ភ្នំពេញ​ ៖ នៅ​ទីបំផុត​! ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កើត សាំង បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច នាំ​មន្ដ្រី​សាលា ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បក្ខពួក​របស់​ខ្លួន ដែល​រង​ចោទប្រកាន់​ថា បើករថយន្ដ​ទៅ​បុក​ស្ដ្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ រួច​បើករថយន្ដ​តាម​ចុះ​មក​លោត​ធាក់ បណ្ដាល​ឲ្យ​រង​របួស ត្រូវដាក់​ពន្ធនាគារ ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧​ នេះ ។

លោកចៅក្រម​ស៊ើបសួរបាន​សម្រេច​ចេញ​ដីកាបែបនេះ បន្ទាប់ពីតំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែធ្នូ​នេះ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​មន្ត្រី​សាលា​ខណ្ឌ​ពោធិ​សែន​ជ័យ​២​នាក់ ពី​បទ ហិង្សា​ដោយ​ចេតនា តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ ​។

ជនជាប់សង្ស័យ​ម្នាក់​ឈ្មោះ ស៊ុំ សុវណ្ណ​រិ​ទ្ធ អាយុ​៣០​ឆ្នាំ និង​ម្នាក់​ឈ្មោះ ស៊ុំ សត្យា​ពណ្ណរាយ អាយុ​២៦​ឆ្នាំ ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា មាន​ទីលំនៅ​ផ្ទះ​លេខ​៥​អេ​ហ្វ ផ្លូវ​២០០៨ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ការ​ចេញ​ដីកាឃុំខ្លួន​នេះ បាន​ធ្វើឡើង បើ​ទោះ​ពី​ជា​ភាគី​ខាង​មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សរសេរ​លិខិត​សុំ​ទោស​ជា​សាធារណៈ និង​មានការ​សម្របសម្រួល​គ្នា​សង​សំណង​រដ្ឋប្បវេណី​ (សុំ​សង​សំណង​ជំងឺ​ចិត្ត​ចំនួន​៦៥០០​ដុល្លារ​អា​មេ​រិ​ក) ជា​ថ្នូរ​នឹង​ការ​ដក​ពាក្យបណ្តឹងរបស់​ស្ដ្រី​រង​គ្រោះ​ក៏​ដោយ ក៏ករណី​នេះ​នៅ​ជាប់​បណ្ដឹងអាជ្ញា នៅឡើយ ។

គួរ​បញ្ជាក់​ថា មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ពីរ​នាក់​បងប្អូន កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ២០១៧ ត្រូវ​បាន​កម្លាំង​សមត​ត្ថ​កិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ​។ ស្ត្រី​រង​គ្រោះ​បាន​ប្តឹង​សមត​ត្ថ​កិច្ច​ថា ពីរ​នាក់​បងប្អូន​បាន​បើករថយន្ត​បុក​នាង ហើយ​ខឹង​នាង​ជេរ​បន្តិចបន្តួច ក៏​បើករថយន្ត​តាម​ពីក្រោយ ហើយ​ចុះ​លោត​ទៅ​ទាត់​ធាក់​នាង រហូត​ដួល​ម៉ូតូ​បណ្តាល​ឲ្យ​រង​របួស​ទៀត ​។

ពាក្យបណ្តឹង​ជន​រង គ្រោះ​ឈ្មោះ ឆែ សុផល អាយុ​ជាង​២០​ឆ្នាំ បន្ត​ថា មុន​ពេល​កើតហេតុ នាង​កំពុង​បើក​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​នៅ​ម្តុំ​ទួល​គោក បំណង​ទៅ​ផ្ទះ​នាង​ ។ លុះ​មក​ដល់​ផ្លូវ​២០០៤ ត្រង់​ស្ថានីយ​ប្រេង​តូ​តា​ល់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់ បើករថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-4653 បុក​នាង​ពីក្រោយ​ ។

បន្ទាប់​មក​នាង​ក៏​បាន​របូតមាត់​ជេរ អ្នកបើកបរ​នោះ​បន្តិចបន្តួច ហើយ​បាន​បន្តដំណើរ​ទៅ​មុខ ពេល​នោះ​ស្រាប់តែ​ពួក​គេ​ទាំង​២​នាក់ បើករថយន្ត​តាម​ទាន់​នៅ​ចំណុច​ស្តុ​ប​វត្ត​អង្គ​តា​ម៉ិ​ញ ក៏​បើកទ្វារ​ចុះ​មក​ទាត់​ធាក់​បណ្តាល​ឲ្យ​ដួល​រង​បួស​តែ​ម្តង និង​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល រហូត​សមត្ថកិច្ច​ទៅ​ឃាត់ខ្លួន​ ៕