រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ចរាចរណ៍​នៅ​ទូ​ទាំង​១២​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨​នេះ បាន​រៀបចំ​ប្រតិបត្តិការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ក្នុង​នោះ​គ្រាន់តែ​មួយ​គោលដៅ សមត្ថកិច្ច​ឃាត់​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​រាប់រយ​នាក់ មាន​ទាំង​អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព គ្មាន​កញ្ចក់​សម្រាប់​មើល​ក្រោយ និង​អ្នក​បើក​បញ្ច្រាស​ផ្លូវ​ជាដើម ។

ប្រធាន​គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​ជា​ច្រើន នៅ​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ទោ ឡុ​វ សា​វុ​ធ អធិការរង​នគរបាល​ខណ្ឌ​៧​មក​រា បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នេះ នគរបាល​ចរាចរណ៍ ដោយ​មានការ​ចូលរួម​សហការ ពី​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ បាន បាន​ធ្វើការ​ឃាត់​ទុក​នូវ​អ្នក​ណា​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​មាន​ជាង​មួយ​រយ​នាក់ ។

លោក ឡុ​ង សា​វុ​ធ បាន​លើក​ឡើង​ថា ការ​អនុវត្ត​នៅ​ថ្ងៃនេះ គឺ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​តម្រូវ​ឲ្យ​គាត់​មាន​មួក​សុវត្ថិភាព​, ឲ្យ​គាត់​មាន​កញ្ចប់​មើល​ក្រោយ និង​ការ​បើកបរ​មិន​បញ្ច្រាសទិស ។ គោលការណ៍​សំខាន់ គឺ​យើង​ចាប់​អ្នក​ដែល​ជិះ​ម៉ូតូ​បញ្ច្រាសទិស​តែ​ម្ដង ហើយ​ប្រតិបត្តិការ​នេះ​យើង​ធ្វើ​ជា​បន្ដបន្ទាប់​រហូត ។

បើ​តាម​អធិការរង​នគរបាល​ខណ្ឌ​៧​មក​រា បញ្ជាក់​ថា ក្រោយ​ធ្វើការ​ចាប់​ឃាត់​ទុក​ភ្លាម​ៗ អ្នកបើកបរ​ខុសច្បាប់​ទាំងនោះ មិន​តម្រូវ​ឲ្យ​ផាកពិន័យ​នៅ កន្លែង​នោះ​ទេ ពោល​គឺ​គ្រាន់តែ​ណែនាំ និង​កត់​កំណត់ហេតុ រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អ្នកបើកបរ​ទាំងអស់​នោះ ទៅ​បង់​ផាកពិន័យ​ដោយ​ខ្លួនឯង ។

តាម​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុងថ្ងៃនេះ​ដែរ កម្លាំង​នគរបាល​ចរ​ចរណ៍​ផ្លូវគោក​រាជធានី​ភ្ន​ពេញ សហការ​ជាមួយ​និង​កម្លាំង​នគរបាល​ខណ្ឌចំការមន បាន​ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ នៅ​គោលដៅ​ខាង​មុខ វត្ត​ទួល​ទំពូង ដែល​ស្ថ​ត​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ដោយ​ក្នុង​ការ​ចុះ​មក​អនុវត្តន៍​ច្បាប់​ចរាចរណ៍​នេះ​ដែរ កម្លាំង​មាន​សមត្ថកិច្ច​បាន​ធ្វើការ​ចាប់​ឃាត់​ម៉ូតូ​ដែល​បើកបរ ដោយ​មិន​ពាក់​មួយ​សុវត្ថិភាព និង អ្នក​ជិះ​បញ្ច្រាស​បាន​ចំនួន​ជាង​១០០​គ្រឿង ដើម្បី​យក​ទៅ​ធ្វើការ​ណែនាំ និង ផាកពិន័យ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​។

ជាមួយគ្នានេះដែរ គោលដៅ​នៅ​មុខក្រសួង​មហាផ្ទៃ ចាប់ផ្តើម​មុនគេ ហើយ​មួយ​គោលដៅ​ៗ អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ មាន​មិន​តិច​ជាង​រយ​នាក់​នោះ​ឡើយ ។ ទោះជា​យ៉ាងណា ពុំ​មានការ​ផាកពិន័យ​ណាមួយ​នៅ​នឹង​កន្លែង​ទេ ដោយ​ដកហូត​ម៉ូតូ​យក​ទៅ​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​តាម​ខណ្ឌ ដោយ​តម្រូវ​អោយធ្វើ​កិច្ចសន្យា និង​ផាកពិន័យ​រួច ទើប​ប្រគល់​ម៉ូតូ​ឱ្យ​វិញ ។

សូម​បញ្ជាក់​ថា ចំនួន​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​រាប់រយ​នាក់​ខាងលើ​នេះ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​បាន​សរុបរបាយ​ការណ៍​​ទាំងអស់ នៅឡើយ​ទេ សម្រាប់ថ្ងៃទី៥ មករា ២០១៨ នេះ ។

អត្រា​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៏​មិន​ពាក់មួក​សុវត្ថិភាព នៅ​តែ​ខ្ពស់​សម្រាប់​ឆ្នាំ​២០១៧​កន្លង​មកនេះ ដូច្នេះ​កម្លាំង​សមត្ថកិច្ច​នឹង​ដាក់​ចេញ​នូវ​វិធានការ​ក្តៅ ដោយ​ចាប់បង្ខំ អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ទាំងអស់ ត្រូវ​តែ ពាក់មួក​សុវត្ថិភាព ។ បើ​គ្មាន​មួក​សុវត្ថិភាព​ទេ ត្រូវ​ឃាត់​ម៉ូតូ​ទុក ហើយ​តម្រូវ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទៅ​ទិញ​មួក ឬ​យក​មួក​សុវត្ថិភាព មក​បង្ហាញ​សមត្ថកិច្ច​ទើប​អនុញ្ញាត​ឲ្យ​យក​ម៉ូតូ​វិញ ៕