ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​នៅ​ពេល​យប់​តែ​ម្នាក់ឯង លុះដល់​ចំណុច​ផ្លូវ​កោង និង​មាន​សភាព​ងងឹត​ខ្លាំង​ផង ក៏​ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក តាំងពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ លុះដល់​ព្រឹក​ទើប​មាន​អ្នក​ប្រទះ​ឃើញ​។

ហេតុការណ៍​បុរស​បើករថយន្ត​ក្រឡាប់​ចូល​ប្រឡាយ​ទឹក​ស្លាប់​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ នៅ​ម្តុំ​ស្ពាន​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​ ។

បុរស​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ខាងលើ មានឈ្មោះ​ហេង ដា​រ៉ា អាយុ​៥០​ឆ្នាំ មុខរបរ​មន្ត្រី​យោធា នៅ​អង្គភាព​ង​៧០ ស្នាក់​នៅ​ភូមិ​បឹង​ខ្យា​ង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ហ្វ​រ៉េ​ន​ន័​រ ១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-8090 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ ជា​ផ្លូវ​កោង ហើយ​គ្មាន​ស្លាក​សញ្ញា​បំភ្លឺ​ផ្លូវ​ផង ទើប​ធ្វើ​ឱ្យ​រថយន្ត​បាន​ជ្រុល​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រឡាយ​តាំងពី​យប់​ម៉ោង​២​រំលង​អធ្រាត្រ លុះដល់​ព្រឹក​ម៉ោង​៧ ទើប​មាន​អ្នក​ប្រទះ​ឃើញ ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ដល់​សមត្ថកិច្ច​មក​កន្លែង​កី​ត​ហេតុ​ធ្វើការ​អន្តរាគមន៍​ហៅ​រថយន្ត​ស្ទូច មក​ស្ទូច​យក​រថយន្ត​មក​លើគោក ប៉ុន្តែ​អកុសល បុរស​ដែល​ជា​អ្នក​បើករថយន្ត​ខាងលើ បាន​ឈ្លក់ទឹក​ស្លាប់​ក្នុង​រថយន្ត​យ៉ាង​អាណោចអាធ័ម​បាត់​ទៅ​ហើយ​ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​តាម​ប្រពៃណី​៕