ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជា​គួរ​បញ្ចុះបញ្ចូល​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​ដើម្បី​ទប់​ស្កាត់​ការព្យួរ​សម្បទាន​ពន្ធគយ​ណាមួយ​ជាយថាហេតុ​។ នេះ​បើ​យោងតាម​លិខិត​របស់​ក្រសួង​ ពាណិជ្ជកម្ម ផ្ញើជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​បង្ហោះ​ចែកចាយ​នៅ​បណ្តាញ​សង្គម​ ហ្វេ​ស​ប៊ុ​ក កាលពី​រសៀល​ថ្ងៃ​អាទិត្យ​។

លិខិត​ចុះ​កាល​បរិច្ឆេទ​ថ្ងៃទី​ ៤ ខែធ្នូ ឆ្នាំ​ ២០១៧ ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋ​មន្ត្រី ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្កិ ក៏​បាន​ផ្តល់​យោបល់​ឲ្យ​រដ្ឋាភិបាល​ក្នុង​ជម្រើស​ផ្សេង​ទៀត គួរ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ចង្អៀត​នៃ​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ ហិរញ្ញវត្ថុ ដោយ​មាន​ការ​ចូលរួម​ពី​ក្រសួង ស្ថាប័ន សំខាន់ៗ​ដែល​ជា​សមាជិក​គណៈកម្មាធិការ​នេះ​ផង​ដែរ​។

​លិខិត​បាន​បញ្ជាក់​ថា​៖ «​ដើម្បី​ទប់ស្កាត់​ការ​សម្រេច​ព្យួរ​សម្បទាន​ពន្ធគយ​លើ​គ្រប់មុខ​ទំនិញ​ដោយ​សភា​អឺរ៉ុប​ជាយ​ថាហេតុ កម្ពុជា​គួរ​បញ្ចុះ​បញ្ចូល​បណ្ដា​ប្រទេស​ជា​មិត្ត​ដែលជា​សមាជិក​សហភាព​អឺរ៉ុប តាមរយៈ​បណ្ដាញ​ការទូត និង​ពាណិជ្ជកម្ម​ព្រោះ​សហភាព​អឺរ៉ុប​ច្រើន​មាន​ភាពទន់ភ្លន់ និង​យោគយល់​ដល់​ស្ថានភាព​របស់​កម្ពុជា​»​។

លោក ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ម្សិលមិញ​មិន​បាន​អត្ថាធិប្បាយ​បន្ថែម​ពី​ព័ត៌មាន​នៅ​ក្នុង​លិខិត​ដែល​លោក​បាន​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​ខ្លី​ថា​៖ «​វា​ជា​របាយការណ៍​ផ្លូវ​ការ​ជូនទៅ​សម្តេច​ជា​ព័ត៌មាន​»​។

នៅ​ក្នុង​លិខិត​បាន​រៀបរាប់​ពី​របាយ​ការណ៍​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ​ចាប់​ពី​ឆ្នាំ​ ២០១២ ដល់ ២០១៦​។ ក្នុង​លិខិត​នោះ​បាន​សង្កត់​ធ្ងន់​ជាពិសេស​លើ​ការ​នាំ​ចេញ​របស់​កម្ពុជា​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​។

លិខិត​របស់​ក្រសួង​ពាណិជ្ជកម្ម​នេះ​ធ្វើ​ឡើង ខណៈ​សភា​អឺរ៉ុប កំពុង​ពិភាក្សា​ពី​លទ្ធភាព​ដាក់​ទណ្ឌកម្ម​លើ​ទិដ្ឋាការ ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​រដ្ឋាភិបាល ដែល​ពួក​គេ​អះអាង​ថា ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បន្ទាប់​ពី​ការ​រំលាយ​បក្ស​ប្រឆាំង​ជាមួយ​នឹង​លទ្ធភាព​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​»​។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​លើក​ឡើង​ជា​ក្តី​រំពឹង​ថា ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​មក​កម្ពុជា​នឹង​នៅ​បន្ត ព្រោះ​ថា ការ​សម្រេច​ដក​សិទ្ធិ​ពាណិជ្ជកម្ម​នេះ​វិញ​ត្រូវ​ការ​ឆ្លង​កាត់​ការ​ពិភាក្សា​វែងឆ្ងាយ​។

