រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​មាន​សភាព​​ស្រវឹង​ទោរ​ទន់ បាន​បើករថយន្ត​ស៊េរ​​ទំនើប​ម៉ាកឡង់​គ្រី​ស្ស័រ ដែល មាន​​ស្លាក​លេខ​ខេមរភូមិន្ទ ជ្រុលចង្កូតរេ​​​ទៅ​បុក​​ក្បាល​នាគ​​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​​រថយន្តកល់​ជាប់​លើ​ទ្រូង​ផ្លូវ តែ​សំណាងល្អ​ដែរ មនុស្សមិន​​គ្រោះថ្នាក់​ដល់​ជីវិត ​​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងកាលពី​​វេលា​ម៉ោង០​៩ ​និង​៣០​នាទី​យប់ថ្ងៃ​ទី០​៩ ​មករា ​២០១៨ នៅលើស្ពានអាកាសស្ទឹងមានជ័យ ទល់​មុខ​វត្តស្ទឹង​​មាន​ជ័យ ស្ថិតលើផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

តាម​ប្រភព​​ពី​កន្លែង​កើត​​ហេតុឱ្យដឹង​ថា ​គេ​បានឃើញបុរស​ម្នាក់ មានអាយុ​ប្រហែល​​៥០​ឆ្នាំ មិនដឹង​ថា​ចេញពី​ផឹកស៊ី​វិញ​​នៅ​ម្តុំ​ណា​នោះ​ទេ ​បាន​បើករថយន្ត​បង្ក​ម៉ាក​ឡង់​គ្រី​ស្ស័រ ពណ៌.​ស ពាក់ស្លាកលេខខេមរភូមិន្ទ 2.8105បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ២១៧ ក្នុង​ទិស​ដៅពី​លិចទៅ​កើត​​ល្បឿន​លឿន ព្រមទាំង​ស្រវឹង​ផង​នោះ ខ​ណៈ​មក​ដល់​ចំណុច​​កើតហេតុ បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នៅ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​រថយន្ត​កល​ជាប់​​លើ​ទ្រូងផ្លូវរង​ការ​ខូច​ខាត ស្រុញ​ខ្ទេច​ផ្នែក​ខាង​មុខ និង​ផ្ទុះ​ពោង​សុ​វត្តិភាព​​ទាំង​២ តែ​សំណាងល្អ​ មិន​មាន​គ្រោះថ្នាក់​ដល់ជីវិត​អ្នកបើក​បរ និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវឡើយ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចទាំងយប់តែម្ដង ។

ប្រ​ភ​ដដែល​​បន្ត​​ថា បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​ហើយ អ្នកបើកបរ​រថយន្តបំរុង​បើករថយន្ត​របស់​គាត់ ថយក្រោយ​ចុះ​ពីលើ​ទ្រូងផ្លូវ​វិញ តែ​ដោយសាររថយន្ត​កលជាប់​មិន​អាច​បើកថយ​កើត អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត រួច​ហើយ​បាន​យក​សម្ភារ​ផ្ទាល់ខ្លួន​ចេញពីក្នុងរថយន្ត​ ។ ក្រោយ​ពេល​កើតហេតុ ទើបគេដឹងថា ជនបង្កនោះជាមន្ត្រីយោធា មានឋាន្តរស័ក្តិផ្កាយ១ ។

បន្ទាប់ពីធ្វើការត្រួតពិនិត្យ និងវាស់វែង កម្លាំងសមត្ថកិច្ចបានឆែកឆេរ ឃើញមានកំប៉ុងស្រាបៀរមួយចំនួន រាយប៉ាយនៅក្នុងរថយន្ត ហើយសមត្ថកិច្ចបាន​មក​ស្ទូច​យក​រថយន្តទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ និងបាននាំខ្លួនជនបង្កទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយបន្តតាមនីតិវិធី៕