បាត់ដំបង ​៖ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ ជា​​ឃាតក​វ័យក្មេងម្នាក់ បានសម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​កូនភ្លោះ​៨​ខែ និង​វាយ​កុមារី​អាយុ​៣​ឆ្នាំ​ ឲ្យ​រង​របួស​ជា​ទម្ងន់​នោះ​ហើយ ។ ​មូលហេតុ​ឈាន​ដល់​ការ​កាប់សម្លាប់​ជន​រង​គ្រោះ​គ្មាន​ប្រណី​ដៃ សូ​ម្បី​តែ​ជន​រង​គ្រោះ​​ គឺជា​បងស្រី​របស់​ជនសង្ស័យ​នោះ ក៏​ព្រោះតែ​ចង់បាន​លុយ និង​ទាស់សម្តី​គ្នា​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​២០​និង​១០​នាទី នៅ​ភូមិ​សួន​ស្លា ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល កម្លាំង​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល បាន​នាំ​ខ្លួន​ឈ្មោះ ហួ​ន រា​ហ៊ូ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ (​ត្រូវជា​ប្អូន​ជន​រង​គ្រោះ ឪពុក​តែ​មួយ ម្តាយ​ផ្សេង​គ្នា​) មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ពី​បទ​ឃាតកម្ម ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួនពិតជា​បាន​យក​ពូថៅ​កាប់​ទៅ​លើ​បងស្រី​ឈ្មោះ ហួ​ន រ៉ា​នី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ដែល​មាន​ផ្ទៃពោះ​កូនភ្លោះ​៨​ខែ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម និង​កូនស្រី​របស់​ជន​រង​គ្រោះ​ម្នាក់​ទៀត​អាយុ​ទើប​៣​ឆ្នាំ​ប៉ុណ្ណោះ ឈ្មោះ ភាស់ ចរិយា រង​របួសធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៧​ ។

ជនសង្ស័យ​ ប្រាប់​ថា មូលហេតុ​ដែល​រូបគេ​ធ្វើ​បែប​នេះ​ គឺ​ចង់បាន​លុយ​ពី​បងស្រី​(​ជន​រង​គ្រោះ​) និង​ទាស់​សំដី​គ្នា ។ សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ​ទឹកនោម​ឃាតក​សង្ស័យ​រូប​នេះ ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​ផង​ដែរ ៕