មនុស្ស​៦​នាក់​រង​របួសធ្ងន់​ស្រាល​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់​របួស​បាក់ជើង ដោយសារ​បុរស​វ័យ​កណ្ដាល​ម្នាក់​សង្ស័យ​ស្រវឹង បើករថយន្ត​ឡិច​ស៊ី​ស​៥៧០ យ៉ាង​លឿន​បុក​រះ​ម៉ូតូ​៦​គ្រឿង ហើយ​បាន​បួង​ចង្កូត​បុក​រថយន្ត​៣​គ្រឿង​ទៀត​រួច​ទៅ​បុក​របង​ធនាគារ​មេគង្គ​។

ហេតុការណ៍​ខាងលើ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨​នេះ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ទល់មុខ​ធនាគារ​មេគង្គ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​វ័យ​កណ្ដាល​ម្នាក់ សង្ស័យ​ស្រវឹងស្រា ជោកជាំ បាន​បើករថយន្ត​ឡិច​ស៊ី​ស ៥៧០ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2O-9168 យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ម៉ាក Camary ហា​យ​ប្រី​ត ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-2728 ហើយ​ក៏​រេ​ចង្កូត​បុក​ម៉ូតូ Dream សង់​៣​គ្រឿង និង​ម៉ូតូ​ធំ ម៉ាក FZ ពណ៌​ខ្មៅ ស្លាក​លេខ​កំពង់ 1O-1516 គាប​ជាប់​ក្រោម​រថយន្ត​រង​របួសស្រាល និង​បុក កិន​អូស​ម៉ូតូ Zoomer-X ពណ៌​បែ​តង​លាយ​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1GL-8133 រួច​បួង​ចង្កូត​បុក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំ​ព​ញ 2AK-5398 និង​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​រង​ការ​ខូចខាត រួច​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ទៅ​បុក​ទម្លុះ​របង​ដែក បែក​ចូល​ដល់​មុខ​ធនាគារ​មេគង្គ​ទៀត បណ្ដាល​ឲ្យ​មនុស្ស​៦​នាក់ រង​របួសធ្ងន់​ស្រាល ភ្លាម​ៗ​នោះ​ម្ចាស់​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ពី​កន្លែង​កើតហេតុ បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយមក សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ចុះ​មក​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ស្ទូច​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ក្រោយ​៕