លោក​បញ្ជាក់​ថា​៖«​ដើម្បី​អាច​សម្រេច​បែបនេះ​បាន ត្រូវ​ការ​ពេល​យូរ និង​ឆ្លង​កាត់​នីតិវិធី​ប្រកប​ដោយ​ភាព​ស្មុគស្មាញ​»​។

លោក​បន្តថា​៖«​ជា​បទពិសោធ​កន្លង​មក យើង​មិន​ដែល​ឃើញ មាន​ការ​សម្រេច​ណា​មួយ​មក​លើ​កម្ពុជា​នោះ​ទេ​ជាច្រើន​ឆ្នាំ​មក​ហើយ​»​។

លោក ស៊ីផាន បាន​រំឭក​ថា ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នឹង​មិន​ស្ថិត​នៅ​ជា​រៀងរហូត​នោះ​ទេ ដោយ​សារ​ថា ការ​ដែល​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​សហភាព​អឺរ៉ុប គឺ​ក្នុងនាម​ជា​ប្រទេស​ចំណូល​ទាប​។ ខណៈ​ដែល​កម្ពុជា​កំពុង​ឈាន​ជា​បណ្តើរៗ​ទៅរក​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ក៏​អាច​នឹង​បាត់បង់​នា​ពេល​ខាង​មុខ​ផង​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ចង់​មិន​ចង់​ប្រទេស​កម្ពុជា​ក៏​នឹង​បាត់បង់​លក្ខខណ្ឌ​អនុគ្រោះ​ហ្នឹង​ដដែល​គ្រាន់​តែ​ពេលវេលា​នឹង​បាត់បង់​នៅពេលណា​ប៉ុណ្ណោះ​»​។

លោក​បន្ថែមថា កម្ពុជា​កំពុង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ក្នុងស្រុក និង​ពង្រឹង​ភាព​ប្រកួត​ប្រជែង​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ប្រជែង​កាន់​តែ​ខ្លាំង​នា​ពេល​ខាង​មុខ​។

របាយការណ៍​បញ្ជាក់​ថា ទឹក​ប្រាក់​នៃ​ការ​នាំ​ចេញ​សរុប​ក្នុង​ឆ្នាំ​ ២០១៦ ទៅ​សហភាព​អឺរ៉ុប មាន​ជាង ​៦,២៥​ ពាន់​លាន​ដុល្លារ​អាមេរិក ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង ខណៈ​ការនាំ​ចេញ​ទៅ​អាមេរិក ដែល​មិន​បាន​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​ដូច​សហភាព​អឺរ៉ុប​មាន​ជាង ​២,៩​ ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​ពេល​ដូច​គ្នា​នេះ​។

មុខ​ទំនិញ​នាំ​ចេញ​សំខាន់ៗ ​រួមមាន សម្លៀកបំពាក់​គ្រប់​ប្រភេទ ស្រោម​និង​ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ វត្ថុ​ធ្វើ​ពី​ស្បែក ឆត្រ កៅស៊ូ និង​ទោចក្រយាន​ជាដើម​។

​ក្នុង​លិខិត​បញ្ជាក់​ថា ប្រសិន​បើ​មិន​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ទេ កម្ពុជា​ត្រូវ​បង់ពន្ធ ៦៧៦ លាន​ដុល្លារ​អាមេរិក នៃ​ទំហំ​ទឹក​ប្រាក់​នាំ​ចេញ​នៅ​ក្នុង​ឆ្នាំ​ ២០១៦ ក្នុង​អត្រាពន្ធ​មធ្យម​មាន​ប្រមាណ​ ១១​ ភាគរយ ដែល​ផលិតកម្ម​នាំ​ចេញ​ទំនិញ​ទាំងនេះ​ប្រើ​កម្មករ​ប្រមាណ​ ៤០​ ម៉ី​ន​នាក់​។

