គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​លំដាប់ថ្នាក់​អន្តរជាតិ​លំដាប់ 4F មាន​តម្លៃ​ទុន​វិនិយោគ​សរុប​១៥០០​លាន​ដុល្លារ នឹង​សាងសង់​លើ​ផ្ទៃដី​២៦០០​ហិ​កតា ស្ថិត​នៅ​ក្រុង​តា​ខ្មៅ ស្រុក​កណ្តាល ខេត្តកណ្តាល ។

នេះ​បើ​យោង​តាម​លិខិត​របស់​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើ​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ី​វិល ចុះ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៧​។

បើ​តាម​លិខិត​ដែល​ត្រូវ​បាន​បែកធ្លាយ​នៅ​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​នៅ​ថ្ងៃ​សុក្រ ១១​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុន «​ខេ​ម​បូ​ឌា អ៊ែ​រ​ផត អ៉ិ​ន​វេស​មិន ខូ អិ​ល ធី ឌី ( Cambodia Airport Investment Co,ltd » ជា​ក្រុមហ៊ុន​ភាព​ជា​ដៃគូ​វិនិយោគ​រវាង​វិស័យ​សាធារណៈ​និង​ឯកជន (PPP) ។

ការ​បែកធ្លាយ​លិខិត​នេះ គឺ​កើតឡើង​មួ​ួ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុមហ៊ុន «​ខេ​ម​បូ​ឌា អ៊ែ​រ​ផត អ៉ិ​ន​វេស​មិន ខូ អិ​ល ធី ឌី ( Cambodia Airport Investment Co,ltd » ដែល​គេ​ស្គាល់​ថា​ជា​របស់​ក្រុមហ៊ុន​ចិន បាន​ចុះហត្ថលេខា​ជាមួយ​លោក​ឧកញ៉ា ពុង ខៀវ​សែ ប្រធាន​ក្រុមហ៊ុន OCIC ដែល​វិនិយោគ​កោះ​ពេជ្រ​និង​តំបន់​ជ្រោយចង្វារ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​ចិន កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨ ។

ទុន​វិនិយោគ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ដែល​សរុប​១៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ គឺ​បាន​មក​ពី​កម្ចី​ធនាគារ​បរទេស​ចំនួន​១១០០​លាន​ដុល្លារ ក្រុម OCIC របស់​ឧកញ៉ា ពុង ខៀវ​សែ ២៨០​លាន​ដុល្លារ និង​ដើមទុន​ចុះបញ្ជី ១២០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ក្រុមហ៊ុន OCIC មាន​៩០% និង​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ី​វិល​តំណាង​រាជរដ្ឋាភិបាល​ទទួល​១០% ។

កន្លង​មក​មន្ត្រីជាន់ខ្ពស់​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​គ្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​មួយ ដែល​អាច​នឹង​មាន​ចម្ងាយ​៥០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ បន្ទាប់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មិន​អាច​ពង្រីក​សមត្ថភាព​របស់​ខ្លួន​បាន​ថែម​ទៀត​នោះ​។

លោក ស៊ី​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ អាកាសចរណ៍​ស៉ី​វិល ធ្លាប់​បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា ដោយសារ​តែ​កំណើន​នៃ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស បាន​បន្ត​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០២៥ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មិន​អាច​ពង្រីក​សមត្ថភាព​របស់​ខ្លួន​ទៀត​បាន ជាមួយ​កត្តា​ចង្អៀត​នៃ​ការ​ស្ទះចរាចរណ៍ ក៏​ដែល​បាន​រាំងស្ទះ​ដល់​វិស័យ​អាកាសចរណ៍​ផង​ដែរ​នោះ ទើប​រាជរដ្ឋាភិបាល​កម្ពុជា មាន​ទស្សនវិស័យ​ថា​នឹង​សាងសង់ នូវ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយទៀត ប៉ុន្តែ​ពេល​នោះ​អ្នកនាំពាក្យ​រូប​នេះ មិន​បាន​បញ្ជាក់​ពី​ទីតាំង និង​ក្រុមហ៊ុន​ដែល​នឹង​ត្រូវ​ទទួល​បាន​សិទ្ធិ​សាងសង់ ព្រ​លាន​យន្តហោះ​ថ្មី​នេះ​នៅឡើយ​ទេ ដោយ​លោក​លើក​ឡើង​ថា វា​ស្ថិត​នៅ​ក្នុង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។

លោក​ស៊ី​ន ចាន់​សិរី​វុ​ត្ថា​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា រាជរដ្ឋាភិបាល​កម្ពុជា ចង់​សាងសង់​អាកាសយានដ្ឋាន​ថ្មី ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​បារាំង ទទួល​បាន​សិទ្ធិ​វិនិយោគ លើ​ព្រ​លាន​យន្តហោះ​នៅ​កម្ពុជា​បច្ចុប្បន្ន បាន​ជួល​អ្នក​ជំនាញការ​មក​ពី​បារាំង ដើម្បី​ឲ្យ​សិក្សា​លើ​គម្រោងការ​សាងសង់ ថា​គួរ​ធ្វើ​នៅ​ម្តុំ​ណា0x017d7 ដើម្បី​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម​តិច​បំផុត ហើយ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​នោះ​។

បច្ចុប្បន្ន​កម្ពុជា​មាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ចំនួន​៣ គឺ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប និង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​។

ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​លឺ ខឺ ឈាង នាយក​រដ្ឋមន្ត្រី​ចិន នៅ​រាជធានី ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​១០ ដល់ ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨ នោះ ក៏​មានការ​រៀបចំ​ពិធី​ចុះហត្ថលេខា​ក្នុង​ការ​សម្រេច​យក​ប្លង់​ស្ថាបត្យកម្ម​ណាមួយ​នៃ​ប្លង់​ស្ថាបត្យកម្ម ស្ថាបនា​ព្រ​លាន​យន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប​នោះ ជាមួយ លោក​ហ៊ុន សែន ផង​ដែរ ។

ព្រ​លាន​យន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប​នេះ គ្រោង​ស្ថាបនា​នៅ​លើ​ផ្ទៃដី​ជាង ៧០០ ហិ​កតា ដោយ បោះទុន​វិនិយោគ​លើ​ទឹកប្រាក់ ៨៨០ លាន​ដុល្លារ​អា​មេ​រិ​ក ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន YUNAN Development Group ដែល​ជា​ក្រុមហ៊ុន​ដ៍​ធំ​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ។

ការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នោះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​ការ​ស្ថាបនា​ព្រ​លាន​នេះ​ក្នុង​បំណង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា កម្ពុជា​បន្ថែម​ទៀត ពិសេស​ជា​ការ​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ​មក​ចុះ​ចត​នៅ​កម្ពុជា ដោយសារ​សមត្ថ ភាព​ព្រ​លាន​យន្តហោះ​ថ្មី​នេះ អាច​អនុញ្ញាត​ឲ្យ​យន្តហោះ​ខ្នាត​ធំ​ចុះ​ចត​បាន ។

ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​តាម​ផ្លូវអាកាស មាន​ចំនួន​១,១៣៣,៩៤០​នាក់ នៅ​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៧៕

 

Comments

comments