ប្តី​ប្រ​ព​ន្ឋ​និង​កូនប្រុស​តូច​អាយុប្រមាណ​៥​ឆ្នាំ បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ដោយសារ​រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទ​មួយ​គ្រឿង​បាន​បុក​រះ​ម៉ូតូ​ចំនួន​៦​គ្រឿង ។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រលប់​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ម្តុំ​ផ្សារ​ជម្ពូ​វ័ន ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា រថយន្ដ​បង្កហេតុ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 3-3936 បាន​បុក​រះ​រថយន្ដ​ចំនួន ៤​គ្រឿង និង​បុក​ម៉ូតូ​២​គ្រឿង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ ៣​នាក់​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ម្តាយ ឪពុក​និង​កូនប្រុស​នោះ​នៅឡើយ​ទេ ។ ចំណែក អ្នកបើកបរ​រថយន្ត​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​នោះ​ឈ្មោះ យឹ​ម ភារ​ម្យ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្នែង​រមាំង ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ ហើយសមត្ថកិច្ចកំពុងសាកសួរពីមូលហេតុនិងកសាង​សំណុំរឿង​បញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