ភ្នំពេញ ៖ គិត​មក​ត្រឹម​រយៈពេល​៨​ថ្ងៃ​ដើម​ខែមករា ឆ្នាំ​២០១៨ នេះ សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត ទូ​ទាំង​ប្រទេស​បាន​ចំនួន ៣៧,៩១៧​គ្រឿង (​ម៉ូតូ​៦៣%) រក​ឃើញ​យានយន្ត​ល្មើសច្បាប់ ៦,៤៦៣​គ្រឿង នេះ​បើ​យោង​តាម​របាយការណ៍ ដែល​ចេញផ្សាយ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​៨ មក​រា ២០១៨ ម្សិលមិញ​នេះ ។

ក្នុង​ចំណោម​យានយន្ត​ល្មើសច្បាប់ ចំនួន ៦,៤៦៣​គ្រឿង បាន​ធ្វើការ​អប់រំ ២,៤២៤​គ្រឿង និង​ពិន័យ ៤,០៣៩ គ្រឿង ។

ដោយឡែក​សម្រាប់​ការ​ត្រួតពិនិត្យ​មួក និង​កញ្ចក់​វិញ រយៈពេល​៨​ថ្ងៃ​មកនេះ បាន​ធ្វើការ​ត្រួតពិនិត្យ​ចំនួន ១៧,៧១៧​គ្រឿង អប់រំ ៥៣២​គ្រឿង និង​ពិន័យ ៣,២៣៥​គ្រឿង ក្នុង​នោះ អត់​មួក ២,៣៩៦ គ្រឿង និង​គ្មាន​កញ្ចក់ ៧៥០​គ្រឿង និង​ល្មើស​ផ្សេង​ៗ ៨៩​គ្រឿង​។

ចំពោះ​រាជធានី​ភ្នំពេញ​វិញ រយៈពេល​៨​ថ្ងៃ​កន្លង​មកនេះ នគរបាល​បាន​ឃាត់​យានយន្ត​ល្មើស​សរុប​ចំនួន ១,៩២៤ គ្រឿង ក្នុង​នោះ យានយន្ត​ជិះ​បញ្ច្រាស ៩១៦​គ្រឿង មិន​ពាក់មួក​សុវត្ថិភាព ៧៦៤ គ្រឿង មិន​ដាក់​កញ្ចក់ ១៩២ គ្រឿង មិន​មាន​ស្លាក​លេខ ២២គ្រឿង និង​អត់​មាន​មួក និង​កញ្ចក់ ២៣​គ្រឿង ។

ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​តឹង​រឹង រហូត​ព្រមាន​ដក​តំណែង​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ មក​រា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោច​ក្រ​កាត់ដេរ​នៅ​តំបន់​ប្ញ​ស្សី​កែវ ក្រោយ​លោក ហ៊ុន សែន ពិនិត្យ​ឃើញ​មានការ​ជិះ​បញ្ច្រាសទិស​ច​រា​រណ៍​នៅ​មុខ​ភូមិ​គ្រឹះ​របស់​លោក​នៅ​ក្បែរ​វិមាន​ឯករាជ្យ​នោះ​រួច​មក ។

កន្លង​មក​វប្ប​ធ៌​ម​ស្ពឹក​ស្រពន់ គួរតែ​ត្រូវ​បិទ​បញ្ចប់​ហើយ ទាល់តែ​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ ស្រែក​បាននាំគ្នា​ធ្វើឫ? ហើយ​ប្រជារាស្ត្រ​ខ្លួនឯង ក៍​ត្រូវ​ចូលរួម​អនុវត្តន៍​ច្បាប់​ទាំងអស់​គ្នាផងដែរ ៕