វៀតណាម ៖ ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​អំពើ​ពុក​រលួយ​ទ្រង់ទ្រាយ​ធំ​នៅ​វៀតណាម​កំពុង​តែ​មានការ​ចាប់អារម្មណ៍​ពី​មហាជន ខណៈ​មនុស្ស​ចំនួន​២២​នាក់​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ឃុំខ្លួន​និង​កាត់ទោស ក្នុង​នោះ​ក៏​មាន​សមាជិក​គណបក្ស​កុ​ម្មុ​យ​នី​ស​ផង​ដែរ​ នេះ​បើ​តាម​សារព័ត៌មាន​ABC​ ។

នៅ​ក្នុង​ដំណើរការ​កាត់ទោស​មន្ត្រី​ដែល​រង​ការ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទាំង​២២​នាក់​ នៅ​តុលាការ​ក្នុង​ទីក្រុង​ហាណូយ មានការ​រឹត​បន្តឹង​សន្តិសុខ​ខ្លាំង ហើយ​ក្នុង​បន្ទប់​សវនាការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ព័ត៌មាន​ចូល​ទេ តែ​មន្ត្រី​ការទូត​មួយ​ចំនួន​អនុញ្ញាត​ឲ្យ​ចូល​តាមដាន ។

ក្នុង​ចំណោម​២២​នាក់​នោះ រួម​មាន​ទាំង​លោក Dinh La Thang អាយុ​៥៧​ឆ្នាំ ជា​អតីត​ប្រធាន​ក្រុមហ៊ុន​ប្រេង​យ៉ាង​ធំ​របស់​រដ្ឋ​ឈ្មោះ Petro Vietnam ហើយ​ក៏​ជា​សមាជិក​គណបក្ស​កុ​ម្មុ​យ​នី​ស​ដែល​មាន​ឥទ្ធិពល និងម្នាក់​ទៀត​លោក Trinh Xuan Thanh អាយុ​៥១​ឆ្នាំ ជា​អ្នកនយោបាយ​ជាន់ខ្ពស់ ហើយ​ក៏​ជា​អ្នកជំនួញ​ល្បីឈ្មោះ​មួយ​រូប​។

លោក Dinh La Thang រង​ការ​ចោទ​ថា បាន​ធ្វើ​សកម្មភាព​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ដោយសារ​យកឈ្មោះ​របស់​លោក​ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ប្រេង ចុះហត្ថលេខា​ក្នុង​ការ​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​កសាង​អគារ​ដោយ​មិន​ដេញថ្លៃ​ត្រឹមត្រូវ​។

លោក Thang ស្ថិត​នៅ​ក្នុង​ការ​ចោទប្រកាន់​ទៀត​ថា បាន​ប្រើប្រាស់​លុយ​ក្នុង​គម្រោង​មិន​បាន​ត្រឹមត្រូវ​ក្នុង​ចំ ណោ​ម​៦៧​លាន​ដុល្លារ គឺ​ខ្ចះ​ខ្ចាយ​បណ្តាល​ឲ្យ​បាត់​អស់​៥,៥​លាន​ដុល្លារ​។

ចំណែក លោក Trinh Xuan Thanh ពាក់ព័ន្ធ​នឹង​ការ​បន្លំ​យក​ប្រាក់​នៅ​ក្នុង​តំណែង​ចំនួន​១៨៦,០០០​ដុល្លារ ។ ករណី​នេះ លោក Thanh អាច​នឹង​ត្រូវ​កាត់ទោស​ប្រកាស​ជីវិត​​ ។

នៅ​វៀតណាម​នេះ​ជា​ករណី​ដំបូង​ហើយ​ដែល​តុលាការ​កាត់ទោស​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណបក្ស​កុម្មុយនីស្ត ហើយ​មន្ត្រី​រូប​នេះ​ប្រឈម​ជាប់​ពន្ធនាគារ​២០​ឆ្នាំ ​៕

Comments

comments