ទីផ្សារ​អា​ផាត​មិន​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង​ៗ​ដោយសារ​ការ​ផ្គត់ផ្គង់​បាន​កើន​ឡើងជា​លំដាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អត្រា​ជួល​ជា​ទូទៅ​ក្នុង​វិស័យ​នេះ​ធ្លាក់​ចុះ​មួយ​ចំនួន​។

របាយការណ៍​របស់​ក្រុមហ៊ុន ប៊ុ​ណ្ណា រៀល​ធី គ្រុប ដែល​បង្ហាញ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា ចំនួន​អគារ​អា​ផាត​មិន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ប្រមាណ ២០ ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​កន្លង​ទៅ​។ ទន្ទឹម​នឹង​ចំនួន​នៃ​ការ​កើនឡើង​នេះ​ក៏​បាន​ធ្វើ​ឲ្យ​អត្រា​នៃ​ការ​ជួល​ស្នាក់​នៅ​ក៏​ដូច​ជា​ជួល​សម្រាប់​បើក​ការិយាល័យ​ផ្សេង​ៗ​មានការ​ថយ​ចុះ​ប្រមាណ​៨​ភាគរយ​។

លោក​ឧកញ៉ា នួន រិ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal ដែល​បាន​វិនិយោគ​លើ​វិស័យ​នេះ​ផ្ទាល់​នៅ​តែ​មាន​សុទិដ្ឋិនិយម​ដោយ​លោក​ឧកញ៉ា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការ​ផ្គត់ផ្គង់​អា​ផាត​មិន​មានការ​កើនឡើង​ច្រើន ខណៈ​ដែល​អត្រា​ជួល​បាន​ថមថយ​តិចតួច​តែ​ទោះបីជា​យ៉ាងណា​បញ្ហា​ទាំង​អស់នេះ​មិន​មាន​សញ្ញា​អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ​។

លោក​ឧកញ៉ា នួន រិ​ទ្ធី មាន​ប្រសាសន៍​ថា ៖ “​ខ្ញុំ​នៅ​តែ​មើលឃើញ​សញ្ញា​វិជ្ជមាន​ក្នុង​វិស័យ​នេះ ព្រោះ​ចំនួន​ជន បរទេស​ចូល​មក​កម្ពុជា​នៅ​តែ​បន្ត​កើនឡើង​ពិសេស​ក្រុម​អ្នក​វិនិយោគ​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នក​នាង អាន សុធី​តា បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​ខាងលើ ដោយ​អ្នក​នាង​បាន​និយាយ​ថា អត្រា​ជួល​អា​ផាត​មិន​នៅ​កម្ពុ​ជានា​ពេល​នេះ​មិន​បាន​ធ្លាក់​ចុះ​នោះ​ទេ​។

អ្នក​នាង​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​មាន​ខុន​ដូ មួយ​ចំនួន​ត្រូវ​បាន​គេ​យក​មក​បំប្លែង​សម្រាប់​ដាក់​ជួល​ផង​ដែរ ដោយ​ខុន​ដូ​សម្រាប់​ជួល​ភាគច្រើន​មាន​តម្លៃ​ទាប​ជាង​សេវា​អា​ផាត​មិន គឺ​តម្លៃ​ជួល​ប្រមាណ ១៥ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​សម្រាប់​រយៈពេល ១ ខែ ចំណែក​សេវា​អា​ផាត​មិន មាន​តម្លៃ​ចន្លោះ​ពី ១៨ ទៅ ២៥ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

របាយការណ៍ CBRE Cambodia បាន​រក​ឃើញ​ថា ចំនួន​អា​ផាត​មិន គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៦ មាន​ចំនួន​៦,៥០០​យូ​នី​ត និង​ឆ្នាំ​២០១៧ មាន​ចំនួន​១,២០០​យូ​នី​ត បន្ថែម​ទៀត​ត្រូវ​បាន​ដាក់​ចូល​ទីផ្សារ​។

អ្នក​នាង សុធី​តា បន្ត​ថា ៖ “​នៅ​ឆ្នាំ​នេះ​សេវា​អា​ផាត​មិន អាច​នឹង​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​លើ​តម្លៃ គុណភាព សេវាកម្ម និង​ការ​គ្រប់គ្រង​”​។

នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century21 Cambodia អ្នក​នាង Grace Rachny Fong បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា សេវា​អា​ផាត​មិន នៅ​តែ​មាន​អត្រា​ជួល​ខ្ពស់ ប៉ុន្តែ​សម្រាប់​អា​ផាត​មិន ដែល​ស្ថិត​នៅ​តំបន់​ឆ្ងាយ​ៗ និង​មាន​សេវាកម្ម​មិនសូវ​ល្អ មិន​មាន​បំពាក់​សម្ភារ​ទំនើប​ៗ និង​តំបន់​ជុំវិញ​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ងាយស្រួល ពិតជា​ពិបាក​រក​អតិថិជន​។ សម្រាប់​អា​ផាត​មិន ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បឹង​កេងកង ១ គឺ​នៅ​តែ​មាន​អតិថិជន​ជួល​ពេញ​ៗ ដោយ​អ្នក​ជួល​ភាគច្រើន​ជា​មន្ត្រី​អង្គទូត នាយក​ក្រុមហ៊ុន​ធំ​ៗ និង​អ្នកបម្រើ​ការងារ​អង្គការ​អន្តរជាតិ​។

អា​ផាត​មិន នៅ​តំបន់​បឹង​កេងកង​១​ភាគច្រើន​ជា​អា​ផាត​មិន កម្រិត A និង A Plus​។ ចំណែក​អ្នក​ជួល​អា​ផាត​មិន នៅ​តំបន់​ទួល​ទំពូង ភាគច្រើន​ជានា​យក​ក្រុមហ៊ុន និង​ជា​គ្រូបង្រៀន​នៅ​សាលា​អន្តរជាតិ​ធំ​ៗ ព្រោះ​អា​ផាត​មិន​នៅ​តំបន់​នេះ​ភាគច្រើន​ជា​កម្រិត B និង C​។

អ្នក​នាង​បន្ត​ថា ៖ “​ទោះជា​យ៉ាងណា អា​ផាត​មិន កម្រិត A ពិបាក​រក​អតិថិជន​ជួល​បន្តិច​ដោយសារ​វា​មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​សម្រាប់​អា​ផាត​មិន​កម្រិត A Plus និង B គឺ​នៅ​តែ​មាន​ទីផ្សារ​ល្អ​ដដែល​។

អ្នក​នាង​បន្ត​ថា ៖ “​អ្នក​ទាំងនោះ​ភាគច្រើន​ពួក​គេ​មក​ធ្វើការ​នៅ​ទី​នេះ​ជា​លក្ខណៈ​គ្រួសារ និង​ធ្វើការ​រយៈពេល​វែង​នៅ​កម្ពុជា​”៕

ប្រភព P POST

Comments

comments