ស្ងាត់​ៗ ស្រាប់តែ ចរិយា ពេជ្រ បាន​បើក​សម្ពោធ ហាង​ថែរក្សា​សម្ផស្ស​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ថ្មី​សន្លាង​មួយ ឈ្មោះ “​យូ​អ៊ី ប៊ី​យូ​ធី​” កាលពី​ព្រឹក​មិ​ញ ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ម្ដុំ​ស្ពាន​អាកាស​ក្បាលថ្នល់ ទល់មុខ ភោជ​នីយដ្ឋាន​ទន្លេបាសាក់​២… នរណា​មិន​ឆ្ងល់? ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​សរសើរ​នាង ពូកែ​សន្សំ​ប្រាក់ និង​ខិតខំ​រក​ប្រាក់​ ។

ករណី​នេះ ប្រាកដជា​មាន​អ្នក​ដែល​តាមដាន​សកម្មភាព​នាង ឆ្ងល់​ជា​មិន​ខាន ព្រោះថា បើ​ពឹង​ទៅ​លើ​មុខរបរ​សម្ដែង គឺ​ហាក់ដូចជា​តានតឹង​បន្តិច​ហើយ ។ តើ​តារា​សម្ដែង​រាង​ស្វែ​ល សាច់​សខ្ចី ចរិយា ពេជ្រ មាន​លុយ​មកពីណា បើកហាង​ថែរក្សា​សម្ផស្ស​បែប​ទំនើប​មួយ​នេះ ?

ក្នុង​ពិធី​បើ​សម្ពោធ​ហាង​ថែរក្សា​សម្ផស្ស​ថ្មី​នេះ តារា​សម្ដែង​ដំណើរ​ល្វត់ល្វន់ រាង​ខ្ពស់​ស្អាត ចរិយា ពេជ្រ បាន​ស្រាយ​នូវ​ច​ម្ង​ល់​ថា ចំពោះ​ការ​បើកហាង​រកស៊ី​ថ្មី​នេះ​ដែរ គឺ​នាង​ប្រមូលប្រាក់​ពី​ការ​សន្សំ​របស់​ខ្លួន​នាង​ផ្ទាល់ ព្រមទាំង​ហ៊ុន​ជាមួយ​បងស្រី​នាង និង​ក្រុម​គ្រួសារ​ ។ ជា​ពិសេស មានការ​ជំរុញ​លើកទឹកចិត្ត​ពី​បងស្រី ហេតុ​ដូច្នេះ​ហើយ​ទើប​នាង​ហ៊ាន​បោះទុន​ប្រហែល១០ម៉ឺន​ដុល្លារ ដើម្បី​បំពេញ​បំណង​សុភាព​នារី​ទាំងឡាយ ដែល​ចង់បាន​សម្ផស្ស​ស្រស់​ស្អាត និង​ក្មេង​ជាង​វ័យ ​។

ចរិយា ពេជ្រ រៀបរាប់​ថា ការ​បើក​អាជីវកម្ម​លើក​ដំបូង​នេះ នាង​មិន​ខ្លាច​ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ​នោះ​ទេ ព្រោះ​ហាង​ថែរក្សា​សម្ផស្ស​របស់​នាង មាន​វេជ្ជបណ្ឌិត​ជំនាញ​មក​ពី​ប្រទេស​ថៃ ផ្នែក​ថែរក្សា​សម្រស់​ពេញ​១​ដងខ្លួន​របស់​ស្ត្រី​តែ​ម្ដង ប្រចាំការ​ ។ សម្រាប់​ពេល​នេះ ហាង “​យូ​អ៊ី ប៊ី​យូ​ធី​” មាន​តែ​នៅ​ភ្នំពេញ​ប៉ុណ្ណោះ​ទេ មិន​ទាន់​បាន​ពង្រីក​សាខា​ទៅ​តាម​ខេត្ត​ឡើយ តែ​ថ្ងៃ​ខាង​មុខ នាង​ខ្ញុំ​នឹង​បើក​សាខា​នៅ​តាម​ខេត្ត តែ​ក្នុង​១​ខេត្ត តម្រូវ​ឲ្យ​មាន​ហាង យូ​អ៊ី ប៊ី​យូ​ធី តែ​មួយ​ប៉ុណ្ណោះ​៕

Comments

comments