ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​នាំ​គ្នា​ផ្ទុះ​កំហឹង​គ្រប់​គ្នា ដោយ​យក​ដុំ​ថ្ម​និងដំបង​ទៅ​វាយ​កម្ទេច​គប់​បំបែក​កញ្ចក់​រថយន្ត​ម៉ាក PRADO ស្ទើរខ្ទេច​ បន្ទាប់​កូនប្រុស​របស់​មន្ត្រី​ពន្ធដា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​វ័យ​ជាង​២០​ឆ្នាំ បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​យ៉ាង​ខ្លាំង បុក​រះ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​បន្ថែម​ល្បឿន​បើក​ទៅ​បុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង​ទៀត នៅ​ច្រក​ផ្លូវ​ទាល់​មួយ បត់​ចុះ​ពី​ផ្លូវ​លេខ​៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ ២០១៧​នេះ ។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ ហេង ស្រី​ម៉ុំ អាយុ​២៦​ឆ្នាំ មានមុខរ​បរជា​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ី​ន​ទ្រី ស្នាក់​នៅផ្ទះ​ជួល​លេខ​១១Z ផ្លូវ​លេខ​៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចម្ការមន នាង​មាន​ផ្ទៃពោះ​៨​ខែ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ និង​ម៉ូតូ​ដែល​រង​ការ​ខូចខាត​នោះ​គឺ​ទី​១-​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ ១I-៩១៤២ មួយ​គ្រឿង និង​ទី​២-​ម៉ាក ZOOMER-X ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ ១FW-៩៤០៤ មួយ​គ្រឿង និង​កង់​ចំនួន​១​គ្រឿង និង​បាក់​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន ១​ផ្ទាំង​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ ដែល​មាន​សភាព ស្រវឹងស្រា​ជោកជាំ បាន​បើករថយន្ត​ម៉ាក PRADO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-9678 មួយ​គ្រឿង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ឈប់​រថយន្ត​មួយ​កន្លែង ដោយសារ​តែ​ផ្លូវ​ទាល់​ទៅ​មិន​រួច ទើប​ឈប់​មួយ​ភ្លេ​ត ។ ភ្លាម​ៗ​នោះ បុរស​ជា​អ្នកបើកបរ ក៏​បាន​បើករថយន្ត​ថយក្រោយ ទៅ​បុក​ស្ត្រី​ពោះធំ​ជិត​គ្រប់​ខែ​ម្នាក់ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​បន្ត​ទៅ​បុក​រះ​ម៉ូតូ និង​កង់​ចំនួន​៣​គ្រឿង​ទៀត បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ពេល​នោះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ខាង ក៏​បាន​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​កម្ទេច​រថយន្ត​ម៉ាក PRADO មួយ​គ្រឿង​នោះ ខូចខាត​យ៉ាងដំណំ​ផង​ដែរ ចំណែកឯ​បុរស​ជា​អ្នកបើកបរ នៅ​អង្គុយ​ក្នុង​រថយន្ត មិន​ហ៊ាន​ចេញ​ក្រៅ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​មាន​ផ្ទៃពោះ​៨​ខែ​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ធ្វើការ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ហើយ​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន រួម​ទាំង​ឪពុក​របស់​បុរស​ជា​អ្នក​បើករថយន្ត​ដែល​គេ​បាន ដឹង​ថា ជា​មន្ត្រី​ពន្ធដា​ដ៏​មាន​ឥទ្ធិពល​ម្នាក់ បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​រំដោះ​រូប​កូន​យក​ចេញ​ទៅ​បាត់​ស្រមោល ។ ដោយ​ទុក​តែ​រថយន្ត​បង្ក និង​កូនចៅ រួម​ទាំង​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន នាំ​គ្នា​ធ្វើការ​ព្យាយាម​ដោះស្រាយ ដោយ​ស្ងាត់​ៗ​ជាមួយនឹង ក្រុម​គ្រួសារ​របស់​ស្ត្រី​រង​គ្រោះ ម្ចាស់​ម៉ូតូ​ទាំង​២​គ្រឿង និង​កង់​ចំនួន​១​គ្រឿង រួម​ទាំង ម្ចាស់ផ្ទះ​ដែល​បាក់​របង​មួយ​ផ្ទាំង​ប៉ុណ្ណោះ ៕