ក្រសួងកសិកម្ម​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​( MOU) ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ខែ​ក្រោយ ស្ដី​ពី​ការ​នាំ​ចេញ​ផ្លែស្វាយ​ពី​ប្រទេស​កម្ពុជា​ទៅ ជប៉ុន និង​ចិន​។ នេះ​បើ​យោង​តាម​លោក​រដ្ឋមន្ដ្រី វេ​ង សា​ខុន​។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង លោក វេ​ង សា​ខុន និង​ក្រុមហ៊ុន ចិន Weighai Dragoin Union Agriculture Co.,Ltd នៅ​ប្រទេស​ចិន កាលពី​ស​ប្ដា​ហ៍​មុន​។

ក្នុង​អំឡុង​កិច្ចប្រជុំ​នេះ ក្រុមហ៊ុន​ចិន បាន​បង្ហាញ​ផែនការ​ក្នុង​ការ​វិនិយោគ​ទឹកប្រាក់​ប្រមាណ ៤០ លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​វេច​ខ្ចប់​ក្នុង​ការ​នាំ​ចេញ​ផ្លែស្វាយ​ទៅ​ប្រទេស ចិន និង ជប៉ុន​។ នេះ​បើ​យោង​តាម​លោក វេ​ង សា​ខុន​។

លោក​ថ្លែង​ថា​៖ «​យើង​នឹង​មាន MOU មួយ​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ខែមករា សម្រាប់​ការ​នាំ​ចេញ​ផ្លែ​ឈើ នេះ​គឺជា​ក្រុមហ៊ុន​ទី ២ ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​ផ្លែស្វាយ​»​។

លោក​បន្ថែម​ថា ក្រុមហ៊ុន​ចិន នឹង​ចាប់​ដៃគូ​ក្រុមហ៊ុន​កម្ពុ​ជាមួយ ក្នុង​ការ​ជំរុញ​ទិស​ដៅ​នាំ​ចេញ​របស់​ពួក​គេ​។ លោក​បន្ត​ថា រោងចក្រ​នេះ​គ្រោង​នឹង​ធ្វើ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​។

កម្ពុជា កំពុង​ស្វែងរក​ផ្លូវ​ដើម្បី​នាំ​ចេញ​ផ្លែស្វាយ ទៅ​កាន់​ទីផ្សារ​អាស៊ី​ធំ​ៗ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មាន​តែ​តាម​រយៈ​ឈ្នួ​ញ​ថៃ និង​វៀតណាម​ប៉ុណ្ណោះ ហើយ​ជា​រឿយ​ៗ​ត្រូវ​បាន​វេច​ខ្ចប់​ជា​ថ្មី ឬ​កែ​ច្នៃ​ជា​ទឹក​ផ្លែ​ឈើ និង​ដំណាប់​ដើម្បី​ក្លែងបន្លំ​ប្រភព​ដើម​របស់​ខ្មែរ​។

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុងស្រុក Hyundai Corporation ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​របស់​ប្រទេស កូរ៉េ​ខាងត្បូង ល្បី​ខ្លាំង​ខាង​ការ​ផលិត​រថយន្ត នឹង​កំពុង​វិនិយោគ​ទឹកប្រាក់ ៤ លាន​ដុល្លារ​ក្នុង​ការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​កែ​ច្នៃ និង​ចែកចាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ផ្លែស្វាយ និង​ផ្លែ​ឈើ​ហូប​ផ្លែ​ផ្សេង​ទៀត​។

កាលពី​ខែវិច្ឆិកា​មុន ក្រុមហ៊ុន Hyundai CNF Inc បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ Mao Legacy Co Ltd ជា​ក្រុមហ៊ុន​ផលិត​ផ្លែស្វាយ​ក្នុងស្រុក ដើម្បី​បង្កើត​រោងចក្រ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​៕

Comments

comments