ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល លោក លី សូ​វ៉ា​ន់ បាន​ប្រកាស​នៅ​លើ​គេហទំព័រ​ថា ថ្មី​ៗ​នេះ​មានការ​ផ្ទុះ​ជំងឺផ្ដាសាយបក្សី H5N1 កើត​លើ​សត្វ​បក្សី​ជា​បន្តបន្ទាប់​គឺ​ផ្ទុះ​នៅ​ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ នៃ​ខេត្តកំពង់ចាម ស្រុក​ស្ទោង ខេត្តកំពង់ធំ ហើយ​ចុង​ក្រោយ​ជំងឺ​នេះ​កើតឡើង​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ករណី​ផ្ទុះ​ជំងឺផ្ដាសាយបក្សី​ប្រភេទ អេ​ច្ឆ​.​ហ្វា​យ​.​អិន​.​វ័ន ទាំង​បួន​កន្លែង​នេះ នៅ​ពុំ​ទាន់​រក​ឃើញ​ថា មានការ​ឆ្លង​មក​លើ​មនុស្ស​នៅឡើយ​ទេ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល កំពុង​បន្ត​តាមដាន​ស្ថានភាព​ជំងឺ និង​សុខភាព​ពលរដ្ឋ​យ៉ាង​យកចិត្តទុកដាក់​។

ការ​ប្រកាស​ដដែល​ស្នើ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ការ​ចម្លងជំងឺ​នេះ ជា​ពិសេស​ក្នុង​អំឡុង​ពិធីបុណ្យ​ផ្សេង​ៗ ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ដូច​ជា​ពិធី​បុណ្យចូលឆ្នាំ​របស់​ពលរដ្ឋ​ខ្មែរ​កាត់​ចិន​។ សូមកុំ​យក​មាន់ ទា ឬ​សត្វ​បក្សី​ឈឺ ឬ​ងាប់ មក​រៀបចំ​ជា​អាហារ ឫ​លក់​បន្ត ត្រូវ​អនុវត្ត​អនាម័យ​ក្នុង​ការ​បោចរោម និង​ចម្អិន​ជាប់​ជា​និច្ច ហើយ​រាយការណ៍​ជា​បន្ទាន់​ទៅ​មន្ត្រី​ជំនាញ​។

ចាប់តាំងពី​ឆ្នាំ​២០០៥ ដល់ ២០១៤ ក្នុង​ប្រទេស​កម្ពុជា ធ្លាប់​កើត​មាន​ជំងឺផ្ដាសាយបក្សី​ដែល​បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន ៥៦​ករណី​ដែល​ក្នុង​នោះ ៣៧​ករណី បាន​ស្លាប់​។ ដោយឡែក​គ្រាន់តែ​ឆ្នាំ​២០១៣ មាន​ឆ្លង​លើ​មនុស្ស​ចំនួន ២៦​ករណី ក្នុង​នោះ​មាន ១៤​ករណី​បាន​ស្លាប់ និង​ក្នុង​ឆ្នាំ​២០១៤ មាន ៩​ករណី និង ៤​ករណី​បាន​ស្លាប់​។

បុគ្គល​ដែល​មាន​រោគ​សញ្ញា​គ្រុនក្ដៅ​លើស​ពី ៣៨,៥ អង្សា​សេ និង​មាន​រោគ​សញ្ញា ក្អក ឬ ឈឺ​ក ឬ ដកដង្ហើម ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុង​កំឡុង​ពេល ៧​ថ្ងៃមុន​ចេញ​រោគ​សញ្ញា ចាត់​ទុក​ថា ជា​ករណី​សង្ស័យ ត្រូវ​ប្រញាប់​បញ្ជូន​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ជិត​បំផុត​ដើម្បី​ព្យាបាល ហើយ​ក្រសួង​មាន​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​នេះ​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទូរស័ព្ទ​លេខ ១១៥៕

Comments

comments