ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ស្ថិត​នៅ​តំបន់​ព្រំដែន​រវាង​ខេត្ត​ត្បូងឃ្មុំ​របស់​ប្រទេស​កម្ពុជា និង​ខេត្ត​តៃ​និ​ញ​របស់​ប្រទេស​វៀតណាម ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ហើយ​នៅ​ថ្ងៃនេះ​។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ដែល​ចេញ​ផ្សារ​នៅ​ព្រឹក​ថ្ងៃនេះ​។

ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា និង​បើក​ការដ្ឋាន​សាងសង់​ផ្សារ​គំរូ​ដែល​មានឈ្មោះ​ថា «​ផ្សារ​ដា​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​បង្ហាញ​ជំនឿ​ថា ផ្សារ​គំរូ​ព្រំដែន​នេះ​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន និង​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​-​វៀតណាម​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​៖ «​ការ​បង្កើត​ផ្សារ​គំរូ​នេះ គឺជា​ការ​ចាប់ផ្តើម​ទំព័រ​សករាជ​ថ្មី​មួយទៀត​នៃ​ការ​ពង្រឹង​កិច្ចសហការ និង​សម្រួល​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល និង​ជិត​ប្រជាពលរដ្ឋ ជា​ពិសេស​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ចំនួន ៥ ០០០​លាន​ដុល្លារ តាម​ផែនការមេ​ដែល​បាន​គ្រោងទុក​ក្នុង​ពេល​អនាគត​»​។

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​សង្ឃឹមថា ផ្សារ​នេះ នឹង​បម្រើ​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា និង​សម្រាប់​ដាក់​លក់ទំនិញ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម និង​របាំង​ពាណិជ្ជកម្ម​នានា ដែល​តែងតែ​រាំងស្ទះ​ដល់​ធ្វើ​ចរាចរណ៍​ទំនិញ និង​ផលិតផល​នៅ​តាម​ព្រំដែន​កម្ពុជា និង​វៀតណាម​»​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម វ៉ូ ហ្គុ​ង​មិ​ញ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​គូសបញ្ជាក់​ថា ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ដា​ថ្ងៃនេះ គឺ​ដើម្បី​អបអរ​ខួប​លើក​ទី ៥០ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​វៀតណាម ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​រួមចំណែក​ពង្រឹង​មិត្តភាព​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំង​ពីរ​ថែម​ទៀត​។

លោក​មាន​ប្រសាសន៍​៖ «​ខ្ញុំ​សង្ឃឹមថា ការ​សាង់សង់​ផ្សារ​ដា​នេះ នឹង​នាំ​មក​នូវ​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា និង​វៀតណាម ហើយនឹង​ក្លាយជា​គំរូ​នៃ​ការ​អភិវឌ្ឍ និង​ការ​ពង្រីក​កិច្ចសហការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​អនាគត​ប្រកបដោយ​ជោគជ័យ​»​។

គម្រោង​សាងសង់​ផ្សារ​នេះ ត្រូវ​បាន​អនុម័ត​លើក​ដំបូង កាលពី​ឆ្នាំ ២០១៣ ហើយ​ត្រូវ​បាន​បន្ត​អនុវត្ត​ឡើង​វិញ​នៅ​ឆ្នាំ​២០១៦ នៅ​លើ​ផ្ទែ​ដី​ទំហំ ១៩,៦២៨​ម៉ែត្រការ៉េ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ថា​រី​ត្បូងឃ្មុំ ជាមួយ​ទុន​វិនិយោគ​ប្រមាណ​ជិត ២ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម​។

យោង​តាម​ទំព័រ​ហ្វេ​ក​ប៊ុ​ក​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ក្នុង​កំឡុង ៥ ឆ្នាំ​ចុង​ក្រោយ​នេះ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) មក​កម្ពុជា មាន​ចន្លោះ​ពី ១,៧​ពាន់​លាន​ដុល្លារ ទៅ ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ដោយឡែក ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ គិត​ត្រឹម​រយ​:​ពេល​១១​ខែ នៃ​ឆ្នាំ ២០១៧ ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម ៣ ៤៣៨​លាន​ដុល្លារ កើនឡើង ៣១,៥% ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន​ត្រឹមតែ ២ ៩២៦​លាន​ដុល្លារ​ប៉ុណ្ណោះ​៕

ប្រភព P POST

Comments

comments