ភាគី​វៀតណាម បាន​ជីក​ផ្លូវ​កាត់​ផ្ដាច់​ការ​ធ្វើ​ដំណើរ​នៅ​ច្រក​ចំនួន​៤​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​សាស្ដ្រ​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគីរី ដោយសារ​ខឹង​ភាគី​កម្ពុជា មិន​យល់ ព្រម​តាម​សំណើសុំ​បើក​ជា​ច្រក​ផ្លូវការ ។

នេះ​បើ​យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ផ្ញើ​ជូន​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន និង​ត្រូវ​បាន​គេ​បង្ហាញ​ឡើង​នៅ​ក្នុង​ប្រជុំ​បូក​សរុប​សភាពការណ៍ និង​លទ្ធផល​កិច្ច​ប្រតិបត្តិការ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៧ និង ទិស​ដៅ​អនុវត្ត​ការងារ​ប្រចាំ​ខែមករា ឆ្នាំ​២០១៨ របស់​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​«​កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ កងទ័ព​ការពារ​ព្រំដែន​វៀតណាម​ប៉ុស្តិ៍​លេខ​៧០៣ របស់​ខេត្ត​ក​ន្ទូ​ម វៀតណាម បាន​ធ្វើ​របង​បិទផ្លូវ​៤​កន្លែង ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ទំនាក់ទំនង​ចេញចូល​រវាង​ប៉ុស្តិ៍​ការពារ​ព្រំដែន ដែល​នៅ​ទល់មុខ​គ្នា​ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ​១៧, ១៨, ១៩ និង ១៩/៥​។ ការ​បិទ​៤​ចំណុច​ខាងលើ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ការ​ចេញចូល​ទំនាក់ទំនង​រវាង​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៥០៥ នៃ​វរៈ​ការពារ​ព្រំដែន​លេខ​២០៣​កម្ពុជា ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៧០៣ នៃ​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​ក​ន្ទូ​ម វៀតណាម​។

កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ រដ្ឋបាល​ខេត្តរតនគិរី​កម្ពុជា និង​ខេត្ត​ក​ន្ទូ​ម​វៀតណាម បាន​ប្រជុំ​ពិភាក្សា​បើក​ច្រក​ទ្វេភាគី​ចំនួន​៤​កន្លែង ស្ថិត​នៅ​ម្តុំ​បង្គោល​លេខ​៤/២ លេខ​១០ លេខ​១៣ និង​លេខ​១៩ ក្នុង​នោះ ភាគី​ទាំង​ពីរ បាន​ឯកភាព​ព្រមព្រៀង​គ្នា​តែ​១​ចំណុច​គឺ ត្រង់​បង្គោល​លេខ​១៩​ប៉ុណ្ណោះ នៅ​សល់​៣​ចំណុច​ទៀត ភាគី​ខេត្តរតនគិរី មិន​ឯកភាព​ដោយសារ​តែ​ចំណុច​ទាំង​៣​នោះ ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ​ពុំ​មាន​ពលរដ្ឋ​ខ្មែ​រស់នៅ និង​ឆ្លងកាត់​ចេញចូល​ឡើយ​។​»​។

បើ​តាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្តរតនគិរី​បាន​បញ្ជាក់​បន្ថែម​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​កងទ័ព​ការពារ​ព្រំដែន ខេត្ត​ក​ន្ទូ​ម​វៀតណាម បាន​បិទផ្លូវ​ធ្វើ​ដំណើរ​ចេញចូល​ចូល​ព្រំដែន បន្ទាប់​ពី​សកម្មភាព​លើក​ទី​១ បាន​ជីក​ផ្តាច់​ផ្លូវត្រង់​បង្គោល​ព្រំដែន​លេខ​៤/២ កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧​។

យ៉ាងណា​ក៍ដោយ យោង​តាម​របាយការណ៍​បូក​សរុប​ភាព​ការណ៍ និង​លទ្ធផល​កិច្ច​ប្រ​តិ​ប​តិ្ត​ការ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៧ និង​ទិស​ដៅ​អនុវត្ត​ការងារ​ប្រចាំ​ខែមករា ឆ្នាំ​២០១៨ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​០៧​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៨ បាន​បង្ហាញ​ដែរ​ថា នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៧​កន្លង​ទៅ សភាពការណ៍​សន្ដិសុខ​នៅ​តាម​តំបន់​ព្រំដែន​ជា​ទូទៅ​មាន​លក្ខណៈ​ស្ងប់ស្ងាត់ ប៉ុន្ដែ​កត់សម្គាល់​ភាគី​វៀតណាម បាន​ជីក​ផ្លូវ​កាត់​ផ្ដាច់​ការ​ធ្វើ​ដំណើរ​នៅ​ច្រក​ចំនួន​៤​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​សាស្ដ្រ ស្រុក​អណ្ដូង​មាស ខេត្ត​រតនគីរី ដោយ​មូលហេតុ​ខឹង​ភាគី​កម្ពុជា មិន​យល់ ព្រម​តាម​សំណើសុំ​បើក​ជា​ច្រក​ផ្លូវការ​៕

 

 

Comments

comments