សារព្រមានមួយបានបញ្ជូនឲ្យដល់អ្នកស្រុករស់នៅលើដែនកោះហាវ៉ៃ សហរដ្ឋអាមេរិក បានបង្ហាញអោយមានការប្រុងប្រយ័ត្នអំពីមីស៊ីលផ្លោង ធ្វើអោយម្នាក់ៗ ស្ថិតក្នុងភាពភិតភ័យ អស់រយៈពេលប្រហែល៣០នាទី នៅថ្ងៃសៅរ៍នេះ រហូតដល់អាជ្ញាធរកោះហាវ៉ៃ ចេញមកប្រកាសថា សារនោះមន្ត្រីប្រកាសអាសន្នម្នាក់បញ្ជូនច្រឡំទេ ។
សារចូលទៅរដ្ឋហាវ៉ៃ ព្រមានថា «ប្រកាសអាសន្ន! មីស៊ីលឆ្លងទ្វីប នឹងផ្លោងចូលកោះហាវ៉ៃ ។ ស្វែងរកទីជម្រកបន្ទាន់! នេះមិនមែនជាការហ្វឹកហាត់ទេ» ។
បើតាមសាក្សីឃើញហេតុការណ៍ និយាយថា ពេលទទួលបានសារភ្លាម ប្រជាជននៅភាគខាងលិចកោះហាវ៉ៃ បានរត់ចេញពីអគារទៅរកជំរំ នៅលេនដ្ឋាន និងបន្ទប់ក្រោមដី និងខ្លះទៀតទៅរកកន្លែងចតរថយន្ត គេឮសូរសំឡេងក្មេងៗយំ ។
មនុស្សជាច្រើននៅក្នុងលេនដ្ឋាននិងផ្លូវរូងក្នុងដីលាក់ខ្លួនមិនហ៊ានចេញទៅខាងក្រៅវិញទេ រហូតដល់ពួកគេ ទទួលបានការបញ្ជាក់ពីអាជ្ញាធរថា អ្វីៗទាំងអស់មានសុវត្ថិភាព ។
អ្នកស្រី Ashly Trask អាយុ៣៩ឆ្នាំ រស់នៅកោះ Kauai បាននិយាយថា «មនុស្សគ្រប់គ្នារត់រកកន្លែងលាក់ខ្លួន ព្រោះគិតថា វាពិតប្រាកដណាស់» ។
អ្នកស្រី បន្តថា «វាពិតជាភ័យស្លន់ស្លោមែន អ្នករាល់គ្នាដឹងថា មានពេលប្រហែល១៥នាទីប៉ុណ្ណោះ រហូតមីស៊ីលផ្លោងមកដល់ ហើយគ្មាននរណាម្នាក់ដឹងថា មីស៊ីលនុយក្លេអ៊ែរផ្ទុះចំទីណានោះទេ ។
ប្រហែលជា៣០នាទីក្រោយមក ទើបអាជ្ញាធរកោះហាវ៉ៃ ថ្លែងថា ការជូនដំណឹងនេះ គឺជាកំហុសមួយ ។ ភ្លាមនោះ អភិបាលរដ្ឋហាវ៉ៃ បានធ្វើការសុំទោសចំពោះពលរដ្ឋហាវ៉ៃ ដោយលោកបាននិយាយថា បុគ្គលិកម្នាក់ បានចុចប៉ូតុងច្រឡំ ផ្ញើសារចូលទៅអ្នកប្រើប្រាស់ទូរស័ព្ទដៃចល័ត នៅលើកោះហាវ៉ៃ ។
ជុំវិញរឿងនេះ សហរដ្ឋអាមេរិក បានប្រកាសថា នឹងបើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់បំផុត ។
ដោយសារតែសក្តានុពលមីស៊ីលរបស់កូរ៉េខាងជើង ដែលអាចបាញ់ទៅដល់ទឹកដីខ្លះរបស់សហរដ្ឋអាមេរិក ពិសេសកោះហាវ៉ៃ នៅជិតជាងរដ្ឋដទៃ ទើបអាជ្ញាធរបំពាក់ប្រព័ន្ធប្រុងប្រយ័ត្នមួយ សម្រាប់ប្រកាសអាសន្ន ដល់អ្នករស់នៅក្នុងកោះហាវ៉ៃ ។
កន្លងទៅ កាលពីខែអំឡុងធ្នូ ២០១៧ ដែនដីកោះមួយនេះ ធ្លាប់បានសាកល្បង បន្លឺសំឡេងប្រកាសអាសន្ន ឲ្យបានដឹងមុន ពីការបាញ់មីស៊ីលនុយក្លេអ៊ែរផ្សេងៗ ម្តងរួចមកហើយ ៕