ក្រុម​អាជីវករ​លក់ដូរ​នៅ​តំបន់ឆ្នេរ​មួយ​ផ្នែក​នៃ​ឆ្នេរ​អូរ​ឈើទាល​ដ៏​មាន​ប្រជាប្រិយភាព​របស់​ក្រុងព្រះសីហនុ បាន​រុះរើ​តូប​លក់ដូរ​របស់​ពួក​គេ ដោយសារ​កិច្ចសន្យាជួល​បាន​ផុតកំណត់ ហើយ​ជំនួស​មក​វិញ​ជាមួយនឹង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​។ នេះ​បើ​តាម​ប្រភព​នៅ​ខាងក្នុង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​។

លោក ប្រាក់ វិសាល នាយករង​ផ្នែក​រដ្ឋបាល​នៃ​សាលាខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា គម្រោង​ថ្មី​នេះ​កើតឡើង​ដោយសារ​ការ​វិនិយោគ​រួម​គ្នា​ដោយ​ក្រុមហ៊ុន​ចិន ដែល​មិន​បាន​បង្ហាញ​ឈ្មោះ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា Royal Group ដែល​មាន​លោក​មហាសេដ្ឋី គិត ម៉េ​ង ជា​ប្រធាន​។

លោក​បាន​ថ្លែង​ថា​៖ «​ឥឡូវ ក្រុមហ៊ុន​កំពុង​ចាប់ផ្តើម​រុះរើ​ហាង​ចាស់​ៗ​ចេញ​ជា​មុន​សិន ដោយ​បាន​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុម​អ្នកលក់​»​។

លោក​បាន​បន្ថែម​ថា​៖ «​នេះ​មិន​បាន​បង្ក​បញ្ហា​ណាមួយ​នោះ​ទេ ពីព្រោះ​ការ​ចាកចេញ​នេះ​មាន​មូលដ្ឋាន​លើ​ការ​បញ្ចប់​កិច្ចសន្យាជួល​ជាមួយ​ម្ចាស់​អាជីវកម្ម​»​។

លោក​បាន​បន្ថែម​ថា ការ​រុះរើ​សំណង់​លក់ដូរ​នៅ​តាម​តំបន់ឆ្នេរ​នេះ​បាន​ចាប់ផ្តើម​កាលពី​ចុងខែ​មុន​។

លោក​បាន​បន្ថែម​ថា អាជីវកម្ម​ភាគច្រើន​ដែល​បាន​បាត់បង់​កិច្ចសន្យាជួល​របស់​ពួក​គេ នៅ​តាម​ឆ្នេរ​អូរ​ឈើទាល គ្រោង​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​លក់ដូរ​របស់​ពួក​គេ​ទៅ​កាន់​តំបន់ឆ្នេរ​អូរ​ឈើទាល​ដដែល​ដែល​នៅ​ក្បែរ​នោះ ហើយ​មាន​តែ​២-៣​គ្រួសារ​ប៉ុណ្ណោះ​ដែល​ឈ្លោះប្រកែក​គ្នា​នៅ​ពេល​ដែល​លិខិត​បណ្តេញចេញ​បាន​ទៅ​ដល់​។

លោក​បាន​ថ្លែង​ថា លោក​សង្ឃឹមថា គម្រោង​ថ្មី​នេះ​នៅ​ពេល​ដែល​បញ្ចប់​នឹង​ទាក់ទាញ​ទេសចរ​កាន់តែ​ច្រើន​ឲ្យ​មក​ទស្សនា​ទីក្រុង​ឆ្នេរ​នេះ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​គម្រោង​ថ្មី​នេះ រួម​មាន​អគារ​ផ្សារ​រាត្រី ផ្លូវ​លក់​គ្រឿង​ផឹកស៊ី ដែល​នឹង​ផ្តល់​សេវា​ដល់​ឧស្សាហកម្ម​ទេសចរណ៍​»​។ ប៉ុន្តែ​លោក​បាន​កត់​សម្គាល់ថា ព័ត៌មាន​លម្អិត​របស់​គម្រោង​នេះ​មិន​ទាន់​ត្រូវ​បាន​ដាក់​ជូន​មក​កាន់​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ​នៅឡើយ​ទេ​។

លោក តាំង សុ​ជាតិ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែង​ថា លោក​មិន​ទាន់​បានដឹង​ពី​ឈ្មោះ​របស់​ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​លើ​គម្រោង​នេះ​នៅឡើយ​ទេ ហើយ​លោក​ក៏​មិន​បានដឹង​ព័ត៌មាន​ជាក់លាក់​អំពី​គម្រោង​ថ្មី​នេះ​ផង​ដែរ​។

លិខិត​មួយ​ដែល​ផ្ញើ​ចេញពី​ក្រុមហ៊ុន​មួយ​ដែល​មិន​បាន​បង្ហាញ​ឈ្មោះ តែ​មាន​អ្នកតំណាង និង​ម្ចាស់​ក្រុមហ៊ុន​ឈ្មោះ គិត ហុង​យី ចុះ​កាលបរិច្ឆេទ​ខែសីហា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​យក​ដី​ដែល​មាន​ទំហំ ៥៣ ៤៥៥ ម៉ែត្រការ៉េ​នៅ​ឆ្នេរ​អូរ​ឈើទាល មក​គ្រប់គ្រង​វិញ ហើយនឹង​ចាប់ផ្តើម​ឈូស​ឆាយ​សំណង់​អគារ​លក់ដូរ​ទាំងអស់​នៅ​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៨​។

យោង​តាម​ឯកសារ​ដែល​ទទួល​បាន​ដោយ​ភ្នំពេញ​ប៉ុស្តិ៍ ពី​អ្នក​លក់ដូរ​ក្នុង​មូលដ្ឋាន ពួក​គាត់​ក៏​បាន​ទទួល​ការ​ជូនដំណឹង​អំពី​ការ​រុះរើ​ផង​ដែរ​នៅ​ចុងខែ​តុលា​។

ម្ចាស់​អាជីវកម្ម​ម្នាក់​ឈ្មោះ អ៊ុ​ក ជីវ៉ា ដែល​បាន​បង្ខំចិត្ត​បិទ​អាជីវកម្ម​បា​រ៍​របស់​គាត់​នៅ​តំបន់ឆ្នេរ​នេះ​បាន​ថ្លែង​ថា ការ​ចាកចេញ​របស់​គាត់​មិនជា​ឧទាហរណ៍​លើក​ទី​មួយ​នៃ​ការ​វិនិយោគ​របស់​ចិន​ដែល​បាន​បង្ខំ​ឲ្យ​អាជីវករ​ក្នុង​មូលដ្ឋាន​ចាក​ចេញពី​ក្រុងព្រះសីហនុ​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​ម្ចាស់​ដី​របស់​យើង​បាន​និយាយ​ថា យើង​ត្រូវ​ប្រគល់​ដី​ឲ្យ​គេ​វិញ ដោយសារ​កិច្ចសន្យាជួល​បាន​ចប់​ហើយ​»​។

លោក​បាន​បន្ថែម​ថា​៖ «​ការ​វិនិយោគ​ចិន​ជា​ច្រើន​កំពុង​ចូល​មក​ក្នុង​ព្រះ​សីហ​នុ ហើយ​ឥឡូវ​មក​ដល់​ដី​នេះ​ដែរ​ហើយ ដែល​នឹង​ធ្លាក់​ទៅ​ក្នុង​ការ​វិនិយោគ​របស់​ចិន​»៕

ប្រភព P POST

Comments

comments