ក្រសួងសុខាភិបាល​អំពាវនាវ​សា​ជា​ថ្មី ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​អំពី​ការ​ឆ្លង​ជំងឺផ្ដាសាយបក្សី (H5N1) ដែល​កំពុង​ផ្ទុះ​ឡើង និង​រីក​រាលដាល​លើ​សត្វ​បក្សី​នៅ​ក្នុងស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ ខេត្តកំពង់ចាម ព្រមទាំង​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook) ផ្លូវការ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​។

ក្រសួងសុខាភិបាល​បញ្ជាក់​ថា ការ​ផ្ទុះ​ជំងឺផ្ដាសាយបក្សី​ទាំង ៣​ករណី​នេះ ក្រសួង​រក​មិន​ទាន់​ឃើញ​មានការ​ឆ្លង​មក​មនុស្ស​នៅឡើយ​ទេ តែ​យ៉ាងណា មន្ត្រី​ជំនាញ​របស់​ក្រសួង​កំពុង​តាមដាន​ស្ថានការណ៍​នេះ​ដោយ​យកចិត្តទុកដាក់​។

ក្រសួងសុខាភិបាល​ស្នើ​ពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ចម្លងជំងឺ​នេះ​នៅ​ក្នុង​ពិធីបុណ្យ​ផ្សេង​ៗ​ដែល​នឹង​មក​ដល់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ និង​ស្នើ​កុំឱ្យ​យក​មាន់​ទា ឬ​បក្សី​ដែល​ឈឺ ឬ​ងាប់​យក​មក​ចម្អិន​ធ្វើ​ជា​ម្ហូបអាហារ ឬ​លក់​បន្ត​នោះ​ឡើយ ហើយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​មន្ត្រី​ជំនាញ បើ​សង្ស័យ​ថា មាន​ករណី​ឆ្លង​ជំងឺផ្ដាសាយបក្សី​។

តួលេខ​របស់​ក្រសួងសុខាភិបាល​បង្ហាញ​ថា ពី​ឆ្នាំ​២០០៥ ដល់​២០១៤ ជំងឺផ្ដាសាយបក្សី​ដែល​ឆ្លង​ពី​សត្វ​មក​មនុស្ស​មាន​ចំនួន ៥៦​ករណី ក្នុង​នោះ ៣៧​ករណី​បាន​ស្លាប់​។

ក្រសួងសុខាភិបាល​បញ្ជាក់​បន្ថែម​ថា ពលរដ្ឋ​ដែល​មាន​រោគ​សញ្ញា​គ្រុនក្ដៅ លើស​ពី ៣៨.៥ អង្សា​សេ និង​មាន​រោគ​សញ្ញា ក្អក ឬ ឈឺ​ក ឬ​ដកដង្ហើម ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុងអំឡុងពេល ៧ ថ្ងៃមុន​ចេញ​រោគ​សញ្ញា ត្រូវ​ចាត់​ទុក​ថា​ជា​ករណី​សង្ស័យ ហើយ​ក្រសួង​ណែនាំ​ឱ្យ​បញ្ជូន​អ្នកជំងឺ ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ជិត​បំផុត​ដើម្បី​ធ្វើការ​ព្យាបាល ព្រោះ​នៅ​ទីនោះ​មាន​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​នេះ​។

សាធារណជន​អាច​ទាក់ទង​ទៅ​ក្រសួងសុខាភិបាល​តាម​ទូរស័ព្ទ​លេខ ១១៥ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ជំងឺផ្ដាសាយបក្សី​៕

Comments

comments