដោះគោ​ទារក Celia Develop បបរ​ទារក Cereline ម្សៅ​ទឹកដោះ​ព្យាបាល​អាកា​រៈ​រាក Celia AD និង​ម្សៅ​ទឹកដោះគោ​សម្រាប់​ស្ត្រី​ពរ​ពោះ Celia Mama​។

លោក​ថ្លែង​ថា ក្រុមហ៊ុន​លោក​កំពុង​ប្រមូល​ម្សៅ​ទឹកដោះគោ Celia AD និង Celia Mama បន្ទាប់​ពី​ក្រុមហ៊ុន Lactalis បាន​ជូនដំណឹង​មក​លោក​ថា​អាច​ជា​ផលិតផល​សង្ស័យ​ដែល​មាន​ប្រឡាក់​ម៉េ​រោគ​សាល់​ម៉ូ​ណេ​ឡា​នេះ​។

លោក​ថ្លែង​ថា ផលិតផល​ដែល​សង្ស័យ​ទាំង​ពីរ​ប្រភេទ​នេះ​មាន​លេខ​បាច់ 17C0012746 ផុតកំណត់​នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ សម្រាប់​ទឹកដោះគោ Celia AD និង​លេខ​បាច់ 17C0012679 ផុតកំណត់​នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩ សម្រាប់​ទឹកដោះគោ Celia Mama ហើយ​ទឹកដោះគោ​ដែល​មាន​លេខ​បាច់ និង​ថ្ងៃ​ផុតកំណត់​ផ្សេង​ពី​នេះ​មិន​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​នេះ​ឡើយ​។

ទោះជា​យ៉ាងណា លោក​បាន​ថ្លែង ផលិតផល​ពីរ​ប្រភេទ​ផ្សេង​ទៀត​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​។

អាជ្ញាធរ​សុខាភិបាល​បារាំង កាលពី​ចុង​ស​ប្តា​ហ៍​មុន​បាន​ចេញ​បញ្ជា​ឲ្យ​ប្រមូល​ផលិតផល​ម្សៅ​ទឹកដោះគោ​នេះ​ទូ​ទាំង​ពិភពលោក ដោយសារ​ក្តី​បារម្ភ​ថា​មាន​ជាប់​ប្រឡាក់​មេរោគ​សាល់​ម៉ូ​ណេ​ឡា បន្ទាប់​ពី​មានការ​រក​ឃើញ​កុមារ​ធ្លាក់ខ្លួន​ឈឺ​២៦​ករណី​ក្នុង​ប្រទេស​បារាំង​។

រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​សាល់​ម៉ូ​ណេ​ឡា រួម​មាន​ចុក​មួល​ក្នុង​ពោះ រាគ ក្អួត និង​ក្តៅខ្លួន​។

អ្នក​ដែល​ឆ្លង​មេរោគ​នេះ​នឹង​ជា​សះស្បើយ​វិញ​ដោយ​មិន​បាន​ទទួល​ការ​ព្យាបាល​ ៕

ប្រភព P POST

Comments

comments