រូបភាព​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​១​សន្លឹក​ដែល​គេ​ចែកចាយ​បន្ត​គ្នា​ពី​មួយ​ទៅ​មួយ បាន​ធ្វើ​ឲ្យ​អ្នក​ឃើញ​រូបភាព​នេះ​មួយ​ចំនួន​ភ្ញាក់ផ្អើល ខ្លះ​ក៍​ហួសចិត្ត និង​ខ្លះ​ពេញចិត្ត​សរសើរ​ភាព​ឆ្លាត​វៃ​របស់​ប៉ូលិស​ចរាចរណ៍​ដែល​ដាក់​តុ​អង្គុយ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​កន្លែង​តូប​លក់​មួក​សុវត្ថិភាព ។

យ៉ាងណា​ក៍ដោយ មិន​មាន​ប្រភព​ជាក់លាក់​ច្បាស់លាស់​ណាមួយ​បញ្ជាក់​ថា រូបភាព​នោះ​ថត​នៅ​ពេល​ណា​និង​នៅ​ទីកន្លែង​ណា​នោះ​ទេ ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨​នេះ «​អង្រុត​» មិន​អាច​រក​កាស​រុំ​អត្ថាធិប្បាយ​បាន​ទេពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ឋ ។

សូម​បញ្ជាក់​ថា ពេល​នេះ ប៉ូលិស​ចរាចរណ៍​និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​ពាក់​ព័​ន្ឋ រាប់​ទាំង​មន្ត្រី​អាជ្ញាធរ​ដែនដី បាន​និង​កំពុង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​យ៉ាង​តឹង​រឹង​តាម​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ស្រែក​ឲ្យ​មានការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ រាប់​ទាំង​ការ​ព្រមាន​ដក​ចៅហ្វាយ​ខណ្ឌដូនពេញ លោក សុខ ពេញ​វុ​ធ បន្ទាប់​ពី​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ឃើញ​ពលរដ្ឋ​ខ្លះ​បាន​ជិះ​ម៉ូតូ ឬ​រថយន្ត​បញ្ច្រាសទិស​ចរាចរណ៍​នៅ​មុខ​ភូមិ​គ្រឹះ​របស់​លោក​ក្បែរ​វិមាន​ឯករាជ្យ​នោះ​រួច​មក ។

ដោយឡែក ក្រោយ​បទបញ្ជា​របស់​លោក ហ៊ុន សែន ប្រភព​ខ្លះ​ថា មានការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ពិនិត្យ​ការ​ពាក់​មួ​ួ​ក​សុវត្ថិភាព ខ្សែ​ក្រ​វ៉ា​ត់ ឬ​កញ្ចក់​ម៉ូតូ​ជា​ដើមរ​ហូត​ដល់ខ្លោងទ្វារ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​នោះ​ថែម​ទៀត ធ្វើ​ឲ្យ​មន្ត្រីរាជការ​មួយ​ចំនួន​មិន​ពេញចិត្ត​នឹង​សកម្មភាព​អនុវត្តន៍​ច្បាប់​ចរាចរណ៍​បែប​នេះ​ឡើយ ៕

Comments

comments