ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន China Construction Development Corporation (CCDC) កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ក្នុង​ការ​ចូល​មក​វិនិយោគ​លើ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា ដើម្បី​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ផ្តល់​លំនៅ​ឋាន​សម្រាប់​ប្រជាជន​ខ្មែរ​។

ក្នុង​ជំនួប​ជាមួយ​លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​អង្គារ លោក Gu Shan និង​គណៈប្រតិភូ​ជា​ច្រើន​រូប​ទៀត បាន​បង្ហាញ​ពី​បំណង​ក្នុង​ការ​វិនិយោគ​លើ​ប្រភេទ​លំនៅ​ឋាន​មាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា ដោយ​លោក​បាន​អះអាង​ថា ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​។

លោក​បាន​ប្រាប់​ទៀត​ថា ក្រុមហ៊ុន​របស់​លោក​មាន​ឯកទេស​វិនិយោគ​លើ​វិស័យ​សំណង់​ព្រ​លាន​យន្តហោះ សំណង់​អគារ​ខ្ពស់​ៗ និង​ផ្សារ​ទំនើប ជា​ពិសេស​ការ​សាងសង់​លំនៅ​ឋាន​មាន​តម្លៃ​សមរម្យ​ជូន​ប្រជាជន​ដែល​មាន​ចំណូល​ទាប និង​មធ្យម​។

លោក Gu Shan បាន​បន្ថែម​ថា ក្រុមហ៊ុន​លោក​ក៏​មាន​បំណង​សិក្សា​ស្វែង​យល់​ពី​កាលានុវត្តភាព​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា ព្រមទាំង​គោលនយោបាយ និង​ឯកសារ​គតិយុត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​នៅ​កម្ពុជា​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​ស្នើ​សុំ​ស្វែងរក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​លំនៅ​ឋាន​មាន​តម្លៃ​សមរម្យ ដើម្បី​សុំ​កិច្ច​សហប្រតិបត្តិការ​ធ្វើការ​វិនិយោគ និង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ ជាមួយ​ក្រុមហ៊ុន CCDC ផង​ដែរ​។

លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ដែល​មាន​ឆន្ទៈ​ចង់​វិនិយោគ​លើ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា ដើម្បី​ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។ លោក​ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​នេះ​បើក​ការិយាល័យ​របស់​ខ្លួន​ផ្ទាល់​នៅ​កម្ពុជា ដើម្បី​ធ្វើការ​គ្រប់គ្រង និង​អនុវត្ត​ផ្ទាល់​ស្រប​ទៅ​តាម​ច្បាប់​នៅ​កម្ពុជា​។

ចិន ជា​ប្រទេស​ដែល​បាន​មក​វិនិយោគ លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ច្រើន​ជាងគេ​កាលពី​ឆ្នាំ​២០១៧ ដោយ​មាន​ចំនួន​១២៨​គម្រោង ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​ក្នុង​ចំណោម​ទុន​វិនិយោគ​លើ​វិស័យ​សំណង់​សរុប​ចំនួន​ជាង​៦,៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​ថា ទីផ្សារ​លំនៅ​ឋាន​សម្រាប់​ប្រជាជន​មាន​ប្រាក់​ចំណូល​ទាប​កំពុង​ទទួល​បាន​ជោគជ័យ ដោយសារ​ទីផ្សារ​លំនៅ​ឋាន​តម្លៃ​ខ្ពស់ ហាក់​មានការ​ពិបាក​លក់ ព្រោះ​អ្នកមាន​ប្រាក់​បាន​ទិញ​ផ្ទះ​អស់ហើយ ហេតុនេះ​ទីផ្សារ​នា​ពេល​នេះ​បាន​ងាក​ទៅ​កាន់​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​បញ្ជាក់​ថា ៖ “​ទីផ្សារ​លំនៅ​ឋាន​តម្លៃ​ចាប់ពី​២ ទៅ​៣​ម៉ឺន​ដុល្លារ​កំពុង​លក់ដាច់​ខ្លាំង ហើយ​នេះ​ជា​និន្នាការ​ទីផ្សារ ដែល​អ្នក​វិនិយោគ​នានា​កំពុង​ចាប់អារម្មណ៍​ខ្លាំង​”៕

ប្រភព P POST

Comments

comments