ពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​ជាបឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​៥​នាក់​បាន​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ ខណៈ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន កាប់​ពី​តូ​ល បាន​បុក​គ្នា​ជាមួយនឹង​រថយន្ត​កាម​រី របស់​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ក្រគរ ។

ហេតុការណ៍​ការណ៍​នេះ កើតឡើង​នៅ​ម៉ោង​ប្រមាណ​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​សារ​វ័​ន្ត ឃុំ​ស្នា​អ​ន្សា ។

បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ បង្ក​ឡើង​រវាង​រថយន្តក្រុង​កាប់​ពី​តូ​ល បាន​បុក​ជាមួយនឹង​រថយន្ត​កាម​រី​របស់ លោក សុទ្ធ តារា ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ក្រគរ រួច​បន្ត​ទៅ​បុក​រថយន្តដឹកទំនិញមួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ស្លាប់ ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត ខណៈ​៤​នាក់​ទៀត (​ស្រី​៣​នាក់​) ស្លាប់​នៅ​កន្លែង​កើតហេតុ និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​របួសធ្ងន់ និង​ស្រាល ។

បើ​តាម​លោក ប៊ិ​ន វ​ណ្ណា អភិបាលស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ថ្លែង​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​រវាង​រថយន្តក្រុង​កាប់​ពី​តូ​ល បុក​ជាមួយ​រថយន្ត​របស់​លោក សុទ្ធ តារា ប្រធាន​ក្រុមប្រឹក្សា​ស្រុក បាន​បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៥​នាក់ ក្នុង​នោះ​លោក សុទ្ធ តារា ក៏​បាន​ស្លាប់​ផង​ដែរ ខណៈ​៤​នាក់​ទៀត ស្លាប់​នៅ​កន្លែង​កើតហេតុ ។

លោក ប៊ិ​ន វ​ណ្ណា នៅ​កន្លែង​កើតហេតុ ក៏​មាន​អ្នក​រង​របួស​ជា​ច្រើន​នាក់​ផង​ដែរ ដែល​សុទ្ធតែ​សាច់ញាតិ​របស់​លោក សុទ្ធ តារា ៕