យោង​តាម​របាយការណ៍​ចុះ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​បាន​គោរព​រាយការណ៍​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ឲ្យ​ឃើញ​ថា រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១២​រហូត​ដល់​ឆ្នាំ​២០១៦​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប (EU) មាន​ទំហំ​ទឹកប្រាក់​ចំនួន​២៣ ៥៨២ ៦៩៥ ០០០​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ​សម្រាប់​ឆ្នាំ​២០១៦​មាន​ទំហំ​ទឹកប្រាក់​ចំនួន​៦ ២៥៩ ២៧៧ ០០០​ដុល្លារ​អា​មេ​រិ​ក ក្រោម​រូបភាព​អនុគ្រោះ​ពន្ធគយ​ទាំងស្រុង (​មិន​បង់ពន្ធ​) ។

នៅ​ក្នុង​របាយការណ៍ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​គោរព​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា មុខទំនិញ​សំខាន់​ៗ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប រួម​មាន ៖ សម្លៀក​បំពាក់​គ្រប់​ប្រភេទ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ វត្ថុ​ធ្វើ​ពី​ស្បែក ឆ័​ត្រ កៅស៊ូ និង​ទោចក្រយាន​…​។​ល​។ ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រមាណ​៤០​ម៉ឺន​នាក់ ហើយ​សម្រាប់​ឆ្នាំ​២០១៦​កន្លង​ទៅ ប្រសិនបើ​មិន​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​ទេ​នោះ គឺ​កម្ពុជា​ត្រូវ​បង់ពន្ធ​ទៅ​ឲ្យ​សហភាព​អឺរ៉ុប​ចំនួន​៦៧៦​លាន​ដុល្លារ​អា​មេ​រិ​ក (​អត្រាពន្ធ​មធ្យម​ប្រមាណ​១១%) ។

ព្រោះតែ​ស្ថានការណ៍​នយោបាយ​ថ្មី​ៗ​នៅ​កម្ពុជា​មិនល្អ​ប្រសើរ​តាម​ការ​ចង់បាន​របស់​សហភាព​អឺរ៉ុប ជា​ពិសេស​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នោះ កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មី​ៗ សភា​អឺរ៉ុប​បាន​អនុម័ត​ដាក់​ទណ្ឌកម្ម​លើ​រាជរដ្ឋាភិបាល​កម្ពុជា ពោល​គឺ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​សហភាព​អឺរ៉ុប​ទាំងអស់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួម​ទាំង​ការ​នាំ​ចេញ​ផលិតផល​ពី​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ព្រមទាំង​ទំនិញ​ដទៃ​ទៀត​ជា​បណ្តោះអាសន្ន ។

ដូច្នេះ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ដ​ដក​ភាព​អនុគ្រោះ​ពន្ធ​ខាង​ពាណិជ្ជកម្ម​ទាំងស្រុង​ពី​កម្ពុជា (​តម្រូវ​ឲ្យ​បង់ពន្ធ​) លើ​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​នោះ គឺ​កម្ពុជា​នឹង​រង​ការ​ខូចខាត​ប្រាក់​ពន្ធ​យ៉ាងតិច​បំផុត​ជាង​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ ហើយ​ក៏​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​កម្លាំង​ពលកម្ម​ចំនួន​ប្រមាណ​៤០​ម៉ឺន​នាក់​ផង​ដែរ ៕

Comments

comments