ភ្នំពេញ ៖ មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​តាម​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៧​ នេះ បន្ទាប់ពី​ស្ត្រី​រង​គ្រោះម្នាក់​បានដាក់​ពាក្យ​ប្តឹង ក្រោយពី​កើតហេតុ​ភ្លាម​ៗ នៅ​ល្ងាច​ថ្ងៃទី២៤ ធ្នូ ២០១៧ ស្ថិត​នៅ​តាម​ផ្លូវ​២០០៤ សង្កាត់​កា​កាប​១ ។

ជនសង្ស័យទាំង២នាក់ មានម្នាក់ឈ្មោះ ស៊ី សុវណ្ណរិទ្ធ អាយុជាង៣០ឆ្នាំ ជាមន្រ្តីនៅសាលាខណ្ឌពោធិ៍សែនជ័យ ។ ពួក​គេ​បើករថយន្ត​ទៅ​បុក​ស្ត្រី​ម្នាក់​ហើយ​ ខឹង​ស្ត្រី​រង​គ្រោះ​ជេរ​បន្តិចបន្តួច ក៏​បើករថយន្ត​​តាមពីក្រោយ ពេលទាន់​ឈប់​រថយន្ត​ពីមុខ បើកទ្វារ​ចុះ​មក​ធាក់រហូត​ដួល​ម៉ូតូ​នារីរងគ្រោះបណ្តាលអោយរង​របួសស្រាល ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ឆែ សុផល អាយុ​ជាង​២០​ឆ្នាំ បាន​និយាយ​ថា មុន​ពេល​កើតហេតុ​នាង​កំពុង​បើក​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​នៅ​ទួល​គោក លុះ​មក​ដល់​ផ្លូវ​២០០៤ ត្រង់​ស្ថានីយ៍​ប្រេង​តូ​តា​ល់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់ បើករថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​អេស ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-4653 មក​បុក​នាង​ពីក្រោយ ។ បន្ទាប់​មក​នាង​ក៏​លាន់មាត់​ជេរ​បន្តិចបន្តួច ហើយ​បន្តដំណើរ​មក​មុខ​ស្រាប់តែ​ពួក​គេ​ទាំង​២​នាក់ បើករថយន្ត​តាម ហើយ​ក៏​ទាន់​ ក៏បើកទ្វារ​ចុះ​មក​ទាត់​ធាក់​បណ្តាល​ឲ្យ​ដួល​រង​របួស​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ កំពុងស្ថិត​ក្រោម​ការ​សួរនាំ នៅ​អធិការ​ខណ្ឌ ដើម្បី​កសាងសំណុំរឿងចាត់ការ​បន្ត ៕