កំពង់ធំ​ ៖ នៅ​ថ្ងៃ​សុក្រ ៤​រោច ខែបុស្ស ឆ្នាំរការ នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​និង​៤១​នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ បើក​បុក​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឲ្យ ម្ចាស់​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ និង​អ្នក​រួម​ដំណើរ​ស្លាប់ នៅ​លើ​កំណាត់​ផ្ល​វ​ជាតិ​លេខ​៦ ភូមិ​សំណាក ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​ ។

ជន​រង​គ្រោះ​មានឈ្មោះ អៀង ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​វេជ្ជ​:​បណ្ឌិត​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​(​ស្លាប់​) ស្នាក់​នៅផ្ទះ​លេខ​៥៦០ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បើ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-3504 និង​អ្នក​រួម​ដំណើរ​ឈ្មោះ ជួន វ៉ា​ន់​នី ភេទ​ស្រី អាយុ​២៩​ឆ្នាំ នៅផ្ទះ​លេខ​១៣៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​(​ស្លាប់​)​។ ចំណែក​ម្ចាស់​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ឈ្មោះ ពៅ ម៉ៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​(​គេចខ្លួន​) ស្នាក់​នៅ​ភូមិ​គោម​មហា ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បើករថយន្ត​ក្បាល​ពណ៌​សលាយ​ខៀវ ស្លាក​លេខ​ភ្នំពេញ 3B-7108 ​។

អធិការរង​ចរាច​ណ៍​ស្រុក​ស​ន្ទុ​ក លោក ស៊ីវ វ​ណ្ណា បាន​ឲ្យ​ដឹង​ថា មូលហេតុ​បង្ក​ឡើង​ដោយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ក្នុង​បំណែក​ផ្លូវ​ផ្ទុយ​ទិស​គ្នា បណ្តាល​ឲ្យ​ភាគី​រថយន្ត​បង្ក​ស្លាប់​២​នាក់​ភ្លាម​ៗ​តែ​ម្តង​ ។ លោក​បញ្ជាក់ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ពណ៌​សរ ស្លាក​លេខ ភ្នំពេញ 2AF-3504 ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង ជិះ​បញ្ច្រាសទិស​គ្នា​ជាមួយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ប្រភេទ​យី​ឌុ​ប៤​ភ្លៅ លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាង​រថយន្ត​ហា​ឡែ​ន​ឌ័​រ ទំនង​ងោក​មួយភាំង ក៏​រេ​ចង្កូត​ជ្រុល​ចូល​ទៅ​បុក​រថយន្ត​យី​ឌុ​ប ចំ​ពីមុខ​ពេញ​ទំ​ហ៊ឹង បណ្តាល​ឲ្យ​អ្នក​ជិះ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ស្លាប់​ទាំង២​នាក់ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​នាំ​យក​វត្ថុ​តាង​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក ដើម្បី​ចងក្រង​សំណុំរឿង ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ។ បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ត្រូវ​យក​មក​តម្កល់​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវគោក ស្រុក​ស​ន្ទុ​ក រង់ចាំ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