ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ បាន​បញ្ចេញ​ប្រាក់​រៀល​ដែល​មាន​តម្លៃ​ស្មើ ៩១៥​លាន​ដុល្លារ ក្នុង​ការ​ធ្វើ​អន្តរាគមន៍​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​រៀល ធៀប​នឹង​ប្រាក់​ដុល្លារ តាម​រយៈ​ការ​ទិញ​យក​ប្រាក់​ដុល្លារ​ពី​ទីផ្សារ​។ នេះ​បើ​តាម​ទិន្នន័យ​ដែល​ធនាគារជាតិ​ចេញផ្សាយ​លើ​ទំព័រ Facebook ផ្លូវការ​របស់​ខ្លួន​។

ទំហំ​ទឹកប្រាក់​នេះ​បង្ហាញ​ពី​កំណើន ១១​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៦​។

ការ​បញ្ចេញ​ប្រាក់​រៀល​ទិញ​យក​ប្រាក់​ដុល្លារ​ពី​ទីផ្សារ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​តម្រូវការ​ទីផ្សារ និង​ស្ថានភាព​សេដ្ឋកិច្ច ដែល​ធនាគារកណ្តាល​មួយ​នេះ​បាន​ប៉ាន់​ប្រមាណ​ថា​បាន​កើនឡើង​ប្រហែល ៦,៩​ភាគរយ​នៅ​ឆ្នាំ​២០១៧ ដែល​គាំទ្រ​ជា​ចម្បង​ដោយ​វិស័យ​កាត់ដេរ សំណង់ ទេសចរណ៍ និង​វិស័យ​ធនាគារ​។

ធនាគារជាតិ​បាន​ឲ្យ​ដឹង​លើ​ទំព័រ Facebook ផ្លូវការ​របស់​ខ្លួន​ថា កំណើន​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​កំណើន​តម្រូវការ​ប្រាក់​រៀល​ក្នុង​ពេល​ដែល​សកម្មភាព​សេដ្ឋកិច្ច​មានការ​រីក​ចម្រើន និង​កំណើន​ជឿ​ទុកចិត្ត​របស់​សាធារណៈជន​មក​លើ​ប្រាក់​រៀល​។

ធនាគារ​នេះ​បាន​បន្ត​ថា អន្តរាគមន៍​នេះ​បាន​ជួយ​ឲ្យ​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​មាន​ស្ថិរភាព ដែល​ស្ថិត​ក្នុង​អត្រា​ជា​មធ្យម ៤០៥០ រៀល​ក្នុង​មួយ​ដុល្លារ​អាមរ​រិ​ក ដែល​បាន​បង្ហាញ​ពី​កំណើន ០,២​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​គាំទ្រ​ដោយ​ទិន្នផល​កសិផល ការ​បង់ពន្ធ និង​ការ​ចំណាយ​សាធារណៈ​ក្នុង​ការ​ដំណើរការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​៕

Comments

comments