វិធីសាស្ត្រ​មើល​បន្លែ​-​ផ្លែ​ឈើ មាន​ជាតិ​គីមី ឬ​អត់ ដោយ​ខ្លួនឯង

១. រូបរាង​ខាងក្រៅ​៖ ជា​ទូទៅ បន្លែ​-​ផ្លែ​ឈើ​ធម្មជាតិ រូបរាង​មិនល្អ​មើល​ទេ មិន​គួរ​ឲ្យ​ចង់​ទទួលទាន ហើយ​ទំហំ​ខុស​ៗ​គ្នា មាន​តូច​មាន​ធំ មិន​ងាយ​រកបាន​២ ប៉ុនគ្នា​ឡើយ ព្រោះ​វា​បាន​លូតលាស់​តាម​បែប​ធម្មជាតិ​។ ចំណែក បន្លែ​-​ផ្លែ​ឈើ​ដែល​ប្រើ​ជាត់​គីមី ភាគច្រើន មើលទៅ​រូបរាង​ស្អាត គួរ​ឲ្យ​ចង់​ទទួលទាន ហើយ​មាន​លក្ខណៈ​មិនសូវ​ខុស​ប្លែក​គ្នា​។

២. ទំហំ​៖ បន្លែ​-​ផ្លែ​ឈើ​ធម្មជាតិ ភាគច្រើន មាន​ទំហំ​តូច មិន​ងាយ​លូតលាស់​ដល់​ធំ​ល្អ​ឡើយ​។ សាឡា​ត់​ធម្មជាតិ មាន​ស្លឹក​តូច​ៗ មិន​បាន​រីក​ធំ​ល្អ ដូច​អ្នក​ឃើញ​សព្វថ្ងៃ​ឡើយ ប៉ុន្តែ​មាន​ករណី​ខ្លះ វា​អាច​ធំ​តាម​បែប​ធម្មជាតិ​ដែរ គ្រាន់តែ​មិន​ងាយ​ប្រទះ​។ ចំណែក​របស់​ប្រើ​គីមី អាច​លូតលាស់​បាន​ធំ​ល្អ​ជាង​ធម្មតា ព្រោះតែ​សារជាតិ​ដែល​ប្រើប្រាស់​អាច​ព​ន្លឿ​ន​ការ​លូតលាស់​។

៣. ក្លិន និង​រសជាតិ​៖ ប្រសិនបើ​វា​ជា បន្លែ​-​ផ្លែ​ឈើ​ធម្មជាតិ ពេល​ហិតក្លិន​ទៅ មាន​ចំហាយ​បែប​ធម្មជាតិ​ម្យ៉ាង ដែល​ទាក់ទាញ​ច្រមុះ ជាង​បន្លែ​-​ផ្លែ​ឈើ​គីមី​។ ពេល​សាក​ភ្លក់​បន្តិច អ្នក​នឹង​ចាប់អារម្មណ៍​ថា បន្លែ​-​ផ្លែ​ឈើ​ធម្មជាតិ មានឱជារស​ជាង មិន​ហាង​ក្នុង​មាត់ ហើយ​ពេល​ចម្អិន មិនបាច់​ប្រើ​គ្រឿង​ច្រើន ក៏​មាន​ជាតិ​ដែរ​។

៤. គ្រាប់​៖ ជា​ធម្មតា បន្លែ​-​ផ្លែ​ឈើ​ធម្មជាតិ មាន​គ្រាប់​តូច​ៗ មិនធំ​ដូច បន្លែ​-​ផ្លែ​ឈើ​គីមី​ឡើយ​។

៥. មើល​លើ​សត្វល្អិត និង​ដង្កូវ​៖ ប្រសិនបើ​អ្នក​បានឃើញ ដង្កូវ និង​សត្វល្អិត លើ​បន្លែ​-​ផ្លែ​ឈើ​ដែល​អ្នកទិញ នោះ​វា​ជា​សញ្ញា​ល្អ​មួយ ព្រោះ​សត្វល្អិត និង​ដង្កូវ​ទាំងនោះ មាន​វត្តមាន​តែ​លើ​បន្លែ​-​ផ្លែ​ឈើ​ធម្មជាតិ​ទេ​។ ប្រសិនបើ​ប្រើ​គីមី ដង្កូវ និង​សត្វល្អិត មិន​អាច​នៅ​ទ្រាំទ្រ​នៅ​បាន​ឡើយ​។

៦. មើល​លើ​សម្បក​៖ សម្បក​ផ្លែ​ឈើ និង​បន្លែ​ធម្មជាតិ ឆាប់​ប្រែ​ពណ៌​ទៅ​ជា​ជាំ​ខ្មៅ និង​មិន​អាច​រក្សា​ទុក​បាន​យូរ​ដូច​របស់​ប្រើ​គីមី​ឡើយ​។

៧. រយៈពេល​ចម្អិន​៖ ជា​ធម្មតា បន្លែ​ធម្មជាតិ អាច​ចម្អិន ឆ្អិន​លឿន​ជាង បន្លែ​ដែល​ប្រើ​គីមី​។

៨. មើល​តម្លៃ​៖ បន្លែ​-​ផ្លែ​ឈើ​ធម្មជាតិ តែង​ដាក់​លក់​ថ្លៃ​ជាង បន្លែ​-​ផ្លែ​ឈើ ប្រើ​ជាតិ​គីមី ព្រោះ​ការ​ដាំ​ដុះ​តាម​បែប​ធម្មជាតិ ប្រើ​ពេល​យូរ ប្រមូល​ផល​បាន​តិច ពិបាក​ថែទាំ​។

៩. មើល​ការ​បញ្ជាក់​៖ ជា​ទូទៅ បន្លែ​-​ផ្លែ​ឈើ ធម្មជាតិ តែង​មានការ​បញ្ជាក់​ពី​ស្ថាប័ន​ចំណីអាហារ ឬ​សហគមន៍​ដាំ​ដុះ​ដែល​មានការ​ទទួលស្គាល់​ណាមួយ​។ ដូចនេះ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ រក​មើល​ការ​បញ្ជាក់​ដ៏​គួរ​ឲ្យ​ទុកចិត្ត​មួយ ដែល​មាន​បិត​លើ​ផលិតផល​៕
ប្រភព​៖ sabay

Comments

comments