ដោយ​ឡែក​ក្នុង​លិខិត​នោះ​ហាក់​មិន​បារម្ភ​ពី​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​ទីផ្សារ អាមេរិក​ទេ​។ លិខិត​បញ្ជាក់​ថា​កម្ពុជា​បាន​បង់ពន្ធ​ប្រមាណ​ជាង​ ៣០០​ លាន​ដុល្លារ ក្នុង​អត្រាពន្ធ​មធ្យម​ប្រមាណ​ ១២ ​ភាគរយ​ក្នុង​ការនាំ​ចេញទៅ​ អាម​រិ​ក​ កាលពី​ឆ្នាំ​ ២០១៦​។

លិខិត​បញ្ជាក់​ថា អាមេរិក​ទើបតែ​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​លើ​មុខ​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ នៅ​ចុង​ឆ្នាំ​ ២០១៦ ប៉ុណ្ណោះ ដែល​ការ​នាំ​ចេញ​មុខ​ទំនិញ​នេះ​ទៅ​អាមេរិក រយៈពេល ​១១​ ខែ ឆ្នាំ​ ២០១៧ មាន​ប្រមាណ ២០០ លាន​ដុល្លារ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ហើយ​ប្រសិនបើ​មានការ​តម្រូវ​ឲ្យ​បង់ពន្ធ ទឹក​ប្រាក់​ដែល​កម្ពុជា ​ត្រូវ​បង់​មានតែ​ប្រមាណ​ ១០​ លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​អត្រាពន្ធ​មធ្យម ៥​ ភាគរយ​។

លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ទិន្នន័យ​ដែល​បាន​បង្ហាញ​ក្នុង​លិខិត​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ ការប៉ាន់ស្មាន​ពី​ទឹក​ប្រាក់​នៃ​បន្ទុក​ពន្ធគយ អាច​ជា​កត្តា​វាស់​វែង​ខ្លះៗ ​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ករណី​បើ​មានការ​បញ្ឈប់​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មែន​។

លោក Stephen Higgins នាយក​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Mekong Strategic Partners លើកឡើង​កាលពី​ម្សិលមិញ​ថា វា​មាន​ការ​ពិបាក​នៅ​ឡើយ​នា​ពេល​នេះ​ក្នុងការ​ព្យាករ​ពី​ផល​ប៉ះពាល់​ជាក់​ស្តែង ក្នុង​ករណី​ដែល​ថា​ពិត​ជាមាន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មែន​នោះ​។

លោក​ថ្លែង​ថា​៖ «​ក្នុង​ករណី​ដែល​ទណ្ឌកម្ម​ណា​មួយ​បាន​ដាក់​ចេញ យើង​សន្មត​ថា កម្រិត​នៃ​ទណ្ឌកម្ម​នោះ​គឺ​សំដៅ​ទៅ​លើ​ក្រុម​ណាមួយ​ជាក់​លាក់​កម្រិត​តូច​មួយ​ប៉ុណ្ណោះ ដែល​មិន​ទាំងអស់​នោះទេ​។ ការ​ដាក់ ​[​ទណ្ឌកម្ម​] កម្រិត​ទូទៅ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល​កម្មករ​រាប់​ពាន់​នាក់​»​។

លិខិត​ដដែល​បាន​រៀប​រាប់​ថា សហភាព​អឺរ៉ុប​ធ្លាប់​បាន​ព្យួរ​សម្បទាន​ពន្ធគយ​ជា​បណ្ដោះ​អាសន្ន ឬ​អចិ​ន្រៃ្ត​យ៍ ដល់​ប្រទេស​មួយ​ចំនួន​ដែល​ត្រូវបាន​ចោទប្រកាន់ថា​មានការ​រំលោភ​គោលការណ៍​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ និង​សិទ្ធិ​ជា​មូលដ្ឋាន​ធ្ងន់ធ្ងរ​។

ប្រទេស​ដែល​ធ្លាប់​ទទួលរង​ការ​ព្យួរ​សម្បទាន​កន្លង​មក រួម​មាន ប្រទេស​មីយ៉ាន់ម៉ា ស៊ូដង់ ប្រទេស​ស្រីលង្កា និង​ប្រទេស​បេឡា​រុស ជាដើម​៕

ប្រភព P POST

Comments

comments